ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 19/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 18/11 12h00 GMT
កម្ពុជា

តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​ធ្វើ​ពហិការ​ការ​​ប្រជុំ​សភា​​ដើម្បី​សម្រេច​លើករណី​លោក កឹម សុខា នៅ​ថ្ងៃចន្ទ

media  
រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា REUTERS

តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ នឹង​មិន​ចូល​រួម​កិច្ច​ប្រជុំ​វិសាមញ្ញ​របស់​រដ្ឋសភាជាតិ ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ចន្ទ​ស្អែក​នេះ​ទេ​។ ជា​កិច្ច​ប្រជុំ​ដែល​មាន​របៀប​វារៈ​សំខាន់ គឺ​ពិភាក្សា​សម្រេច​លើ​ករណី​លោក កឹម សុខា ដែល​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​និង​ឃុំ​ខ្លួន​ពី​បទ​ក្បត់​ជាតិ​។ ជំនួស​ឲ្យ​ការ​ចូល​រួម​ប្រជុំ​សភា តំណាងរាស្ត្រ​និង​សមាជិក​ព្រឹទ្ធសភា​របស់​គណបក្ស​ប្រឆាំង នឹង​ទៅ​មន្ទីរ​អប់រំ​កែប្រែ​ត្រពាំង​ផ្លុង ក្នុង​ខេត្ត​ត្បូង​ឃ្មុំ ដើម្បី​រង់​ចាំ​សួរ​សុខ​ទុក្ខ​លោក កឹម សុខា​។

ក្រុម​អ្នក​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង មិន​ចូល​ប្រជុំ​សភា​ដើម្បី​សម្រេច​លើ​ករណី​លោក កឹម សុខា ព្រោះ​ក្រុម​អ្នក​តំណាង​រាស្ត្រយល់​ថា ការ​ប្រជុំ​វិសាមញ្ញ​របស់​រដ្ឋសភា ធ្វើ​ឡើង​ដោយ​ខុស​ច្បាប់ បំពាន​រដ្ឋធម្មនុញ្ញ​។ នេះ​បើ​តាម​លោក សុន ឆ័យ ប្រធាន​ក្រុម​អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​។ ដោយ​យោង​តាម​មាត្រា​៨០​នៃ​រដ្ឋធម្មនុញ្ញ លោក សុន ឆ័យ បញ្ជាក់​ថា ​ការ​ឃុំ​ខ្លួន ការ​ចោទ​ប្រកាន់​តំណាង​រាស្ត្រ​ណាមួយ​ត្រូវ​ផ្អាក តាម​មតិ​ភាគ​ច្រើន ៣ភាគ​៤​នៃ​សមាជិក​សភា​ទាំង​មូល​។ ដូច្នេះ បើ​គ្មាន​ការ​ចូល​រួម​ពី​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​ទេ នោះ​រដ្ឋសភា នឹង​គ្មាន​កូរ៉ុម​គ្រប់​គ្រាន់​ដើម្បីអនុម័ត​សំឡេង​៣​ភាគ​៤ លើ​ករណី​លោក កឹម សុខា ឡើយ​។ នេះ​បើ​តាម​លោក សុន ឆ័យ​។

ជំនួស​ឲ្យ​ការ​ចូល​រួម​ប្រជុំ​សភា លោក សុន ឆ័យ បញ្ជាក់​ថា តំណាងរាស្ត្រ​និង​សមាជិក​ព្រឹទ្ធសភា​របស់​គណបក្ស​ប្រឆាំង នឹង​ទៅ​មន្ទីរ​អប់រំ​កែប្រែ​ត្រពាំង​ផ្លុង ក្នុង​ខេត្ត​ត្បូង​ឃ្មុំ ដើម្បី​រង់​ចាំ​សួរ​សុខ​ទុក្ខ​លោក កឹម សុខា​ បើ​ទោះ​បី​ជា​មុន​នេះ ចៅក្រម​ស៊ើប​សួរ​បាន​បដិសេធ​សំណើ​របស់​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​រួច​ម្ដង​ហើយ​ក៏​ដោយ​។ បើ​តាម​លោក សុន ឆ័យ ការ​ស៊ើប​សួរ​លើ​លោក​កឹម សុខា បាន​បិទ​បញ្ចប់​ហើយ ដោយ​តុលាការ​បាន​សម្រេច​ចោទ​ប្រកាន់​និង​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​ជា​ផ្លូវ​ការ​​​។ ដូច្នេះ​ក្រុម​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ សង្ឃឹម​ថា ​ប្រធាន​ពន្ធនាគារ​ត្រពាំង​ផ្លុង នឹង​អនុញ្ញាត​ឲ្យ​ក្រុម​អ្នក​តំណាង​រាស្ត្រ​បាន​​សួរ​សុខ​ទុក្ខ​​ប្រធាន​គណបក្ស​ប្រឆាំង​ដែល​កំពុង​តែ​ជាប់​ឃុំ​។

សូមជម្រាប​ជូន​ថា ត្បិត​តែ​លោក​កឹម សុខា​ត្រូវ​បាន​ចាប់​ខ្លួន​តាំង​ពី​ថ្ងៃ​ទី​៣​កញ្ញា​ក៏​ពិត​មែន ប៉ុន្តែ​លោក​ទើប​តែ​ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ឃាំង​នៅ​ក្នុង​បន្ទប់​ពន្ធនាគារ​ជាមួយ​អ្នក​ទោស​ផ្សេង​ទៀត នៅ​ថ្ងៃ​ទី​៧​កញ្ញា​ប៉ុណ្ណោះ​។ ក្រុម​គ្រួសារ​លោក កឹម សុខា បាន​អះអាង​ថា លោក កឹម សុខា មាន​ជំងឺ​ជាប់​ខ្លួន ហើយ​ត្រូវ​ទទួល​ទាន​ថ្នាំ​ឲ្យ​បាន​ជាប់​ជា​ប្រចាំ​។ នេះ​គឺជា​មូលហេតុ​មួយ ដែល​ធ្វើ​ឲ្យ​ក្រុម​មេធាវី​ការពារ​ក្ដី ស្វះស្វែង​រក​លទ្ធភាព​ផ្លាស់​ប្ដូរ​កន្លែង​ឃុំ​ខ្លួន​លោក កឹម សុខា ពី​ខេត្ត​ត្បូង​ឃ្មុំ មក​នៅ​ភ្នំពេញ​វិញ​។ សូម​ជម្រាប​ជូន​ថា លោក កឹម សុខា ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​សន្ទិដ្ឋិភាព ដោយ​សារ​ការ​ថ្លែង​សារ​នយោបាយ​ដែល​លោក​បាន​ធ្វើ​តាំង​ពី​ឆ្នាំ​២០១៣ នៅ​ឯ​ប្រទេស​អូស្ត្រាលី៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ