ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 25/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 25/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 25/09 12h00 GMT
កម្ពុជា

លោកស្រី​កែ សុវណ្ណ​រតន៍​៖​ថ្នាក់ដឹកនាំ​​បក្ស​ប្រឆាំង​​ទៅ​​ជួប​​លោក​​សម រង្ស៊ី​​នៅ​​ហុងកុង​​ជា​​ជំនួប​​ឯកជន​​ប៉ុណ្ណោះ​

media  
អនុប្រធាន​ និង​មន្រ្តី​ជាន់ខ្ពស់​បក្ស​សង្រ្គោះជាតិ​ទៅ​ដល់​ទីក្រុង​ហុងកុង​ @Eng Chhai Eang

តាំងពី​ថ្ងៃ​ពុធ និង​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ លោក​កឹម សុខា ប្រធាន​ព្រមទាំង​អនុប្រធាន​បក្ស​សង្គ្រោះ​ជាតិ​បីនាក់​ទៀត​បាន​ចាក​ចេញពី​ប្រទេស​កម្ពុជា ដើម្បី​ទៅ​ជួប​លោក​សម រង្ស៊ី​នៅក្នុង​ទីក្រុង​ហុងកុង។ លោកស្រី​កែ សុវណ្ណ​រតន៍ តំណាងរាស្ត្រ​មួយរូប​របស់​គណបក្ស​ប្រឆាំង បាន​បង្ហើប​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ព្រឹក​នេះ​ថា ការជួបគ្នា​រវាង​ថ្នាក់ដឹកនាំ​បក្សប្រឆាំង និង​លោក​សម រង្ស៊ី ជា​ជំនួប​ក្រៅផ្លូវការ ពោលគឺ​ជួប​សួរ​​សុខទុក្ខ​គ្នា​តែប៉ុណ្ណោះ។

លោកស្រី​កែ សុវណ្ណ​រតន៍ បានបញ្ជាក់​បន្ថែមទៀត​ថា ការជួបគ្នា​រវាង​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក​សម រង្ស៊ី ដែលជា​អតីត​ប្រធាន​របស់​ពួកគេ​នេះ គឺ​គ្មាន​ការចាត់​តាំងរបស់​គណ​បក្ស​ឡើយ និយាយ​ឲ្យ​ខ្ចី គឺជា​ការ​ទៅ​ជួប​ជា​លក្ខណៈ​ឯកជន ចេញ​លុយ​ជិះ​យន្តហោះ​ដោយ​ខ្លួនឯង។ លោកស្រី​កែ សុវណ្ណ​រតន៍​ដែល​មិនបាន​ទៅ​ជួប​លោក​សម រង្ស៊ី ព្រោះតែ​ជាប់រវល់​ការងារ​នៅក្នុង​ស្រុក​នោះ មិនបាន​ដឹង​ទេ​ថា ពួកគេ​ទាំងនេះ​ជួបគ្នា​នៅ​ថ្ងៃ​ណា ប៉ុន្តែ​លោកស្រី​គិតថា​អាច​ជួបគ្នាភ្លាមៗបន្ទាប់ពី​ពួកគេ​ទៅដល់​ទីក្រុង​ហុងកុង។ អ្នកតំណាងរាស្ត្រ និង​ជា​ប្រធាន​គណៈកម្មការ​ទី៨នៃ​រដ្ឋសភា​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​រូបនេះ​ក៏បាន​អះអាងថា ជំនួប​នេះ ក៏​មិន​ជជែក​និង​សម្រេច​ការងារ​ណាមួយ​ដែល​ពាក់ព័ន្ធ​នឹង​គណបក្សប្រឆាំង​នោះដែរ។

ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បាន​ទៅ​ជួប​លោក​សម រង្ស៊ី​នៅ​ទីក្រុង​ហុងកុង​រួមមាន​ជាអាទិ៍​លោក​កឹម សុខា ប្រធាន​គណបក្ស លោក​អេង ឆៃអ៊ាង លោកស្រី​មួរ សុខ​ហួរ លោក​ប៉ុល ហំ​ម ដែលជា​អនុប្រធាន និង​មន្ត្រីជាន់ខ្ពស់​មួយចំនួនទៀត​ដូចជា​លោក​អ៊ូ ច័​ន្ធ​រិ​ទ្ធ និង​លោក​ហូរ វ៉ាន់ ជាដើម។ ជំនួប​ក្រៅផ្លូវការ​បើតាម​ការអះអាង​របស់​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​នេះ គឺធ្វើឡើង​បន្ទាប់ពី​រដ្ឋសភាជាតិ​ដែល​មានតែ​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​បានអនុម័ត​សេចក្តីស្នើ​វិសោធនកម្ម​ច្បាប់​ស្តីពី​ការ​គណបក្សនយោបាយ​កាលពីដើម​សប្តាហ៍​នេះ​ដោយ​បន្ថែម​ចំណុច​មិន​ឲ្យ​ទណ្ឌិត​មក​ជាប់​ពាក់ព័ន្ធ​នឹង​គណបក្សនយោបាយ។

លោក​ម៉ៅ មុនី​វណ្ណ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មួយរូប​ទៀត​ដែល​មិនបាន​ទៅ​ជួប​លោក​សម រង្ស៊ី បាន​លើកឡើងថា ជំនួប​រវាង​ថ្នាក់ដឹកនាំ​គណបក្សប្រឆាំង​និង​លោក​សម រង្ស៊ី មិនមាន​អ្វី​ខុស​ទាស់​ទេ ព្រោះថា​វិសោធនកម្ម​ថ្មី​នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ​មិនទាន់​ចូល​ជា​ធរមាន​នៅឡើយ។ ជុំវិញ​ការកែ​ច្បាប់​ថ្មី​នេះ ក្រុម​អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង៥៥រូប​ក៏​គ្រោង​ថ្វាយ​លិខិត​ទៅកាន់​ព្រះមហាក្សត្រ​នៅ​ចុង​សប្តាហ៍​នេះ ដើម្បី​សុំ​ព្រះរាជអន្តរាគមន៍​ពី​ព្រះអង្គ​កុំ​ឲ្យ​ឡាយ​ព្រហស្ថ​លេខា​លើ​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្សនយោបាយ។ នេះ​អាច​ចាត់ទុកថា គឺ​ទឹក​ចុងក្រោយ​ហើយ​នៃ​ការខិតខំ​ប្រឹងប្រែង​រប​ស់​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ទប់ស្កាត់​វិសោធនកម្ម​ច្បាប់​ដ៏​ចម្រូងចម្រាស​នេះ​មិន​ឲ្យ​ប្រកាស​ចេញ​ប្រើប្រាស់​ជា​ផ្លូវការ៕

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ