អានតួអត្ថបទ
កម្ពុជា

តំណាង​រាស្ត្រ​​បក្ស​ប្រឆាំង​ស្នើ​​លោ​កស ខេង​ ចាត់​វិធានការ​​ចំពោះ​​ជនបរទេស​​ខុស​ច្បាប់​​

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មួយក្រុម បានស្នើ​ដល់​លោ​កស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ចាត់វិធានការ​ចំពោះ​ជនអន្តោប្រវេសន៍​ដែល​កំពុង​រស់នៅ​ខុសច្បាប់​នៅក្នុង​ ប្រទេស​កម្ពុជា។ ការស្នើ​នេះ បាន​ធ្វើឡើង​នៅក្នុង​លិខិត​មួយ​ចុះ​ថ្ងៃទី២៤កុម្ភៈ និង​ទើបបាន​ផ្ញើ​ទៅកាន់​លោក ស ខេង តាមរយៈ​ប្រធានរដ្ឋសភា​នៅ​ថ្ងៃព្រហស្បតិ៍​ម្សិលមិញ។ នៅ​ព្រឹក​នេះ​ក្រសួងមហាផ្ទៃ​បញ្ជាក់ថា មិនទាន់​ទទួលបាន​លិខិត​នោះ​នៅឡើយ​ទេ តែ បាន​អះអាងថា ខ្លួន​កំពុង​អនុវត្ត​ច្បាប់​ចំពោះ​ជនអន្តោប្រវេសន៍​ដែល​កំពុង​រស់នៅ​ ខុសច្បាប់​នៅ​កម្ពុជា។

ជន​អន្តោ​ប្រវេសន៍​​វៀតណាម​រស់​នៅ​​ក្នុង​​ប្រទេស​​កម្ពុជា​
ជន​អន្តោ​ប្រវេសន៍​​វៀតណាម​រស់​នៅ​​ក្នុង​​ប្រទេស​​កម្ពុជា​ ©វណ្ណារ៉ា/RFI
ផ្សាយពាណិជ្ជកម្ម

សំណើ​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចុះទៅ​ពិនិត្យមើល​ជាក់ស្តែង​នូវ​ការរស់នៅ​ដោយ​ខុសច្បាប់​របស់​ ជនអន្តោប្រវេសន៍​នៅ​តាម​បណ្តា​ខេត្ត​ក្រុង​នានា​នៅក្នុង​ប្រទេស​កម្ពុជា។ ជនអន្តោប្រវេសន៍ ដែល​ក្រុមតំណាងរាស្ត្រ​ទាំងនោះ​លើកឡើងថា ភាគច្រើន​ជា​ជនជាតិ​វៀតណាម។

លោក​ម៉ៅ មុនី​វណ្ណ តំណាងរាស្ត្រ​មួយរូប​ក្នុងចំណោម១១រូប​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ​ដែល​បាន​ចុះហត្ថលេខា​លើ​លិខិតស្នើ​សុំ​នោះ បាន​អះអាង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​ ដែល​ភាគច្រើន​ជា​ជនជាតិ​វៀតណាម បាន​កំពុង​រស់នៅ​យ៉ាង​អនាធិបតេយ្យ​រាប់ម៉ឺន​គ្រួសារ​ទាំង​នៅលើ​ដីគោក និង​សង់ផ្ទះ​បណ្តែត​ទឹក​អម​ដង​ទន្លេមេគង្គ និង​នៅ​ជុំវិញ​តំបន់​បឹង​ទន្លេសាប។ លោក​បន្តថា ពួកគេ​ទាំងនោះ ខ្លះ​មិន​ទាំង​ចេះ​ភាសា​ខ្មែរ ហើយ​គ្មាន​ទាំង​ឯកសា​រស់នៅ​ស្របច្បាប់​ទៅទៀត។ ប៉ុន្តែ​អាច​រស់​នៅបាន​ដោយ​សេរី​នៅក្នុង​ប្រទេស​កម្ពុជា។

គួរ​កត់សម្គាល់ថា ការ​ស្នើ​ដល់​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ចាត់វិធានការ​ចំពោះ​ ជនអន្តោប្រវេសន៍​ខុសច្បាប់​នៅ​កម្ពុជា​នេះ បានធ្វើ​ឡើង​តែ​មួយថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី​ក្រសួងមហាផ្ទៃ​បាន​បណ្តេញ​ចេញពី​កម្ពុជា​នូវ​ជនបរទេស​ម្នាក់ គឺ​លោក អា​ឡិច។ លោក​អា​ឡិច ដែលជា​ជនជាតិ​អេ​ស្ប៉ា​ញ និង​ជា​សកម្មជន​ដ៏​សកម្ម​ម្នាក់​ក្នុងការ​ការពារ​តំបន់​អា​រ៉ែ​ង​នៅក្នុង​ ខេត្តកោះកុង។ និយាយ​ជារួម​ចំពោះ​ជនអន្តោប្រវេសន៍​ខុសច្បាប់​ទាំងអស់​នៅក្នុង​ប្រទេស​ កម្ពុជា និង និយាយ​ដោយឡែក​ចំពោះ​ករណី​លោក​អា​ឡិច​នេះ ក្រុម​តំណាងរាស្ត្រ​បក្សប្រឆាំង​បាន​ស្នើ​ឲ្យ​លោក​ស ខេង ​ចាត់​វិធានការ​អនុវត្តន៍​ច្បាប់​អន្តោប្រវេសន៍ និង​ច្បាប់​សញ្ជាតិ​ដោយ​ស្មើភាព និង​ប្រកប​ដោយ​ប្រសិទ្ធភាព។

ទោះបី​មិនទាន់​ទទួលបាន​លិខិតផ្លូវការ​របស់​ក្រុមតំណាងរាស្ត្រ​គណបក្ស​ សង្គ្រោះ​ជាតិ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ក៏ដោយ ក៏ប៉ុន្តែ​ក្រសួង​មហាផ្ទៃ​បាន​លើកឡើងថា ខ្លួន​បាននិងកំពុង​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​ចំពោះ​ជនបរទេស​ដែល​កំពុង​ រស់នៅ​ខុសច្បាប់​នៅ​កម្ពុជា​ដោយ​គ្មាន​ការរើសអើង​នោះទេ។ លោក​ខៀវ សុភ័គ បានបញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា ក្រសួងមហាផ្ទៃ​មិនបាន​ព្រងើយកន្តើយ​ឡើយ ហើយ​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ ក្រសួង​បាន​បញ្ជូន​ចេញ​ជនបរទេស​ខុសច្បាប់​ចំនួន​ជាង១ពាន់​នាក់​ហើយ​ទៅកាន់​ ប្រទេស​កំណើត​វិញ។

សូម​បញ្ជាក់ថា​ គិត​មក​ត្រឹម​ឆ្នាំ២០១៤កន្លងទៅនេះ មាន​ជនបរទេស​ចម្រុះ​ជាតិ​សាសន៍​ចំនួន​ជាង​១០ម៉ឺន​នាក់​កំពុង​រស់នៅ​ ក្នុងប្រទេស​កម្ពុជា ហើយ​ក្នុងនោះ​ជន​បរទេស​ដែល​បានបង្ហាញ​មុខ​មាន​ចំនួន​ជាង៣ម៉ឺន៣ពាន់ នាក់ និង​ជនបរទេស​ដែល​ប្រើប្រាស់​លិខិតស្នាម​មិន​ប្រក្រតី​មាន​ចំនួន​ដល់​ទៅ​ ជាង៧ម៉ឺន២ពាន់ នាក់។ នេះ​បើតាម​លទ្ធផល​នៃ​ការធ្វើជំរឿន​លើ​ជនបរទេស​របស់​ក្រសួងមហាផ្ទៃ​ដែល​ ទើបបាន​ចេញផ្សាយ​ឲ្យ​ដឹង​នៅក្នុង​សប្តាហ៍​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ