អានតួអត្ថបទ
កម្ពុជា-នយោបាយ

​បញ្ហា​នយោបាយ​កម្ពុជា​៖ ​សាខា​អតីត​គណ​បក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​នៅ​បារាំង​ស្នើ​សុំ​អន្ត​រាគមន៍​ពី​សហ​ភាព​អឺរ៉ុប​

ការ​ចាប់​ខ្លួន​និង​ការ​ចោទ​ប្រកាន់​ជា​បន្ត​បន្ទាប់ លើ​សកម្ម​ជន​អតីត​គណ​បក្ស​សង្គ្រោះ​ជាតិ នា​រយៈ​ពេល​ចុង​ក្រោយ​នេះ ត្រូវ​បាន​សាខា​អតីត​គណ​បក្ស​សង្រ្គោះ​ជាតិ​ប្រទេស​បារាំង ដាក់​លិខិត​ពីរ​ច្បាប់​ទៅ​កាន់​សហភាព​អឺរ៉ុប​ឲ្យ​ជួយ​អន្ត​រាគមន៍​។ សូម​ជំរាប​ជូន​ថា គិត​ត្រឹម​ថ្ងៃទី ១១ តុលា​នេះ មាន​សកម្មជន​អតីត​គណ​បក្ស​សង្គ្រោះ​ជាតិ​ប្រមាណ​ជិត​៤០​នាក់​ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​ចាប់​ខ្លួន​ពី​បទ «រួម​គំនិត​ក្បត់»។ 

សាខាអតីតគណបក្សសង្គ្រោះជាតិប្រចាំនៅបារាំងស្នើសុំអន្តរាគមន៍ពីសហភាពអឺរ៉ុប
សាខាអតីតគណបក្សសង្គ្រោះជាតិប្រចាំនៅបារាំងស្នើសុំអន្តរាគមន៍ពីសហភាពអឺរ៉ុប @សហការី
ផ្សាយពាណិជ្ជកម្ម

លិខិត​ទាំង​ពីរ​នេះ មួយ​ច្បាប់​ត្រូវ​បាន​ផ្ញើ​ទៅ​កាន់​លោក​ស្រី Cécilia Malström ស្នង​ការ​ពាណិជ្ជកម្ម​សហ​ភាព​អឺរ៉ុប និង​មួយ​ច្បាប់​ទៀត​ផ្ញើ​ទៅ​កាន់​ស្ថាប័ណ្ណ European External Action Service។ យោង​តាម​លិខិត​សុំ​អន្តរាគមន៍​ទាំង​ពីរ​នេះ ពួក​គេ​បាន​រំលឹក​ដល់​លោក​ស្រី Cécilia Malström ស្នង​ការ​ពាណិជ្ជ​កម្ម​សហ​ភាព​អឺរ៉ុប​ពី​ស្ថាន​ភាព​នយោបាយ​នៅ​កម្ពុជា​ថា កាន់​តែ​ធ្លាក់​ចុះ​ដុន​ដាប និង​គួរ​ឱ្យ​ព្រួយ​បារម្មណ៍​ជា​ខ្លាំង បន្ទាប់​ពី​ព្រឹត្តិ​ការណ៍​ចុង​ក្រោយ​នេះ អាជ្ញាធរ​រដ្ឋា​ភិបាល​កម្ពុជា បាន​ចាប់​ខ្លួន​សកម្ម​ជន​អតីត​គណ​បក្ស​ប្រឆាំង​ជា​បន្ត​បន្ទាប់​។

គួរ​ជំរាប​ជូន​ថា គិត​មក​ទល់​នឹង​នៅ​ពេល​នេះ មនុស្ស​ប្រមាណ​ជា​៣៩​នាក់​ហើយ ដែល​ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​ចាប់​ខ្លួន និង​ជាង​២០០​នាក់​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ «រួម​គំនិត​ក្បត់» និង​កំពុង​រត់​គេច​ខ្លួន បន្ទាប់​ពី​ពួក​គេ​បាន​ប្រកាស​គាំទ្រ​ដំណើរ​មាតុភូមិ​និវត្តន៍​របស់​លោក សម រង្ស៊ី ហើយ​ជា​អ្វី​ដែល​រដ្ឋា​ភិបាល​កម្ពុជា​ចាត់​ទុក​ថា ជា​ផែន​ការ​ធ្វើ​រដ្ឋ​ប្រហារ​ដើម្បី​ផ្តួល​រំលំ​រដ្ឋា​ភិបាល​។ នេះ​បើ​តាម​លិខិត​របស់​សាខា​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ប្រទេស​បារាំង CNRP-Fr កាល​ពី​ថ្ងៃទី ១០ តុលា។ បន្ថែម​លើ​នេះ លិខិត​ក៏​បាន​ស្នើ​សុំ​ឲ្យ​សហ​ភាព​អឺរ៉ុប​ប្រើ​ឥទ្ធិពល​របស់​ខ្លួន និង​ប្រើ​គ្រប់​មធ្យោ​បាយ​ទាំង​អស់​ដែល​ខ្លួន​មាន ដើម្បី​ធានា​ការពារ​នូវ​សុវត្ថិភាព​របស់​លោក សម រង្ស៊ី រួម​ទាំង​ថ្នាក់​ដឹក​នាំ​អតីត​គណ​បក្ស​សង្រ្គោះ​ជាតិ ដែល​គ្រោង​ធ្វើ​មាតុ​ភូមិ​និវត្តន៍​មក​ប្រទេស​កម្ពុជា​វិញ នៅ​ថ្ងៃទី ០៩ វិច្ឆិកា ខាង​មុខ​។ ជា​អ្វី​ដែល​ពួក​គេ​បាន​អះអាង​ថា គឺ​ដើម្បី​ស្តារ​លទ្ធិ​ប្រជា​ធិបតេយ្យ និង​ជួយ​សង្គ្រោះ​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ EBA ឡើង​វិញ និង​ដើម្បី​នាំ​មក​នូវ​សេរី​ភាព និង​ប្រជា​ធិប​តេយ្យ​ដល់​ប្រជា​ពល​រដ្ឋ​របស់​ខ្មែរ​។

យ៉ាង​ណា​ក៏​ដោយ គេ​នៅ​មិន​ទាន់​ឃើញ​មាន​ការ​ឆ្លើយ​តប​ពី​លោកស្រី Cécilia Malström ស្នង​ការ​ពាណិជ្ជ​កម្ម​សហ​ភាព​អឺរ៉ុប​ទៅ​នឹង​លិខិត​នេះ​នៅ​ឡើយ​ទេ​។ ក៏​ប៉ុន្តែ​ចាប់​តាំង​ពី​ខែ​កុម្ភៈ ឆ្នាំ ២០១៩ មក សហ​ភាព​អឺរ៉ុប​បាន​ចាប់​ផ្តើម​អនុវត្ត​ដំណើរ​ការ​នីតិ​វិធី​មួយ​របស់​ខ្លួន ដែល​អាច​នាំ​ទៅ​ដល់​ការ​ដក​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ EBA ពី​កម្ពុជា នៅ​ឆ្នាំ​២០២០​ខាង​មុខ​នេះ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ចំណាត់​ការ​របស់​រដ្ឋា​ភិបាល​កម្ពុជា លើ​អតីត​គណ​បក្ស​ប្រឆាំង នា​រយៈ​ពេល​ពីរ​ឆ្នាំ​ចុង​ក្រោយ​នេះ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ