អានតួអត្ថបទ
កម្ពុជា

បក្ស​​ជាប់​ឆ្នោត​​ទាំងពីរ​​បញ្ចប់​​ភាព​ជាប់គាំង​​នៃ​​កំណែ​ទម្រង់​​ច្បាប់​បោះឆ្នោត​

គណបក្ស​​ប្រជាជន​​កម្ពុជា ​និង​​គណបក្ស​សង្គ្រោះ​ជាតិ ​បាន​​ដោះស្រាយ​​បញ្ចប់​​នូវ​​រាល់​​បញ្ហា​​ដែល​​នៅ​​សេសសល់​​ទាំង​អស់​​នៃ​​សេចក្តី​ព្រាង​​សេចក្តី​ស្នើ​​វិសោធន​កម្ម​​ច្បាប់​​ស្តីពី​​ការ​បោះឆ្នោត​​ជ្រើស​តាំង​​តំណាងរាស្ត្រ​។ ​ការ​ដោះស្រាយ​​បញ្ចប់​​បាន​​ធ្វើឡើង​​នៅ​ក្នុង​​កិច្ចប្រជុំ​​លើក​ទី​ពីរ​​របស់​​ថ្នាក់ដឹកនាំ​​តំណាងរាស្ត្រ​​នៃ​​គណបក្ស​​ប្រជាជន​​កម្ពុជា ​ដឹកនាំ​​ដោយ​​លោ​កស ខេង ​និង ​ខាង​​គណបក្ស​​សង្គ្រោះ​ជាតិ​​ដឹកនាំ​​ដោយ ​លោក​សម រង្ស៊ី ​កាល​ពី​ល្ងាច​​ថ្ងៃ​សៅរ៍​​ម្សិលមិញ​​នៅ​​វិមាន​​រដ្ឋសភា​។

ថ្នាក់​ដឹកនាំ​តំណាងរាស្រ្ត​បក្ស​ជាប់ឆ្នោត​ទាំងពីរ​បាន​ជួប​ពិភាក្សា​គ្នា​ជា​លើកទីពីរ​ ​ដើម្បី​បញ្ចប់​បញ្ហា​ដែល​នៅ​សេស​សល់​
ថ្នាក់​ដឹកនាំ​តំណាងរាស្រ្ត​បក្ស​ជាប់ឆ្នោត​ទាំងពីរ​បាន​ជួប​ពិភាក្សា​គ្នា​ជា​លើកទីពីរ​ ​ដើម្បី​បញ្ចប់​បញ្ហា​ដែល​នៅ​សេស​សល់​ RFI/ Siv Chana
ផ្សាយពាណិជ្ជកម្ម

បន្ទាប់ពី​ជួបពិភាក្សា​គ្នា​អស់​រយៈពេល​ប្រមាណ៤ម៉ោង ថ្នាក់ដឹកនាំ​តំណាងរាស្ត្រ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​បិទ​បញ្ចប់​ទាំងស្រុង​នូវ​បញ្ហា​ដែល​នៅ​សេសសល់​នៃ​សេចក្តីព្រាង​សេចក្តីស្នើ​វិសោធនកម្ម​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ។ សេចក្តីព្រាង​សេចក្តីស្នើ​វិសោធនកម្ម​ច្បាប់​នេះ ត្រូវ​ក្រុមការងារ​ចរចា​នៃ​គណបក្ស​ទាំងពីរ បាន​ជួប​ពិភាក្សាគ្នា​ជា​បន្តបន្ទាប់​អស់​រយៈពេល​ជិត៣ខែ​មកហើយ។  

លោក​សម រង្ស៊ី ប្រធាន​ថ្នាក់ដឹកនាំ​តំណាងរាស្ត្រ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​មានប្រសាសន៍ថា “ យើង​បានបញ្ចប់​ការងារ​យើង​ទាំង​អស់ហើយ ចំណុច​ដែល​នៅ​សេសសល់​យើង​បាន​ដោះស្រាយ​ទាំងអស់​ដោយ​ស្មារតី​លើកតម្កើង​ថា ជា​ស្មារតី​រួបរួម​ជាតិ​យោង​វប្បធម៌​សន្ទនា​ដែល​គណបក្ស​ទាំងពីរ​បាន​ផ្តួចផ្តើម​បង្ហាញ​ឲ្យ​ឃើញថា វប្បធម៌​សន្ទនា​នេះ​បាន​នាំមក​នូវ​ផ្លែផ្កា​ជា​វិជ្ជមាន​ហើយ​ថ្ងៃទី២៨ ខែកុម្ភៈ​នេះ គឺជា​ថ្ងៃមួយ​ដែល​អាច​កត់ត្រា​ក្នុង​ប្រវត្តិសាស្ត្រ​ថា ខ្មែរ​យើង​គ្រប់​និន្នាការ​នយោបាយ​អាច​ធ្វើការ​ជាមួយគ្នា ដើម្បី​ឧ​ត្ត​ម​ប្រយោជន៍​របស់​ជាតិ​មាតុភូមិ​នៃ​យើងទាំងអស់គ្នា បាទ ! “។

ជាមួយគ្នា​នោះ លោ​កស ខេង ប្រធាន​ថ្នាក់ដឹកនាំ​តំណាងរាស្ត្រ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា បាន​បន្ថែមថា “ ខ្ញុំ​គិតថា នីតិវិធី​បន្ត​នោះ គឺ​យើង​នឹង​ខិតខំ ដើម្បី​ធ្វើ​យ៉ាងម៉េច​ឲ្យ​ច្បាប់​នេះ​ចូល​ទៅជា​ច្បាប់​ដែលមាន​ជា​ធរមាន​អាច​ប្រើប្រាស់​បាន​ក្នុងពេលឆាប់ៗខាងមុខនេះ។

សូមបញ្ជាក់ថា ជំនួប​ថ្នាក់ដឹកនាំ​តំណាងរាស្ត្រ​នៃ​គណបក្ស​ទាំងពីរ​នេះ គឺ​បាន​ធ្វើឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​ព្រមានខ្លាំងៗចំពោះ​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ថ្ងៃទី២៥ កុម្ភៈ​ថា ប្រសិនបើ​ក្រុមការងារ​ចរចា​កែ​ច្បាប់បោះឆ្នោត​នៃ​គណបក្ស​ទាំងពីរ​នៅតែ​បន្ត​ខ្វែងគំនិត​គ្នា​ទៀត​នោះ គឺ​គួរតែ​បន្ត​ប្រើប្រាស់​ច្បាប់បោះឆ្នោត​ចាស់។

គួរ​រំលឹក​ជូន​ផងដែរ​ថា ក្រុមការងារ​ចរចា​កែ​ច្បាប់បោះឆ្នោត​នៃ​គណបក្ស​ទាំងពីរ បាន​បន្សល់ទុក​នូវ​ចំណុច​ខ្វែងគំនិត​គ្នា​ចំនួន១៥ចំណុច​ស្មើនឹង១៥មាត្រា។ ចំណុច​ខ្វែងគំនិត​ទាំងនោះ​រួមមាន​ដូចជា ការកំណត់​អត្តសញ្ញាណ​អ្នកបោះឆ្នោត ការចេញ​ឯកសារ​ឲ្យ​អ្នក​មានឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត ការបន្ថែម​អាសនៈ​រដ្ឋសភា ការកំណត់​សកម្មភាព រយៈពេល និង​ទីតាំង​នៃ​ការឃោសនាបោះឆ្នោត ការចែង​ពី​អព្យាក្រឹត​ឥត​លំអៀង​របស់​អង្គការ​សង្គម​ស៊ីវិល និង​ការចូលរួម​របស់​មន្ត្រី​កងកម្លាំងប្រដាប់អាវុធ និង​មន្ត្រី​តុលាការ​ក្នុង​សកម្មភាព​ឃោសនាបោះឆ្នោត​ជាដើម។ ចំណុច​ទាំងនេះ ត្រូវបាន​ថ្នាក់ដឹកនាំ​តំណាងរាស្ត្រ​នៃ​គណបក្ស​ទាំងពីរ បាន​ដោះស្រាយ​បញ្ចប់​ទាំងស្រុង។ ក៏ប៉ុន្តែ​ទាក់ទង​នឹង​ការធានា​និរន្តរភាព និង​ប្រក្រតីភាព​នៃ​ស្ថាប័ន​ជាតិ ដើម្បី​បង្ការ​ភាពជាប់គាំង​ក្រោយពី​ការបោះឆ្នោត ថ្នាក់ដឹកនាំ​តំណាងរាស្ត្រ​នៃ​គណបក្ស​ទាំងពីរ បាន​ព្រមព្រៀងគ្នា​ជាគោលការណ៍ ដើម្បី​សិក្សា​បញ្ហា​នេះ ហើយនឹង​រៀបចំ​ដាក់បញ្ចូល​ទៅក្នុង​អត្ថបទ​ច្បាប់​សមស្រប​ណាមួយ។ នេះ បើតាម​សេចក្តីប្រកាស​រួម​នៃ​ជំនួប​ថ្នាក់ដឹកនាំ​តំណាងរាស្ត្រ​នៃ​គណបក្ស​ទាំងពីរ។

ទន្ទឹមគ្នា​នេះដែរ គណបក្ស​ទាំងពីរ​ក៏បាន​ឯកភាពគ្នា​ថា នឹង​រៀបចំ​សិក្ខាសាលា​ពិគ្រោះ​យោបល់​លើ​សេចក្តីព្រាង​សេចក្តីស្នើ​វិសោធនកម្ម​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ និង​សេចក្តីព្រាង​សេចក្តីស្នើច្បាប់​ស្តីពី​ការរៀបចំ​និង​ការប្រព្រឹត្តទៅ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​នាពេល​ដ៏​ខ្លី​ខាងមុខនេះ​ផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ