ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 18/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 18/10 12h00 GMT
កម្ពុជា

​សហ​ព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា នឹង​ស្នើ​ក្រសួង​កសិកម្ម អន្តរាគមន៍​សង្គ្រោះ​ស្រូវ អង្ករ បើ​សិន​អឺរ៉ុប​ដក EBA​

media  
ស្រូវកម្ពុជា @FB/ សហព័ន្ធស្រូវអង្ករកម្ពុជា Cambodia Rice Federation-CRF

អនុ​ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ប្រសិន​បើ​ការ​ដក​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​របស់​អឺរ៉ុប​ចេញ​ពី​កម្ពុជា ប៉ះ​ពាល់​ដល់​ការ​នាំ​ចូល​អង្ករ​កម្ពុជា ទៅ​កាន់​ទីផ្សារ​អឺរ៉ុប​ដែរ​នោះ វិស័យ​ឯកជន​មួយ​នេះ នឹង​ស្នើ​ក្រសួង​កសិកម្ម​អន្តរាគមន៍​លើ​បញ្ហា​នេះ​។ ការ​គិត​ទុក​មុន​របស់​សហ​ព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ធ្វើ​ឡើង​បន្ទាប់​ពី​ប្រទេស​អ៊ីតាលី និយាយ​ដោយ​ឡែក ស្នើ​អឺរ៉ុប​ពិចារណា​ក្នុង​ការ​យក​ពន្ធ​លើ​ការ​នាំ​អង្ករ​កម្ពុជា​ទៅ​អឺរ៉ុប

ខណៈ​ដែល​បញ្ហា​ជា​រួម អឺរ៉ុប​ក៏​កំពុង​ដំណើរ​ការ​និតីវិធី​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​គ្រប់​មុខ​ទំនិញ​លើក​លែង​តែ​សព្វាវុធ​ពី​កម្ពុជា​ដែរ​។ 

ស្រប​ពេល​ដែល​បញ្ហា​កើត​ឡើង​ទន្ទឹម​គ្នា​បែប​នេះ ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា គិត​ទុក​ជា​មុន​រួច​ហើយ​ថា ខ្លួន​នឹង​ស្វែង​រក​អន្តរាគមន៍​ពី​ក្រសួង​កសិកម្ម​។ ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរ​ជាតិ​នៅ​ថ្ងៃ​សុក្រ​នេះ លោក ហ៊ុន ឡាក់ អនុ​ប្រធាន​សហ​ព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ឲ្យ​ដឹង​ថា ក្រៅ​ពី​វិស័យ​ឧស្សាហកម្ម វិស័យ​កសិកម្ម​ក៏​ត្រូវ​គិត​គូរ​ផង​ដែរ ប្រសិន​បើ​អឺរ៉ុប​ដក​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​គ្រប់​មុខ​ទំនិញ​មែន​នោះ​។ នេះ​ក៏​ដោយ​សារ​តែ​អឺរ៉ុប​គឺ​ជា​ទី​ផ្សារ​ធំ​មួយ​សម្រាប់​អង្ករ​កម្ពុជា ដែល​បាន​ជួយ​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ពលរដ្ឋ​ខ្មែរ​។

ក្រៅ​ពី​បញ្ហា EBA លោក ហ៊ុន ឡាក់ បញ្ជាក់​ថា អ៊ីតាលី ដែល​ជា​សមាជិក​សហភាព​អឺរ៉ុប បាន​ស្នើ​ឲ្យ​អឺរ៉ុប​ពិចារណា​យក​ពន្ធ​លើ​ការ​នាំ​ចូល​អង្ករ​កម្ពុជា​ទៅ​កាន់អឺរ៉ុប​។ បំណង​របស់​អ៊ីតាលី​នេះ មិន​មែន​ទើប​តែ​កើត​មាន​ទេ ប៉ុន្តែ​វា​ជា​បញ្ហា​ចាស់ កើត​ឡើង​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ និង​បាន​បន្ត​រហូត​មក​ទល់​ពេល​នេះ​ទៀត​។ អ៊ីតាលី លើក​ឡើង​ថា ការ​នាំ​ចូល​អង្ករ​ពី​កម្ពុជា​ដែល​មាន​តម្លៃ​ទាប បាន​ផ្ដល់​ផល​ប៉ះពាល់​ដល់​កសិករ​និង​ស្រូវ​អង្ករ​អ៊ីតាលីយ៉ាង​ខ្លាំង ព្រោះ​អង្ករ​អ៊ីតាលី​មាន​តម្លៃ​ខ្ពស់​ជាង ពិបាក​ប្រកួត​ប្រជែង​តម្លៃ​ជាមួយ​អង្ករ​កម្ពុជា​។

ចំពោះ​បញ្ហា​នេះ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​ពន្យល់​ទៅ​កាន់​តំណាង​សហ​ភាព​អឺរ៉ុប​ថា ប្រភេទ​ពូជ​ស្រូវ​ដែល​ផលិត​ចេញ​ជា​អង្ករ​របស់​ប្រទេស​ទាំង​ពីរ​គឺ​ខុស​គ្នា​។ ខុស​គ្នា​ត្រង់​ថា អង្ករ​កម្ពុជា​ក្រអូប និង​ជា​អង្ករ​ស​ធម្មតា​។ រីឯ​អង្ករ​អ៊ីតាលី ជា​អង្ករ​រឹង​និង​មាន​គ្រាប់​ធំ​។ ម្យ៉ាង​អង្ករ​កម្ពុជា​នាំ​ទៅ​អឺរ៉ុប គឺ​តម្រូវ​ចិត្ត​អ្នក​ប្រើ​ប្រាស់​ដែល​ជា​ជន​ជាតិ​អាស៊ី ព្រោះ​ចំណង់​ចំណូល​ចិត្ត​ជនជាតិ​អាស៊ី​ចូល​ចិត្ត​ប្រភេទ​អង្ករ​ក្រអូប និង​ស​ធម្មតា​។ ដូច្នោះ​ហើយ នៅ​ពេល​ណា​តម្រូវ​ការ​អ្នក​ហូប​ត្រូវ​ការ​អង្ករ​កម្ពុជា​ច្រើន ច្បាស់​ណាស់​វា​អាច​បង្ក​ផល​រមាស់​ដល់​អង្ករ​ដែល​ផលិត​នៅ​អឺរ៉ុប​។ នេះ​បើ​តាម​លោក ហ៊ុន ឡាក់​។ តាម​រយៈ​ការ​ពន្យល់​របស់​សហព័ន្ធ​ស្រូវ​អង្ករ​បែប​នេះ លោក ហ៊ុន ឡាក់ ថា​តំណាង​អឺរ៉ុប​នឹង​ពិចារណា​ទៅ​លើ​ការ​អនុគ្រោះ​ពន្ធ​នាំ​ចូល​អង្ករ​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប​។

សូម​បញ្ជាក់​ថា ក្នុង​មួយ​ឆ្នាំៗ អង្ករ​កម្ពុជា​នាំ​ទៅ​កាន់​អឺរ៉ុប​មាន​ចំនួន​ជាង​២សែន​តោន​។ តែ​យ៉ាង​ណា​មិញ​ក្នុង​ចំណោម​ប្រទេស​អឺរ៉ុប​ទាំង​២៧ ការ​នាំ​ចេញ​ទៅ​អ៊ីតាលី​មិន​ច្រើន​ទេ​។ ប្រទេស​ដែល​កម្ពុជា​នាំ​ចេញ​អង្ករ​ទៅ​ច្រើន​ជាង​គេ គឺ​បារាំង​និង​ប៉ូឡូញ​ឯណោះ​ទេ​។ តែ​សួរ​ថា ហេតុ​អ្វី​បាន​ជា​អ៊ីតាលី​ផ្ដើម​តវ៉ា​ខ្លាំង​ជាង​គេ ព្រោះ​ប្រទេស​នេះ​ជា​អ្នក​ផលិត​ស្រូវ​ធំ​ជាង​គេ​នៅ​ប៉ែក​អឺរ៉ុប​៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ