បក្សកាន់អំណាចប្រកាសថ្កោលទោសប្រធានIPU ដែលអនុញ្ញាតឲ្យលោកសម រង្ស៊ី ចូលរួមប្រជុំនៅស្វីស
គណបក្សប្រជាជនកម្ពុជានៅថ្ងៃអង្គារនេះ បានប្រកាសថ្កោលទោសប្រធានសហភាពអន្តរសភាហៅកាត់ថាIPUចំពោះការអនុញ្ញាតឲ្យលោកសម រង្ស៊ី ដែលមិនមែនជាតំណាងរាស្រ្តកម្ពុជាចូលរួមប្រជុំក្នុងមហាសន្និបាតIPU នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។ ប្រតិកម្មរបស់បក្សកាន់អំណាចនេះ ធ្វើឡើងក្រោយពីប្រធានIPU បានអញ្ជើញតំណាងសភាកម្ពុជា និងលោកសម រង្ស៊ី ផងឲ្យចូលរួមមហាសន្និបាតរបស់ខ្លួនចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៨ខែតុលាក្នុងសប្តាហ៍នេះ។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:០៩
“គណបក្សប្រជាជនកម្ពុជាសូមថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះអាកប្បកិរិយាល្មើសច្បាប់របស់ជនលំអៀងខាងនយោបាយ និងមនោគមន៏វិជ្ជាអន្តរជាតិ“។ នេះគឺជាសំណេររបស់លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា នៅតាមបណ្តាញសង្គមតេឡេក្រាម(Telegram)មកកាន់អ្នកសារព័ត៌មាន។ ក្រៅពីប្រកាសថ្កោទោសប្រធានIPUនេះ គណបក្សប្រជាជនកម្ពុជាតាមរយៈលោកសុខ ឥសាន ក៏បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការតវ៉ាដ៏ម៉ឺងម៉ាត់របស់គណៈប្រតិភូសភាកម្ពុជា ដែលបានទៅចូលរួមប្រជុំជាផ្លូវការក្នុងមហាសន្និបាត IPU ក្នុងនាមជាតំណាងស្របច្បាប់របស់ប្រជាជនកម្ពុជា។
ការថ្កោលទោសរបស់គណបក្សប្រជាជនកម្ពុជានៅថ្ងៃនេះ ធ្វើឡើងក្រោយពីគណៈប្រតិភូសភាកម្ពុជាដឹកនាំដោយលោកស្រី ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភាខ្មែរ និងលោកសម រង្ស៊ី បានបង្ហាញវត្តមានដូចគ្នានៅក្នុងមហាសន្និបាតរបស់សហភាពអន្តរសភា IPU នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។ នេះ ធ្វើឲ្យទាំងគណៈប្រតិភូសភាកម្ពុជា និងគណបក្សប្រជាជនកម្ពុជាមិនសប្បាយចិត្តសោះឡើយ។
សម្រាប់រដ្ឋសភាកម្ពុជា ការអញ្ជើញលោកសម រង្ស៊ីទៅចូលរូមនេះ វាគឺជារឿងខុសច្បាប់។ ខុសច្បាប់ ព្រោះលោកសម រង្ស៊ី មិនមែនជាតំណាងរាស្រ្តខ្មែរទេ ហើយជាទណ្ឌិតទៅទៀត។ គណបក្សប្រជាជនកម្ពុជាវិញក៏យល់ឃើញដូចគ្នានឹងរដ្ឋសភាខ្មែរដែរ។ លោកសុខ ឥសាន ថែមទាំងហៅលោកសម រង្ស៊ីថា ជាជនក្បត់ជាតិខ្មែរ និងជាជនពនេចរគ្មានស្រុកទេស និង ជាអាយ៉ងដាច់ថ្លៃរបស់ពួកបរទេសចក្រព័ត្រអនុត្តរភាពនិយមអន្តរជាតិ ដែលលោកថា គ្មានសិទ្ធិជាតំណាងឲ្យប្រជាជនកម្ពុជាលើវេទិការអន្តរជាតិឡើយ។
លោកសម រង្ស៊ី តាមរយៈសារអេឡិចត្រូនិក(Email)មកកាន់វិទ្យុបារាំងអន្តរជាតិ បានអះអាងថា លោកទៅចូលរួមមហាសន្និបាតនេះ គឺដើម្បីតាមដានការងាររបស់ IPU។ ប៉ុន្តែនៅទីនោះ លោកក៏បានរៀបរាប់ប្រាប់ថ្នាក់ដឹកនាំ IPU ពីស្ថានការណ៍ ដែលបានកើតឡើងនៅក្នុងប្រទេសកម្ពុជាផងដែរ។ ចំពោះវត្តមានរបស់លោកសម រង្ស៊ីនេះ លោកសុខ ឥសាន បានទម្លាក់ការទទួលខុសត្រូវទាំងស្រុងទៅលើប្រធានអង្គប្រជុំ IPU ដោយចោទថា ការអនុញ្ញាតឲ្យលោកសម រង្ស៊ី ចូលរួមប្រជុំនេះ គឺជាការរំលោភសិទ្ធិ ប្រជាធិបតេយ្យរបស់ប្រជាជនកម្ពុជា និងជាការបំពានលើឯករាជ្យ និងអធិបតេយ្យភាពជាតិកម្ពុជា ព្រមទាំងរំលោភច្បាប់អន្តរជាតិថែមទៀត៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ