អានតួអត្ថបទ
កម្ពុជា

តុលាការ​ក្រុង​​ភ្នំពេញ ​នឹង​​បើកសវនាការ​​សកម្មជន​​បក្ស​ប្រឆាំង​​ឡើង​វិញ​​នៅ​​ថ្ងៃទី​២៣ ខែ​​នេះ​

តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ គ្រោង​នឹង​បើកសវនាការ​លើ​សំណុំរឿង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង១១រូប​ឡើងវិញ នៅ​ថ្ងៃទី២៣ កុម្ភៈ​ខាងមុខនេះ បន្ទាប់ពី​ផ្អាក​ទាំង​កណ្តាល​ទី​ម្តង​រួចមកហើយ​កាលពី​ថ្ងៃទី៨ មករា កន្លងទៅ។ នេះ​បើតាម​លោក​សំ សុ​គង់ មេធាវី​មួយរូប​ក្នុងចំណោម​សហ​មេធាវី​ការពារ​ក្តី​ឲ្យ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បាន​ថ្លែងប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​រសៀល​នេះ។

លោកមាជ សុវណ្ណារ៉ា ​​សកម្មជន​គណបក្ស​សង្រ្គោះជាតិ​ដែល​នឹង​ត្រូវ​តុលាការ​បើក​សវនាការ​ឡើង​វិ​ញ​នៅ​ថ្ងៃ​ទី២៣​ កុម្ភៈ​
លោកមាជ សុវណ្ណារ៉ា ​​សកម្មជន​គណបក្ស​សង្រ្គោះជាតិ​ដែល​នឹង​ត្រូវ​តុលាការ​បើក​សវនាការ​ឡើង​វិ​ញ​នៅ​ថ្ងៃ​ទី២៣​ កុម្ភៈ​ RFI/ Siv Chana
ផ្សាយពាណិជ្ជកម្ម

ដំណឹង​នៃ​ការបើក​សវនាការ​ជាថ្មី​លើ​សកម្មជន​គណបក្ស​ស​ង្គ្រោះ​ជាតិ​នេះ ត្រូវបាន​លោក​តាំង ស៊ុន​ឡាយ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ប្រាប់​ផ្ទាល់មាត់​ទៅកាន់​លោក​សំ សុ​គង់ មេធាវី​ការពារ​ក្តី​របស់​សកម្មជន​គណ​បក្ស​សង្គ្រោះ​ជាតិ។ ទោះជា​បែបនេះ​ក្តី លោក​សំ សុ​គង់ បាន​បញ្ជាក់ថា មកដល់ពេលនេះ តុលាការ​មិនទាន់បាន​ចេញ​លិខិតផ្លូវការ​ណាមួយ​ក្នុងការ​បើកសវនាការ​នេះ​ឡើងវិញ​នៅឡើយ​ទេ។

សូមបញ្ជាក់ថា កាលពី​ថ្ងៃទី០៨ មករា កន្លងទៅ តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បើកសវនាការ​ជំនុំជម្រះ​លើ​សកម្មជន​គណបក្ស​ស​ង្គ្រោះ​ជាតិ​ទាំង១១នាក់​ម្តង​រួចមកហើយ។ ក៏ប៉ុន្តែ​កាលណោះ​សវនាការ​បាន​ផ្អាក​ទាំង​កណ្តាល​ទី ដោយសារ​ក្រុម​មេធាវី​ការពារ​ក្តី​ជនជាប់ចោទ​បានធ្វើ​ពហិកា​ដើរ​ចេញពី​បន្ទប់​សវនាការ។ មូលហេតុ​នៃ​ពហិកា​នៅពេលនោះ គឺ ព្រោះតែ​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​លោក​តាំង ស៊ុន​ឡាយ បានសម្រេច​ស្នើ​ឲ្យ​តំណាងរាស្ត្រ​៧រូប​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​សំណុំ​រឿងនេះ ឲ្យ​ចាក​ចេញពី​បន្ទប់​សវនាការ​តាម​ការស្នើសុំ​របស់​ក្រុម​មេធាវី​ការពារ​ដើមបណ្តឹង។ ចំពោះ​សវនាការ​ជាថ្មី​នេះ លោក​មេធាវី សំ សុ​គង់ មិនបាន​ដឹង​មុន​ទេ ថា​តើ​ចៅក្រម​អនុញ្ញាត​ឲ្យ​តំណាងរាស្ត្រ​ទាំងនោះ ចូលរួម​ស្ដាប់​សវនាការ ឫ​យ៉ាងណា​នោះទេ។

សកម្មជន​គណបក្ស​ស​ង្គ្រោះ​ជាតិ​ទាំង១១រូប ត្រូវបាន​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចោទប្រកាន់​ពីបទ ចោទ ដឹកនាំ​កុបកម្ម និង អំពើ​ចូលរួម​ក្នុង​ចលនា​កុបកម្ម ដែល​បង្ក​ឲ្យ​កើតមាន​អំពើហិង្សា​នៅក្បែរ​ទីលាន​ប្រជាធិបតេយ្យ​កាលពី​ថ្ងៃ១៥ កក្កដា ឆ្នាំ២០១៤ កន្លងទៅ។ សកម្មជន​ទាំង១១នាក់​នោះ ៦នាក់​ត្រូវបាន​តុលាការ​អនុញ្ញាត​ឲ្យ​នៅក្រៅ​ឃុំ ហើយ​ចំណែក ៥ នាក់​ទៀត​ក្នុងនោះ​រួមទាំង​លោកមា​ជ សុវណ្ណារ៉ា ប្រធាន​នាយកដ្ឋាន​ព័ត៌មាន និង​ផ្សព្វផ្សាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ផង​ត្រូវបាន​តុលាការ​សម្រេច​ឃុំខ្លួន​នៅក្នុង​ពន្ធនាគារ​ព្រៃ​ស។

បើតាម​លោក​មេធាវី សំ សុ​គង់ សវនាការ​នៅ​ថ្ងៃទី២៣ កុម្ភៈ​ខាងមុខនេះ ជាស​វនា​ការបន្ត​សួរដេញដោល​លើ​ជនជាប់ចោទ​ទាំង១១នាក់ និង​សាក្សី ។ យ៉ាងណាក៏ដោយ មេធាវី​រូបនេះ សង្ឃឹមថា តុលាការ​នឹង​ផ្តល់​យុត្តិធម៌​ដល់​កូនក្តី​របស់លោក​ប្រសិនបើ​ចៅក្រម​កាត់សេចក្តី​ដោយ​ឈ​លើ​មូលដ្ឋាន​ច្បាប់ និង ប្រកាន់​ជំហរ​ឯករាជ្យ​មិន​លម្អៀង​នោះ ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ