អានតួអត្ថបទ
កម្ពុជា

សំណាក​​ឈាម​​អ្នក​ភូមិ​​រកា​រ​ត្រូវ​បាន​​បញ្ជូន​ទៅ​​អាមេរិក ​និង​​កូរ៉េ ​ដើម្បី​​ផ្ទៀងផ្ទាត់​

ក្រោយ​​មាន​ការ​​ខ្វែង​គំនិត​​គ្នា​​ស្តី​ពី​​ករណី​​ផ្ទុះ​​អ្នក​​ផ្ទុក​មេរោគ​អេដស៍​​នៅ​​ខេត្ត​បាត់ដំបង​​ជា​ច្រើន​​រយ​​នាក់​​នោះ ​សំណាក​​ឈាម​​ពលរដ្ឋ​​ក្នុង​ភូមិ​​រការ​​ត្រូវ​បញ្ជូន​​ទៅ​កាន់​​មន្ទីរ​ពិសោធន៍​​របស់​​អា​មេ​រិ​ក​ និង​​កូរ៉េខាងត្បូង ​កាល​ពី​​ថ្ងៃ​ទី​២៤​ធ្នូ​​ក្នុង​​សប្តាហ៍​​នេះ ​។ ​ការ​បញ្ជូន​​នេះ​​គឺ​​ដើម្បី​​ផ្ទៀងផ្ទាត់​​​បញ្ជាក់​បន្ថែម​​បន្ទាប់​ពី​​មន្ទី​ពេទ្យ​​ក្នុង​ស្រុក​​បញ្ជាក់​ថា​​ មាន​​មេរោគ​អេដស៍​​រួច​មក​។​

រូបភាព​របស់​អាជ្ញាធរ​ជាតិ​ប្រឆាំង​មេរោគអេដស៍​បង្ហាញ​លោក​ស ខេង​ចុះ​សួរសុខទុក្ខ​ប្រជាជន​ដែល​រកឃើញថា មាន​ឆ្លងមេរោគអេដស៍​នៅ​ឃុំ​រកា ខេត្ត​បាត់ដំបង
រូបភាព​របស់​អាជ្ញាធរ​ជាតិ​ប្រឆាំង​មេរោគអេដស៍​បង្ហាញ​លោក​ស ខេង​ចុះ​សួរសុខទុក្ខ​ប្រជាជន​ដែល​រកឃើញថា មាន​ឆ្លងមេរោគអេដស៍​នៅ​ឃុំ​រកា ខេត្ត​បាត់ដំបង ©AAC
ផ្សាយពាណិជ្ជកម្ម

សំណាក​ឈាម​របស់​ពលរដ្ឋ​នៅ​ភូមិ​រកា​រដែល​ត្រូវ​មន្ទី​ពេទ្យ​ក្នុងស្រុក​បញ្ជាក់ថា មាន​ផ្ទុកមេរោគ​អេដស៍​នោះ ឥឡូវនេះ​កំពុង​ត្រូវបាន​ពិនិត្យ​ដោយ​មន្ទី​ពិសោធន៍​អា​ត្លង់តា របស់​អាមេរិក និង​មន្ទីរ​ពិសោធន៍​របស់​កូរ៉េខាងត្បូង។ នេះ​បើតាម​ការបញ្ជាក់​ពី​លោក ​មាន​ ឈី​វុ​ន ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​មេរោគ​អេដស៍ ជំងឺអេដស៍ សើ​ស្បែក និង​ជំងឺ​កាមរោគ ដែល​បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃ​សុក្រ​ទី២៦ធ្នូនេះ។ លោក​បាន​បន្តថា សំណាក​ឈាម​គំរូ​នេះ​ត្រូវបាន​បញ្ជូន​ទៅកាន់​ប្រទេស​ទាំងពីរ​នោះ តាំងពី​ថ្ងៃ​​ពុធ ​ទី២៤ធ្នូ​មក​ម្ល៉េះ។

 
អាជ្ញាធរ​សុខាភិបាល​នៅ​មិនទាន់​អាចសន្និដ្ឋាន​ពី​ករណី​ផ្ទុះ​មេរោគ​អេដស៍​បាន​នៅឡើយ​នៅពេលនេះ ប៉ុន្តែ​លោក មាន ​ឈី​វុន បាន​លើកឡើងថា អាជ្ញាធរ​កំពុង​រង់ចាំ​សំណាក​ឈាម​ពី​មន្ទី​ពិសោធន៍​បរទេស​ទាំងពី​រ និង​លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ​ពី​ករណី​នៅតាម​មូលដ្ឋាន​ដែល​អាជ្ញាធរ​សុខាភិបាល​ទើបបាន​បិទ​បញ្ចប់​ការសិក្សា​របស់ខ្លួន។

សូម​រំលឹកថា ប្រជាពលរដ្ឋ​ច្រើនជាង១០០នាក់​នៅក្នុង​ភូមិ​រការ ខេត្ត​បាត់ដំបង ត្រូវបាន​មន្ទី​ពេទ្យ​ក្នុងស្រុក​វិនិច្ឆ័យ​ថា​មាន​ផ្ទុកមេរោគ​អេដស៍។ ហើយទាក់ទង​នឹង​​ករណី​ឆ្លង​មេរោគ​អេដស៍​នេះ តុលាការ​ខេត្ត​បាន​បានសម្រេច​ចោទប្រកាន់​គ្រូពេទ្យ​មាន​ប្រជាប្រិយភាព​ក្នុងភូមិ គឺ​លោក យ៉ែម ជ្រិ​ម ក្រោម​បទ​ចោទចំនួន​បី គឺ អំពើ​ឃាតកម្ម​ដោយ​ឃោរឃៅ ចេតនា​ចម្លង​ជំងឺអេដស៍  និង​បើក​កន្លែង​ពិគ្រោះ​ជំងឺ​ដោយ​គ្មាន​ការអនុញ្ញាត​ពី​ក្រសួងសុខាភិបាល។

ទន្ទឹមនឹង​ការផ្ទុះ​មេរោគ​អេដស៍​ដែល​ប្រជាពលរដ្ឋ​ចោទ​លោកគ្រូ​ពេទ្យ​ដែលមាន​ប្រជាប្រិយភាព​នោះ លោក ជេ​ត វ​ណ្ណី ស្នងការរង​នគរបាល​ខេត្តបាត់ដំបង បាន​បញ្ជាក់ថា មិនមាន​ករណី​ប្តឹងផ្តល់របស់​ប្រជាពលរដ្ឋ​ដើម្បី​​ ទាមទារជំងឺចិត្ត​ពី​​លោកគ្រូ​ពេទ្យ​នោះទេ។ រហូតមកដល់​ពេលនេះ មាន​ប្រជាពលរដ្ឋ​ប្រមាណ​ជាង១ពាន់៦នាក់​ហើយ​មកពី​ភូមិ​ចំនួន៤ ក្នុង​ឃុំ​រកា​រ ​បានមក​ពិនិត្យ​ឈាម​រក​មេរោគ​អេដស៍​ជា​បន្តបន្ទាប់។

លោក​មាន​ ឈី​វុន ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​មេរោគ​អេដស៍ ជំងឺអេដស៍ សើ​ស្បែក និង​ជំងឺ​កាមរោគ បាន​លើក​ថា ​ការបញ្ជូន​ទៅកាន់​មន្ទីរពិសោធន៍​នៅ​អាមេរិក និង​កូរ៉េខាងត្បូង​នេះ គឺ​ដើម្បី​បញ្ជាក់​ឱ្យ​កាន់តែច្បាស់​ដើម្បី​ជៀសវាង​ការវាយតម្លៃ​ខុស។ យ៉ាងណាក៏ដោយ អ្នកជំនាញ​សុខាភិបាល​បាន​បញ្ជាក់ថា ការពិនិត្យ​ឈាម​រក​មេរោគ​អេដស៍​នៅ​បរទេស និង​កម្ពុជា​ គឺ​ដូចគ្នា​តែប៉ុណ្ណោះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ