ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 20/04 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 20/04 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 20/04 12h00 GMT
កម្ពុជា

​មន្ត្រី​ជាន់​ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​៥រូប​ដាក់​ពាក្យ​សុំ​សិទ្ធិ​ធ្វើ​នយោ​បាយឡើ​ង​វិញ​នៅ​ថ្ងៃ​នេះ​

media  
គណបក្សសង្គ្រោះជាតិ​ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតកាលពីអតីតកាល (រូបភាពតំណាង) Siv Channa/RFI

មក​ទល់​ពេល​នេះ​មាន​មន្ត្រី​ជាន់​ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​៩រូប​ហើយ ក្នុង​ចំណោម​១១៨​រូប ដែល​តុលាការ​កំពូល​ហាម​ឃាត់​សិទ្ធិ​ធ្វើ​នយោបាយ​រយៈ​ពេល​៥ឆ្នាំ បាន​ដាក់​ពាក្យ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​។ ក្នុង​ចំណោម​អ្នក​ទាំង​៩រូប​នោះ មាន​៤នាក់​ទទួល​បាន​នីតិ​សម្បទា​តាម​រយៈ​ព្រះរាជ​ក្រឹត្យ និង​៥នាក់​ចុង​ក្រោយ​កំពុង​តែ​ដាក់​ពាក្យ​ទៅ​ក្រសួង​មហាផ្ទៃ​នៅ​ឡើយ​។ 

បន្ទាប់​ពី​ប្រមុខ​រដ្ឋ​ស្តីទី លោក សាយ ឈុំ ប្រធាន​ព្រឹទ្ធ​សភា នៅ​ថ្ងៃ​ចន្ទ​នេះ បាន​ចេញ​ព្រះរាជ​ក្រឹត្យ​ផ្តល់​នីតិ​សម្បទាន​យោបាយ​ដល់ លោក រៀល ខេមរិន្ទ្រ អតីត​តំណាង​រាស្រ្ត​នៃ​អតីត​គណបក្ស​សង្រ្គោះ​ជាតិ មនុស្ស​ទី៥​ដល់​ទី៩ សុទ្ធ​សឹង​តែ​ជា​គណៈ​កម្មការ​នាយក និង​អតីត​តំណាង​រាស្ត្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​ដាក់​ពាក្យ​ទៅ​កាន់​ក្រសួង​មហា​ផ្ទៃ ដើម្បី​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​។

អ្នក​ទាំង​៥នាក់ ដែល​បាន​ដាក់​ពាក្យ​ស្នើសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​នោះ​មាន លោក អ៊ូ ច័ន្ទរ័ត្ន លោក កង គឹមហាក់ លោក ជីវ កត្តា លោក ច័ន្ទ សិលា និងលោកស្រី ទេព សុទ្ធី​។ លោក អ៊ូ ច័ន្ទរ័ត្ន អតីត​តំណាង​រាស្ត្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ធ្វើ​អត្ថា​ធិប្បាយ​ទេ ក្រៅ​ពី​ការ​ដាក់​ពាក្យ​ទៅ​ក្រសួង​មហា​ផ្ទៃ ដោយ​ប្រាប់​វិទ្យុ RFI ថា​លោក​រង់​ចាំ​ការ​ទទួល​សុពល​ភាព​ធ្វើ​នយោបាយ​ឡើង​វិញ​ពេញ​លេញ​សិន​។ ដោយ​ឡែក​អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ លោក ខៀវ សុភ័ក បាន​ថ្លែង​នៅ​ថ្ងៃ​នេះ​ដែរ​ថា ក្រសួង​មហា​ផ្ទៃ​កំពុង​តែ​ធ្វើ​ការងារ​នេះ យ៉ាង​យក​ចិត្ត​ទុក​ដាក់​។

ក្រសួង​មហាផ្ទៃ​កាល​ពី​ថ្ងៃ​ម្សិល​មិញ បាន​បង្ហើប​ឱ្យដឹង​ថា មាន​មន្ត្រី​អតីតបក្សប្រឆាំងប្រហែល ២៥ឬ២៦នាក់​ទៀត ​ក៏មាន​បំណង​ស្នើសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​។ ក៏​ប៉ុន្តែ កាល​ពី​ថ្ងៃ​អាទិត្យ​ដែរ លោក សម រង្ស៊ី ប្រធាន​ស្តី​ទី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​បន្ត​លើក​ឡើង​ជា​ថ្មី​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក ដោយ​ហៅ​អ្នក​ទៅ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​ថា គាំទ្រ​ឲ្យ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បន្ត​ឃុំ​ឃាំង​លោក កឹម សុខា មិន​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ដំណើរ​ការ​ឡើង​វិញ និង​គាំទ្រ​ឲ្យ​បន្ត​ប្រើ​អំណាច​ផ្តាច់​ការ​យ៉ាង​កម្រោល​។

សូម​បញ្ជាក់​ថា មន្ត្រី​ជាន់​ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ៤នាក់​ហើយ ដែល​ទទួល​បាន​ព្រះរាជ​ក្រឹត្យ​ពី​ព្រះ​មហាក្សត្រ​ដើម្បី​ទទួល​បាន​សម្បទា​ធ្វើ​នយោបាយ​ឡើង​វិញ ក្នុង​នោះ​មាន​លោក គង់ គាំ លោក គង់ បូរ៉ា លោក ស៊ីម សុវណ្ណនី ហៅ ស៊ីម វ៉ាន់នី និងលោក រៀល ខេមរិន្ទ្រ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ