ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 24/05 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 23/05 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 23/05 12h00 GMT
Cambodia

បក្ស​ប្រឆាំងនឹង​អំពាវនាវ​មិន​ឲ្យ​ធ្វើ​បាតុកម្ម​ប្រឆាំង​លោក​ហ៊ុន សែន នៅ​អាមេរិក​នៅ​ខែ​ក្រោយ

media  
គណបក្សសង្គ្រោះជាតិ និង មហាជនជួបជុំគ្នានៅថ្ងៃទិវាពលកម្មអន្តរជាតិ។ RFI/ Siv Channa

លោកអេង ឆៃអ៊ាង មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្រ្គោះ​ជាតិ​ បាន​ថ្លែង​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ព្រឹកនេះ​ថា​ គណបក្ស​ប្រឆាំង​មិន​មាន​គោលការណ៍ ដើម្បី​ធ្វើ​បាតុកម្ម​ប្រឆាំង​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន គ្រាដែល​លោក​នាយករដ្ឋ​មន្ត្រី​ទៅ​កាន់​សហរដ្ឋអាមេរិក​នៅ​ខែ​ក្រោយ​នោះ​ទេ។ ដើម្បី​បញ្ជាក់​កាន់​តែ​ច្បាស់​ពីជំហរ​គណបក្ស នៅ​ល្ងាច​ថ្ងៃ​ច័ន្ទ​នេះ​គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​គណបក្ស​សង្រ្គោះ​ជាតិ​នឹង​ជួប​ប្រជុំ​គ្នា ​ដើម្បីពិភាក្សា​អំពី​ការ​ចេញ​សេចក្តី​អំពាវនាវ​ផ្លូវ​ការ​ទៅ​ដល់​សកម្មជន​ និង អ្នក​គាំទ្រ​របស់​ខ្លួន​មិន​ឲ្យ​ធ្វើ​បាតុកម្ម​ប្រឆាំង​លោក​ហ៊ុន សែន នៅ​អាមេរិក​។

ការ​ថ្លែង​បញ្ជាក់​របស់​លោក​អេង ឆៃអ៊ាង ដែល​ជា​តំណាងរាស្រ្ត​គណបក្ស​សង្រ្គោះ​ជាតិ​នៅ​ពេល​នេះ​ គឺ​បាន​ធ្វើ​ឡើង​ បន្ទាប់​ពី​សកម្មជន​គណបក្ស​សង្រ្គោះ​ជាតិ​ម្នាក់​នៅ​ក្នុង​រដ្ឋ​កា​លី​ហ្វរ​ញ៉ា​ សហរដ្ឋអាមេរិក បាន​ចូល​ទៅ​ប្រកាស​នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​របស់​លោក​នាយករដ្ឋមន្រ្តី​ហ៊ុន សែន នៅ​ថ្ងៃ​ទី​២៥ មករា ថា​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​បាន​រៀប​ចំ​បាតុកម្ម​អហិង្សា​សម្រាប់​ទទួល​ស្វាគមន៍​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ពេល​ដែល​លោក​ធ្វើ​ដំណើរ​ទៅ​ដល់​សហរដ្ឋអាមេរិក​នៅ​ខែ​ក្រោយ​។ 

ភ្លាមៗ លោក​ហ៊ុន សែន បាន​ឆ្លើយ​តប​វិញ​ថា ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​លោក​បើ​មាន​ប្រយោជន៏ ក៏​ធ្វើ​តាម​ចិត្តចុះ ព្រោះ​វា​ជា​មុខ​ជំនាញ​របស់​ពួក​ក្មួយ(សកម្មជន​គណបក្ស​សង្រ្គោះ​ជាតិ​)ទៅ​ហើយ​។ ជា​មួយ​គ្នា​នេះ ​លោក​ហ៊ុន សែន បាន​ផ្តាំ​ទៅ​សកម្មជន​នោះ​ឲ្យ​ប្រាប់​ទៅ​មេ​ដឹក​នាំ​របស់​​ខ្លួន​ទាំង​ក្នុង​ និង ក្រៅ​ប្រទេស​ថា​ ត្រូវ​ទទួល​ស្គាល់​សិទ្ធិ​បាតុកម្ម​របស់​អ្នក​គាំទ្រ​របស់​លោក​ប្រឆាំង​មេ​ដឹក​នាំ​របស់​ពួក​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា​វិញ​ផង​ដែរ​។
 
គួរ​រំលឹក​ថា កាល​ពី​ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០១៥ នៅ​ក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច​ទៅ​កាន់​សហរដ្ឋអាមេរិក​ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​លោកហ៊ុន សែន ធ្លាប់​ត្រូវ​បាន​ពល​រដ្ឋ​ខែ្មរ​អាមេកាំង​មួយ​ចំនួន​បាន​ធ្វើ​បាតុកម្ម​ប្រឆាំង​រូប​លោក​នៅ​ទី​នោះ។ លោក​ហ៊ុន សែន បាន​បញ្ជាក់​ថា មេ​ដឹក​នាំ​បក្ស​ប្រឆាំង​បាន​បដិសេដ​មិន​ពាក់​ពន្ធ័​ ជាមួយ​​​​បាតុកម្ម​នេះ​នោះ​ទេ តែ​របាយការណ៏​ហិរញ្ញវត្ថុ​របស់​បក្ស​ប្រឆាំង​នៅ​រដ្ឋ​មួយ​បាន​បង្ហាញ​ថា​ បាន​ចំណាយ​ធ្វើ​បាតុកម្ម​នេះ។
 
ដោយ​ឡែក​កាល​ពី​អំឡុង​ខែ​តុលា ឆ្នាំ២០១៥កន្លង​ទៅ នៅ​ក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​បារាំង​វិញ​ម្តង លោក​ហ៊ុន សែន ក៏​ត្រូវ​បាន​ពល​រដ្ឋ​ខ្មែរ​ដែល​គាំទ្រ​គណបក្ស​ប្រឆាំង​មួយ​ចំនួន​នៅ​ទីនោះ​បាន​ប្រមូល​ផ្តុំ​គ្នា ដើម្បី​ធ្វើ​បាតុកម្ម​ប្រឆាំង​រូប​លោក​ដូច​គ្នា​ដែរ​។
 
ក៏​ប៉ុន្តែ​ក្រោយ​មួយ​ថ្ងៃ ក្រុម​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ បាន​ធ្វើ​បាតុកម្ម​សង​សឹក​វិញ ដោយ​តវ៉ា​សុំ​ទម្លាក់​លោក​កឹម សុខា អនុប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​ចេញ​ពី​តំណែង​ជា​អនុប្រធាន​ទី​១ នៃ​រដ្ឋ​សភា។ នៅ​ក្នុង​ថ្ងៃ​បាតុកម្ម​ដដែល​នោះ ​តំណាង​រាស្រ្ត​បក្ស​ប្រឆាំង​ពីរ​រូប ក៏​ត្រូវ​បាន​ក្រុម​បាតុករ​វាយ​ដំ​យ៉ាង​ធ្ងន់​ធ្ងរ​ថែម​ទៀត​។
 
បាតុ​កម្ម​ប្រឆាំង​លោក​ហ៊ុន សែន​ទាំង​ពីរ​លើក​នៅ​ឯ​ក្រៅ​ប្រទេស ត្រូវ​បាន​លោក​អេង ឆៃអ៊ាង អះ​អាង​ថា គណបក្ស​សង្រ្គោះ​ជាតិ មិន​បាន​គាំទ្រ​ឲ្យ​ធ្វើ​នោះ​ទេ គឺ ពួក​គេ​រៀប​ចំ​ធ្វើឡើង​ដោយ​ខ្លួន​ឯង​តែ​ប៉ុណ្ណោះ។​
 
ទោះ​ជា​យ៉ាង​ណា មន្រ្តី​ជាន់​ខ្ពស់​រូប​នេះ បាន​គូស​បញ្ជាក់​ថា ចំពោះ        ​ដំ​ណើរ​​​ទស្សនកិច្ច​របស់​លោក​ហ៊ុន សែន ទៅ​កាន់​សហរដ្ឋអាមេរិក​លើក​នេះ គណបក្ស​ប្រឆាំង​​អាច​នឹង​ធ្វើ​សេចក្តី​ប្រកាស​ផ្លូវការ​ដល់​សកម្ម​ជន​ និង​ អ្នក​គាំទ្រ​របស់​ខ្លួន ដើម្បី​បង្ហាញ​ពី​ការ​មិន​គាំទ្រ​ដល់​ការ​ធ្វើ​បាតុកម្ម​ណា​មួយ​ប្រឆាំង​លោក​នាយរដ្ឋមន្ត្រី ហ៊ុន សែន នៅ​អាមេរិក​៕
 
 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ