អានតួអត្ថបទ
កម្ពុជា

លោក រៀល ខេមរិន្ទ្រ បបួលលោក វ៉ា គឹមហុង ទៅមើលព្រំដែនខេត្តស្វាយរៀង

តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក រៀល ខេមរិន្ទ្រ បបួល​លោក វ៉ា គឹមហុង ទៅ​មើល​ព្រំដែន​កម្ពុជា វៀតណាម នៅ​​ខេត្ត​ស្វាយរៀង​។ ការ​បបួល​នេះ ធ្វើ​ឡើង​តាម​រយៈ​លិខិត​ចុះ​ថ្ងៃ​ទី​០៦​ខែ​កក្កដា ស្រប​ពេល​ដែល​លោក វ៉ា គឹមហុង កំពុង​តែ​ដឹក​នាំ​កិច្ច​ប្រជុំ​គណៈកម្មាធិការ​ចម្រុះ​កិច្ច​ការ​ព្រំដែន​កម្ពុជា ដើម្បី​ជួប​ជាមួយ​សមភាគី​វៀតណាម នៅ​ទីក្រុង​ភ្នំពេញ​។ 

លោករៀល ខេមរិន្ទ្រ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ
លោករៀល ខេមរិន្ទ្រ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ @Real Camerin
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​លិខិត​ចុះ​ថ្ងៃ​ទី​០៦​កក្កដា លោក រៀល ខេមរិន្ទ្រ បាន​គូស​បញ្ជាក់​ថា ការអញ្ជើញ​លោក វ៉ា គឹមហុង ទៅ​ពិនិត្យ​បង្គោល​ព្រំដែន​កម្ពុជា​វៀតណាម លេខ​២០២ និង​២០៣ នៅ​ស្រុក​កំពង់​រោទិ៍ ខេត្ត​ស្វាយ​រៀង​នោះ ធ្វើ​ឡើង​តាម​ការ​ស្នើ​សុំ​របស់​ប្រជាពលរដ្ឋ យុវជន និង​ព្រះ​សង្ឃ​ខ្មែរ​។ ការ​ចុះ​ទៅ​ពិនិត្យ​ព្រំដែន​នោះ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​១៩​ខែ​កក្កដា​ខាង​មុខ ដោយ​ចាប់​ផ្ដើម​ជួប​ជុំ​គ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ វេលា​ម៉ោង​៥​ព្រឹក​។

ឆ្លើយ​នឹង​សំណួរ​របស់​វិទ្យុ​បារាំង ថា​តើ​អ្វី​ទៅ​ជា​គោលដៅ​ក្នុង​ការ​អញ្ជើញ​លោក វ៉ា គឹមហុង ទៅ​ពិនិត្យ​បង្គោល​ព្រំដែន​នេះ? លោក រៀល ខេមរិន្ទ្រ បាន​ឆ្លើយ​បំភ្លឺ​ថា លោក​ចង់​ឲ្យប្រធាន​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​កម្ពុជា ឃើញ​ផ្ទាល់​ពី​ការ​រំលោភ​ដែន​អធិបតេយ្យ​កម្ពុជា ពី​សំណាក់​ប្រទេស​វៀតណាម​។ បើ​តាម​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​រូប​នេះ លោក វ៉ា គឹមហុង ដែល​ធ្វើ​ការ​តែ​នៅ​លើ​ក្រដាស​ផែនទី នៅ​ពេល​លោក​បាន​ទៅ​ដល់​តំបន់​ព្រំដែន​​ គឺ​ច្បាស់​ជា​​លែង​ហ៊ាន​ប្រកែក​តែ​​ម្ដង ពី​ការ​រំលោភ​របស់​វៀតណាម​​មក​លើ​ដែនដី​កម្ពុជា​។

គួរ​ជម្រាប​ជូន​ផង​ដែរ​ថា ការ​អញ្ជើញ​លោក វ៉ា គឹមហុង ទៅ​ពិនិត្យ​ព្រំដែន​នៅ​ស្រុក​កំពង់រោទិ៍ ខេត្ត​ស្វាយរៀង​នេះ ធ្វើ​ឡើង​ស្រប​ពេល​ដែល​លោក វ៉ា គឹមហុង កំពុង​តែ​ដឹក​នាំ​គណៈកម្មាធិការ​ចម្រុះ​កិច្ច​ការ​ព្រំដែន​កម្ពុជា ដើម្បី​ជួប​ជាមួយ​សមភាគី​វៀតណាម នៅ​ទីក្រុង​ភ្នំពេញ​។ ក្រៅ​ពី​ធ្វើ​លិខិត​អញ្ជើញ​ប្រធាន​គណៈកម្មាធិការ​ចម្រុះ​កិច្ច​ការ​ព្រំដែន​កម្ពុជា លោក រៀល ខេមរិន្ទ្រ ក៏​បាន​ធ្វើ​លិខិត​អញ្ជើញ​ដាច់​ដោយ​ឡែក​មួយ​ទៀត ទៅ​កាន់​តំណាង​រាស្ត្រ​នៃ​រដ្ឋសភា​ទាំង​អស់​ផង​ដែរ​។ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ តំណាងរាស្ត្រ​បក្ស​ប្រឆាំង​រូប​នេះ មិន​សង្ឃឹម​ថា លោក វ៉ា គឹមហុង និង​តំណាងរាស្ត្រ​ទាំង​អស់ ពិសេស​តំណាង​រាស្ត្រ​កូតា​​បក្ស​ប្រជាជន​កម្ពុជា ទទួល​ការ​អញ្ជើញ​របស់​លោក​ឡើយ​។

ជា​ការ​កត់​សម្គាល់ លោក រៀល ខេមរិន្ទ្រ និង​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​ចំនួន​ទៀត ធ្លាប់​បាន​ចុះ​ទៅ​ពិនិត្យ​មើល​ព្រំដែន​កម្ពុជា​វៀតណាម នៅ​ស្រុក​កំពង់រោទិ៍ ខេត្ត​ស្វាយ​រៀង​នេះ ម្ដង​រួច​មក​ហើយ កាល​ពី​ចុង​ខែ​មិថុនា​កន្លង​ទៅ​។ កាល​ណោះ មាន​ការ​ប៉ះ​ទង្គិច​គ្នា​មួយ​ប្រាវ​កើត​ឡើង​រវាង​ពលរដ្ឋ​កម្ពុជា​និង​ពលរដ្ឋ​វៀតណាម បណ្ដាល​ឲ្យ​រង​របួស​ទាំង​សង​ខាង​ថែម​ទៀត​ផង​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ