ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 19/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 19/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 19/10 12h00 GMT
កម្ពុជា

​CPP កោះ​ប្រជុំ​គណៈ​កម្មា​ធិការកណ្តាល​នៅ​ខែ​សីហា ចំ​ពេល​ដែល​សភា​អាមេរិក​ទើប​អនុម័ត​ច្បាប់​ដាក់​ទណ្ឌ​កម្ម​

media  
គណបក្សប្រជាជនកម្ពុជា @Internet

ខុទ្ទ​កាល័យ​នៃ​គណៈ​កម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា បាន​ចេញ​លិខិត​ជូន​ដំណឹង​មួយ​កាល​ពីថ្ងៃទី ១៦ កក្កដា ដោយ​បាន​កោះ​ប្រជុំ​គណៈ​កម្មាធិការ​កណ្តាល​របស់​ខ្លួន នៅ​ថ្ងៃទី ២២ ខែសីហា ខាង​មុខ​។ ជា​កិច្ច​ប្រជុំ ដើម្បី​បូក​សរុប​លទ្ធ​ផល​ការងារ​រយៈ​ពេល​១ឆមាស និង​ដើម្បី​លើក​ទិស​ដៅ​បន្ត​។ ប៉ុន្តែ​អ្វី​ជា​ការ​កត់​សំគាល់ កិច្ច​ប្រជុំ​នេះ បាន​ធ្វើ​ឡើង ចំ​ពេល​ដែល​សភា​សហ​រដ្ឋ​អាមេរិក ទើប​តែ​បាន​អនុម័ត​សេចក្តី​ព្រាង​ច្បាប់ ស្តីពី លទ្ធិ​ប្រជា​ធិបតេយ្យ​កម្ពុជា​ឆ្នាំ​២០១៩។ ជា​សេចក្តី​ព្រាង​ច្បាប់ ដែល​នឹង​បើក​ផ្លូវ​ឲ្យ​រដ្ឋា​ភិបាល​អាមេរិក​ដាក់​ទណ្ឌកម្ម​មក​លើ​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋា​ភិបាល​កម្ពុជា និង​អ្នក​ពាក់​ព័ន្ធ ដែល​បាន​ធ្វើ​ឲ្យ​ខូច​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា​។ 

បើ​គ្មាន​ការ​ប្រែ​ប្រួល​ទេ គណៈ​កម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា នឹង​បើក​ប្រជុំ​នៅ​ថ្ងៃទី ២២ ខែសីហា នៅ​ឯ​មជ្ឈ​មណ្ឌល​កោះ​។ កិច្ច​ប្រជុំ​ដែល​ធ្វើ​ឡើង​តែ​មួយ​ព្រឹក នឹង​មាន​ការ​ចូល​រួម​ពី​សមាជិក​គណៈ​កម្មាធិការ​កណ្តាល​គណបក្ស និង​មន្ត្រី​ជាន់​ខ្ពស់​គណ​បក្ស​ជាង​១ពាន់​នាក់​នេះ នឹង​ពិភាក្សា​ទៅ​លើ​របៀប​វារៈ​សំខាន់​ចំនួន​ពីរ៖ ទី១.ការ​បូក​សរុប​លទ្ធ​ផល​ការងារ​របស់​គណបក្ស​ក្នុង​រយៈ​ពេល​១ឆមាស និង​របៀបវារៈទី២ គឺ​ការ​លើក​ទិស​ដៅ​ការងារ​បន្ត​របស់​គណបក្ស​។ នេះ​បើ​តាម​ការ​គូស​បញ្ជាក់​ពី​លោក ឈឹម ផលវរុណ អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច​។

អ្វី​ជា​ការ​កត់​សំគាល់ ការ​កោះ​ប្រជុំ​គណៈ​កម្មាធិការ​កណ្តាល​គណ​បក្ស​កាន់​អំណាច​នៅ​ពេល​នេះ គឺ​ធ្វើ​ឡើង​ចំ​ពេល​ដែល​សភា​សហ​រដ្ឋ​អាមេរិក ទើប​តែ​បាន​អនុម័ត សេចក្តី​ព្រាង​ច្បាប់ ស្តីពី លទ្ធិ​ប្រជា​ធិបតេយ្យ​កម្ពុជា​ឆ្នាំ​២០១៩ កាល​ពី​ថ្ងៃ​ទី ១៥ កក្កដា។ ជា​សេចក្តី​ព្រាង​ច្បាប់ ដែល​នឹង​បើក​ផ្លូវ​ឲ្យ​រដ្ឋា​ភិបាល​អាមេរិក ដាក់​ទណ្ឌ​កម្ម​មក​លើ​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋា​ភិបាល​កម្ពុជា និង​អ្នក​ពាក់​ព័ន្ធ ដែល​គេ​គិត​ថា បាន​រួម​ចំណែក​ក្នុង​ការ​ធ្វើ​ឲ្យ​ខូច​ដល់​ដំណើរ​ការ​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា តាម​រយៈ​ការ​បង្កក​ទ្រព្យ​សម្បត្តិ ឬ​ហាម​មិន​ឲ្យ​ចូល​ទឹក​ដី​អាមេរិក​ជា​ដើម​។ ភ្លាមៗ​ក្រោយ​ពី​ការ​អនុម័ត​សេចក្តី​ព្រាង​ច្បាប់ HR526 នេះ ទាំង​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​និង​ទាំង​អ្នក​នាំ​ពាក្យ​រដ្ឋា​ភិបាល​កម្ពុជា បាន​ចេញ​មក​ប្រតិកម្ម​ភ្លាមៗ និង​បាន​សំដែង​ការ​សោក​ស្តាយ​យ៉ាង​ខ្លាំង​។

យ៉ាង​ណា​ក៏​ដោយ លោក ឈឹម ផលវរុណ ឲ្យ​ដឹង​ថា​តាម​ពិត​ទៅ​កិច្ច​ប្រជុំ​គណៈ​កម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​នេះ មិន​ពាក់​ព័ន្ធ​នឹង​ការ​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ដែល​ធ្វើ​ឡើង​ដោយ​សភា​សហរដ្ឋ​អាមេរិក​នោះ​ទេ​។ បើ​តាម​មន្ត្រី​អ្នក​នាំ​ពាក្យ​រូប​នេះ កិច្ច​ប្រជុំ​គណៈ​កម្មា​ធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​នេះ ត្រូវ​បាន​គ្រោង​ធ្វើ​តាំង​ពី​សប្តាហ៍​មុន​មក​ម្ល៉េះ។ ក៏​ប៉ុន្តែ កិច្ច​ប្រជុំ​នេះ​ត្រូវ​បាន​លើក​ពេល ដោយ​សារ​តែ​ស្ថាន​ភាព​ជំងឺ​គ្រេច​ស្មា​ស្តាំ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន។

គួរ​ជំរាប​ជូន​ថា គណៈ​កម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា បាន​បើក​កិច្ច​ប្រជុំ​ចុង​ក្រោយ​របស់​ខ្លួន​កាល​ពី​ចុង​ខែធ្នូ ឆ្នាំ២០១៨ តាម​រយៈ​សន្និ​បាត​លើក​ទី៤១ ដោយ​មាន​ការ​ចូល​រួម​ពី​សមាជិក​គណៈ​កម្មាធិការ​កណ្តាល​ចំនួន​៨២៩រូប លើ​រចនា​សម្ព័ន្ធ​រួម​ចំនួន​៨៦៥​រូប​។ ទោះ​យ៉ាង​នេះ​ក្តី លោក ឈឹម ផលវរុណ មិន​បាន​បដិសេធ​ដាច់​ណាត់​នោះ​ទេ​ថា របៀប​វារៈ​ស្តី​ពី កា​រវិវត្ត​នៃ​ស្ថាន​ការណ៍​នយោបាយ​ថ្មីៗ​និង​ចុង​ក្រោយ​នៅ​កម្ពុជា ក៏​នឹង​ត្រូវ​លើក​យក​មក​ពិភាក្សា​នៅ​ក្នុង​កិច្ច​ប្រជុំ​នេះ​ដែរ​៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ