ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 24/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 23/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 23/08 12h00 GMT
កម្ពុជា

តំណាង​រាស្ត្រ​បក្ស​ប្រឆាំង ស្នើ​ទៅ​រដ្ឋសភា​ជា​ផ្លូវ​ការ ដើម្បី​សុំ​ធ្វើ​វិសោធនកម្ម​ច្បាប់​បោះ​ឆ្នោត

media  
រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា REUTERS

តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​៣៣​រូប ដឹកនាំ​ដោយ​លោក​សុន ឆ័យ នៅ​ថ្ងៃ​សុក្រ​ម្សិល​មិញ​នេះ បាន​សរសេរ​លិខិត​មួយ​ច្បាប់​ទៅ​កាន់​ប្រធាន​រដ្ឋសភា​លោកហេង សំរិន ដើម្បី​ស្នើ​សុំ​ឲ្យ​មាន​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​។ គោលដៅ​នៃ​សំណើ​ធ្វើ​វិសោធនកម្ម​ច្បាប់​នេះ គឺ​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ ដែល​កំពុង​ធ្វើ​ការ​និង​រស់នៅ​ឯ​បរទេស ទទួល​បាន​សិទ្ធិ​បោះ​ឆ្នោត​។

នៅ​ក្នុង​លិខិត​ស្នើ​ទៅ​កាន់​ប្រធាន​រដ្ឋសភា ប្រធាន​ក្រុម​អ្នកតំណាងរាស្ត្របក្សប្រឆាំង គឺ​លោក សុន ឆៃ បានលើកឡើងពី​ប្រវត្តិ​ការ​បោះ​ឆ្នោត​លើក​ដំបូង​​នៅ​កម្ពុជា ដែល​រៀបចំ​ដោយ​អង្គការ​សហប្រជាជាតិ​ឆ្នាំ​១៩៩៣​។ ជា​ការ​បោះ​ឆ្នោត ដែល​បាន​ផ្ដល់​ឱកាស​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​រស់​នៅ​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស មាន​សិទ្ធិ​បោះ​ឆ្នោត​ជ្រើស​រើស​មេ​ដឹក​នាំ​ស្រប​ទៅ​តាម​ឆន្ទៈ និង​បំណង​របស់​ខ្លួន​។

ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ ប្រធាន​ក្រុម​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង កត់​សម្គាល់​ឃើញ​ថា ការ​បោះ​ឆ្នោត​ជា​បន្ត​បន្ទាប់​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៣​នោះ ប្រជាពលរដ្ឋ​ដែល​ធ្វើ​ការ​ឬ​រស់​នៅ​ក្រៅ​ប្រទេស មិន​មាន​សិទ្ធិ​បោះ​ឆ្នោត​ដូច​មុន​ទេ​។ នោះ​ក៏​ព្រោះ​តែ​ចន្លោះ​ប្រហោង​នៃ​ច្បាប់​បោះ​ឆ្នោត​។

ក្នុង​ន័យ​នេះហើយ​ទើប លោក សុន ឆ័យ និង​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​ឯ​ទៀត សម្រេច​ស្នើ​សុំ​ ធ្វើវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដែលប្រកាសឲ្យប្រើដោយព្រះរាជក្រមចុះថ្ងៃទី៦ខែមីនាឆ្នាំ២០១៥។ សេចក្ដី​ស្នើ​ច្បាប់​នេះ មានតែ​​៣​មាត្រាប៉ុណ្ណោះ និង​គ្មាន​គោលដៅ​អ្វីក្រៅ​តែ​ពីឈាន​ទៅ​បើក​ផ្លូវ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ធ្វើ​ការ​និង​រស់​នៅ​ក្រៅ​ប្រទេស អាច​ចូល​រួម​បោះ​ឆ្នោត​បាន ស្រប​តាម​សិទ្ធិ និង​អនុលោម​ទៅ​តាម​រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​នៃ​ប្រទេស​។

ជា​ការ​កត់​សម្គាល់ រហូត​មក​ទល់​ថ្ងៃ​សៅរ៍ ទី​១២​សីហា​នេះ លិខិត​របស់​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ មិន​ទាន់​បាន​ទៅ​ដល់​ដៃ​រដ្ឋសភា​នៅ​ឡើយ​។ លោក ឡេង ប៉េង​ឡុង អ្នក​នាំ​ពាក្យ​រដ្ឋសភា បាន​គូស​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​អន្ដរជាតិ​ថា អគ្គលេខាធិការ​ដ្ឋាន​រដ្ឋសភា នៅ​មិន​ទាន់​បាន​ទទួល​សេចក្ដី​ស្នើ​ច្បាប់​របស់​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​នៅ​ឡើយ​។ យ៉ាង​ណា​ក៏​ដោយ​​នៅ​ពេល​បាន​ទទួល​សេចក្ដី​ស្នើ​ច្បាប់​នោះ លោក ឡេង ប៉េងឡុង គូស​បញ្ជាក់​​ថា អគ្គលេខាធិការដ្ឋាន​រដ្ឋសភា នឹង​ចាត់​ការ​បន្ត​ទៅ​តាម​នីតិវិធី​៕

 

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ