អានតួអត្ថបទ
កម្ពុជា

ឃុំបឹងប្រាំ​និង​ឃុំក្លែង​៖​លទ្ធផល​ចុងក្រោយ ​គឺ​គណបក្សសង្គ្រោះជាតិ​ឈ្នះ​គណបក្ស​ប្រជាជន​កម្ពុជា​

ការរាប់​សន្លឹកឆ្នោត​ឡើងវិញ​របស់​ការិយាល័យ​ចំនួន៩ ក្នុង​ឃុំ​បឹង​ប្រាំ ស្រុក​បរវេល ខេត្តបាត់ដំបង​និង ការិយាល័យ​មួយទៀត​នៅក្នុង​ឃុំ​ក្លែង ខេត្តកំពង់ធំ បានបញ្ចប់​ហើយ​កាល​ល្ងាច​មិញ​ដោយ​លទ្ធផល​ចុងក្រោយ​បង្ហាញថា គឺ​នៅ​ឃុំ​បឹង​ប្រាំ​គណបក្ស​សង្គ្រោះ​ជាតិ​ទទួលបាន​សំឡេង៧៧៦ ឈ្នះ​គណបក្ស​ប្រជាជន​កម្ពុជា៦៩សំឡេង​ដោយ​គណបក្សកាន់អំណាច​ទទួលបាន៧០៧សំឡេង។ ចំណែក​នៅ​ឃុំ​ក្លែង​វិញ គឺ​គណបក្ស​សង្គ្រោះ​ជាតិ​បានឈ្នះ​គណបក្ស​ប្រជាជន​កម្ពុជា​ដោយ​លទ្ធផល៣៣៧សំឡេង​ទល់៣៣៥សំឡេង។

រូបភាព​តំណាង៖ ការ​ផ្ទៀង​ផ្ទាត់​ឈ្មោះ​មុន​ពេល​ចូល​បោះ​ឆ្នោត ថ្ងៃ​ទី​០៤ មិថុនា ២០១៧
រូបភាព​តំណាង៖ ការ​ផ្ទៀង​ផ្ទាត់​ឈ្មោះ​មុន​ពេល​ចូល​បោះ​ឆ្នោត ថ្ងៃ​ទី​០៤ មិថុនា ២០១៧ REUTERS
ផ្សាយពាណិជ្ជកម្ម

ខុសពី​ការរាប់​សន្លឹកឆ្នោត​ឡើងវិញ​របស់​ឃុំ​ដូង​ខេត្តស្វាយរៀង នៅពេលនេះ​ការរាប់​ឡើងវិញ​នៅ​ឃុំ​បឹង​ប្រាំ ខេត្តបាត់ដំបង និង​ឃុំ​ក្លែង ខេត្តកំពង់ធំ​ដែល​ធ្វើឡើង​នៅ​ទីស្តីការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត(គ.ជ.ប) គឺ​លទ្ធផល​ចុងក្រោយ​គណបក្ស​សង្គ្រោះ​ជាតិ​បានឈ្នះ​គណបក្ស​ប្រជាជន​កម្ពុជា​ទាំងពីរ​ឃុំ​តែម្តង។ ការិយាល័យ​ចំនួន៩នៅក្នុង​ឃុំ​បឹង​ប្រាំ ត្រូវ​បានគ.ជ.ប​ចាប់ផ្តើម​រាប់​ឡើងវិញ​តាំងពីព្រឹក​ព្រលឹម ខណៈ​ការិយាល័យ​មួយ​របស់​ឃុំ​ក្លែង ត្រូវបាន​រាប់​ឡើងវិញ​នៅពេល​រសៀល​ហើយ​លទ្ធផល​ចុងក្រោយ​បានប្រកាស​រួមគ្នា​តែម្តង​នៅពេល​ល្ងាច។ ការរាប់​សន្លឹកឆ្នោត​ឡើងវិញ​ទាំងនេះ សុទ្ធតែ​មានការ​ចូលរួម​សង្កេតការណ៍​ដោយផ្ទាល់​ពី​តំណាង​គណបក្សនយោបាយ និង​អង្គការ​សង្គម​ស៊ីវិល​មួយចំនួនទៀត។

ចំពោះ​ឃុំ​បឹង​ប្រាំ សូម​ជំរាបជូន​ថា ការសម្រេច​រាប់​សន្លឹក​ឆ្នោត​ឡើងវិញ​នេះ គឺធ្វើឡើង​តាម​បណ្តឹង​ជំទាស់​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​មិន​សុខ​ចិត្តនឹង​ការរាប់​ឡើងវិញ​នៅ​ថ្នាក់​ខេត្ត​ដែល​ធ្វើ​ឲ្យ​គណបក្សកាន់អំណាច​មួយ​នេះ​ចាញ់ឆ្នោត​គណបក្សប្រឆាំង។ ដើមឡើយ​លទ្ធផល​បោះឆ្នោត​បឋម​ដែល​បានចេញ​ផ្សាយ​ដោយ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត(គ.ជ.ប)បាន​បង្ហាញថា ឃុំ​បឹង​ប្រាំ​នេះ គឺ​គណបក្ស​ប្រជាជន​កម្ពុជា​បានទទួល​សំឡេងឆ្នោត​ចំនួន៦៣១សំឡេង​គឺ​បានឈ្នះ២៣សំឡេង​ទៅលើ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ទទួលបាន​សំឡេងឆ្នោត​ចំនួន ៦០៨សំឡេង។ គណបក្ស​សង្គ្រោះ​ជាតិ​មិន​សុខចិត្ត​ក៏បាន​ប្តឹង​សុំ​ឲ្យ​រាប់​​សន្លឹកឆ្នោត​ឡើងវិញ។ ក្រោយមក គណៈកម្មការ​រៀបចំ​កា​របោះ​ឆ្នោត​ខេត្តបាត់ដំបង​បាន​រាប់​ឡើងវិញ​ហើយ​ល​លទ្ធផល​នោះ គណបក្ស​ប្រជាជន​កម្ពុជា​បាន​ចាញ់​សំឡេងឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​ទៅវិញ។ នេះ​ជា​ហេតុផល​បណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ប្ដឹង​សុំ​រាប់​សន្លឹកឆ្នោត​ឡើងវិញ​ម្តងទៀត​នៅ​ថ្នាក់ជាតិ​តែម្តង។

សូម​បញ្ជាក់ដែរថា ការរាប់​សន្លឹកឆ្នោត​ឡើងវិញ​របស់​ឃុំ​បឹង​ប្រាំ​នេះ គឺជា​លើក​ទី​ពីរ​ហើយ​ដែល​ធ្វើឡើង​ដោយ​គណៈកម្មការ​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត ខណៈ​ឃុំ​ក្លែង​គឺជា​លើក​ទី​បី។ កាលពី​ថ្ងៃទី១២ និង១៣ មិថុនា គ.ជ.ប​បាន​ចំណាយពេល​ពីរ​ថ្ងៃនេះ ដើម្បី​ធ្វើការ​រាប់​សន្លឹកឆ្នោត​ឡើងវិញ​នូវ​ការិយាល័យ​ចំនួន២៣ នៅក្នុង​ឃុំ​ដូង ស្រុក​រមាសហែក ខេត្តស្វាយរៀង​ដ៏​ចម្រូងចម្រាស។ នៅ​ទីបំផុត គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បាន​បិទផ្លូវ​តវ៉ា​ដោយ​សម្រេច​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន២សំឡេង​ប៉ុណ្ណោះ ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន​សំឡេង​ចំនួន២ពាន់៦១១សំឡេង រីឯ​គណបក្ស​សង្គ្រោះ​ជាតិ​ទទួលបាន​សំឡេង​ចំនួន២ពាន់៦០៩សំឡេង៕
 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ