អានតួអត្ថបទ
កម្ពុជា-បោះឆ្នោត

សង្គម​ស៊ីវិល​ថា យុទ្ធនាការ​ជំរុញ​ឬ​បង្អាក់​ការ​បោះ​ឆ្នោត គ្មាន​ឥទ្ធិពល​លើ​ការ​សម្រេច​ចិត្តរបស់​ពលរដ្ឋ​ឡើយ

ប៉ុន្មានថ្ងៃនេះ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដែល​ភាគ​ច្រើន​ជា​អ្នក​គាំទ្រ​គណបក្ស​កាន់អំណាច និង​អ្នក​គាំទ្រ​អតីត​គណបក្ស​ប្រឆាំង​បាន​ប្រជែង​គ្នា​ធ្វើ​យុទ្ធនាការ​ជំរុញ​ឲ្យពលរដ្ឋ​ទៅ​បោះឆ្នោត​និង​ម្ខាង​ទៀត​ប្រាប់​ពលរដ្ឋ​មិន​ឲ្យ​ទៅ​បោះឆ្នោត។​ យុទ្ធនាការរបស់​ភាគី​ទាំង​សង​ខាង​ធ្វើ​ឡើង​ក្រោម​រូបភាព បង្ហាញ​ចង្អុល​ដៃ​គ្មាន​ទឹក​ថ្នាំ​ខ្មៅ និងចង្អុល​ដៃ​មាន​ទឹក​ថ្នាំ។ តែ​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ធ្វើ​ការ​ទាក់​ទង​ការ​បោះឆ្នោត​ថា យុទ្ធនាការ​ជំរុញឬ​បង្អាក់​ការ​បោះ​ឆ្នោត​ដូច្នេះ ទំនង​ជា​គ្មាន​ឥទ្ធិលពល​លើ​ការ​សម្រេចចិត្ត​របស់​ពលរដ្ឋ​ឡើយ។

រូបភាព៖ អ្នក​គាំទ្រ​បក្ស​កាន់​អំណាច​និង​អតីតបក្ស​ប្រឆាំង​លើក​ចង្អុល​ដៃបង្ហាញការគាំទ្រនិងការជំទាស់
រូបភាព៖ អ្នក​គាំទ្រ​បក្ស​កាន់​អំណាច​និង​អតីតបក្ស​ប្រឆាំង​លើក​ចង្អុល​ដៃបង្ហាញការគាំទ្រនិងការជំទាស់ @សហការី
ផ្សាយពាណិជ្ជកម្ម

«ខ្មែរ​គ្រប់​ទិស​ទី​មក​ជួប​ជុំ​គ្នា ម្រាម​ដៃ​ស្អាត ថ្ងៃទី ២៩ កក្កដា ២០១៨»។ ពាក្យ​ស្លោក​នេះ​មាន​អម​ដោយ​រូបភាព​លើក​ចង្អុល​ដៃ​ស្អាត​គ្មាន​ទឹក​ថ្នាំ​ពណ៌​ខ្មៅ​ដែល​ផ្ដើម​ចេញ​ពី​អ្នក​គាំទ្រ​អតីត​គណបក្ស​សង្គ្រោះជាតិ រាប់​ចាប់​តាំង​ពី​ពលរដ្ឋ​សាមញ្ញ​រហូត​ដល់​មេដឹក​នាំ​អតីតគណបក្ស​សង្គ្រោះជាតិ​សំខាន់ៗ​រួម​មាន​លោក សម រង្ស៊ី ជាដើម។ ក្រៅ​លោក សម រង្ស៊ី អ្នកស្រី ប៊ូ រចនា ភរិយា​សព​លោក កែម ឡី ក៏​មាន​ភាព​សកម្ម​នៅ​ក្នុង​យុទ្ធនាការ​នេះ​ដែរ​។ សម្រាប់​ពួក​គេ យុទ្ធនា​ការ​ចង្អុល​ដៃ​ស្អាត​នេះ គឺ​ចង់​បង្ហាញ​ថា ពួក​គេ​មិន​គាំទ្រ​ការបោះ​ឆ្នោត​នៅ​ថ្ងៃ​ទី​២៩​ខែ​កក្កដា​ឡើយ។

ដោយ​ឡែក​សម្រាប់​អ្នក​គាំទ្រ​គណបក្ស​កាន់​អំណាច រាប់​ចាប់​តាំង​ពី​មន្ត្រី​ធំៗ​និង​ពលរដ្ឋ​សាមញ្ញ បាន​ប្ដេជ្ញា​ទៅ​បោះឆ្នោត​នៅ​ថ្ងៃ​ទី​២៩​ខែ​កក្កដា ដោយ​បង្ហាញ​ចង្អុល​ដៃ​មាន​ទឹក​ថ្នាំ​ពណ៌​ខ្មៅ អម​ដោយ​ការ​ប្ដូរ​ប្រូហ្វាល​ហ្វេស​បុក​ផង។ តាម​រយៈ​រូបភាព​នេះ ពួក​គេ​បាន​អះ​អាង​ពី​ការ​ពេញ​ចិត្ត​នឹង​ដំណើរ​ការ​បោះឆ្នោត​នៅ​ថ្ងៃ​ខាង​មុខ។

ជា​ការ​កត់​សម្គាល់​យុទ្ធនា​ការ​បញ្ច្រាស​​គ្នា​រវាង​អ្នក​គាំទ្រ​គណបក្ស​កាន់​អំណាច និង​អ្នក​គាំទ្រ​អតីត​បក្ស​ប្រឆាំង​នេះ ត្រូវ​បាន​គេ​សម្រុក​ធ្វើ​ឡើង ខណៈ​ការ​បោះឆ្នោត​កាន់​តែ​ខិត​ជិត​ចូល​មក​ដល់ ពោល​គឺ​នៅ​បាំង​តែ​ពីរ​សប្ដាហ៍​ទៀត​ប៉ុណ្ណោះ​។ យ៉ាង​ណា​ក៏​ដោយ យុទ្ធ​នាការ​ទាំង​ពីរ​នេះ ត្រូវ​បាន លោក សម គន្ធាមី ប្រធាន​អង្គការ​និច​ហ្វិក កត់​សម្គាល់​ឃើញ​​ថា មិន​សូវ​ទទួល​បាន​ការ​ចាប់អារម្មណ៍ពី​ប្រជាពលរដ្ឋ​ម្ចាស់​ឆ្នោត​ឡើយ​។ មិនចាប់​អារម្មណ៍​ក៏​ដោយ​សារ​តែ​ពលរដ្ឋ​ដឹង​ច្បាស់​ថា ពួក​គេ​នឹង​ធ្វើ​អ្វី​នៅថ្ងៃ​បោះឆ្នោត ថ្ងៃ​ទី២៩ខែកក្កដាខាង​មុខ​។

ដោយ​ឡែក​សម្រាប់ លោក ហង្ស ពុទ្ធា អ្នក​នាំ​ពាក្យ​គ.ជ.ប វិញ​។ លោក​ចាត់ទុក​ យុទ្ធនា​ការ​ទាំង​ពីរ​នេះ​ថា គ្រាន់​តែ​ជា​សិទ្ធិ​សេរីភាព​របស់​គាំទ្រ​គណបក្ស​នយោបាយ​នីមួយៗ​ប៉ុណ្ណោះ។ ពោល​គឺ​មិន​មែន​ជា​យុទ្ធនាការ​មួយ គួរ​ឲ្យ​ព្រួយ​បារម្ភ រហូត​ដល់​ធ្វើឲ្យ​ប៉ះ​ពាល់​ដំណើរ​ការ​បោះ​ឆ្នោត​ទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ