អានតួអត្ថបទ
កម្ពុជា-សិទ្ធិមនុស្ស

រដ្ឋា​ភិ​បាល​ប្រតិ​កម្ម​នឹង​លោក​ស្រី​ រ៉ូ​ណា ​ស្មីត ​ដែល​បារ​ម្ភ​ពី​ការ​កោះ​ហៅ​សកម្ម​ជន​អតីត​បក្ស​ប្រ​ឆាំង​

អង្គភាព​អ្នក​​នាំ​ពាក្យ​​រដ្ឋាភិ​បាល​កម្ពុជា​ បាន​​ចេញ​​សេច​ក្តី​ថ្លែង​ការណ៍​នៅ​ថ្ងៃ​ទី​ ១០​ខែ​ឧសភា ​ច្រាន​​ចោល​​ការ​លើក​ឡើង​​របស់​​អ្នក​​រាយ​ការណ៍​ពិសេស​អង្គការ​សហ​ប្រ​ជា​ជាតិ​​ទទួល​បន្ទុក​​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា​ លោក​​ស្រី​ រ៉ូណា ​ស្មីត​ ដែល​ទើប​បិទ​បញ្ចប់​ទស្សនៈ​កិច្ច​នៅ​កម្ពុជា​ថ្មី​ៗ​នេះ​។​ ប្រតិ​កម្ម​របស់​​រដ្ឋា​ភិបាល​គឺតម្រង់​ឆ្ពោះ​ទៅ​លើ​ករណី​​ដែល​​លោកស្រី​ ស្មីត​ បាន​សំដែង​​ក្តី​​បារម្ភ​ចំពោះការ​​កោះ​​ហៅ​​សកម្ម​ជន​អតីត​គណ​បក្ស​សង្រ្កោះ​ជាតិ​នៅ​ខេត្ត​បាត់​ដំបង​។​

លោកស្រី រ៉ូណា ស្មីត (ខាងឆ្វេង)
លោកស្រី រ៉ូណា ស្មីត (ខាងឆ្វេង) @សហការី
ផ្សាយពាណិជ្ជកម្ម

តាមអង្គភាព​អ្នក​នាំពាក្យ​រដ្ឋាភិបាល លោក​ស្រី រ៉ូណា ស្មីត បាន​បក​ស្រាយ​មិន​សុចរិត​ចំពោះយន្តការ​អនុវត្តច្បាប់​ដែល​ឈរលើ​អង្គហេតុ និង​អង្គច្បាប់​ចំពោះ​ជន​ណា​ដែល​តុលាការ​ ឬ អាជ្ញាធរ​យល់​ឃើញ​ ឬ សង្ស័យ​ថា ជាសកម្មភាពប្រឆាំងនឹង​សាល​ដីកាតុលាការ​កំពូល។ តុលាការ​កំពូល​ដែល​បានរំលាយគណបក្សង្រ្គោះជាតិ​កាល​ពី​ចុង​ឆ្នាំ២០១៧ ប៉ុន្តែសកម្មភាពប្រមូលផ្តុំ​របស់​សកម្មជន​គណបក្ស​ប្រឆាំង​ដ៍ធំ​មួយ​នេះនៅ​តែកើត​ខាងក្រៅប្រទេស ខណៈនៅក្នុងប្រ​ទេស​​ក៏ការ​ជួបជុំគ្នានៅខេត្តបាត់ដំបង ដែល​អាជ្ញាធរចោទថា ធ្វើឲ្យ​ប៉ះពាល់​សន្តិសុខ តម្រូវឲ្យ​ជន​នោះ ដោះបន្ទុក​តាមផ្លូវច្បាប់​ជា​មួយ​​តុលាការ។

សូម​រម្លឹកជូនថា ក្នុងសេចក្តីថ្លែការណ៍​​​​​បេសកកម្មលើកទី ៧ រយៈពេល​ ១១ថ្ងៃនៅកម្ពុជា លោក​ស្រី រ៉ូណា ស្មីត បាន​បង្ហាញការ​ព្រួយ​បារម្ភ​ចំពោះកា​រដាក់សម្ពាធទៅលើ​សមាជិក​របស់អតីត​​គណបក្ស​សង្គ្រោះជាតិ ដែល​នៅតែកើតមាន​ជាបន្ត​បន្ទាប់។ លោកស្រី ស្មីត បានកត់សំគាល់ជាពិសេសគឺតម្រង់ឆ្ពោះទៅលើការកោះហៅ​សកម្មជន​អតីត​គណ​បក្ស​ស​ង្គ្រោះជាតិ ដោយ​តុលា​ការ​​ខេត្តបាត់ដំបង ក្នុង​អំឡុង​ដំណើរទស្សនកិច្ចរបស់​លោក​ស្រី។ លោក​ស្រី រ៉ូណា ស្មីត យល់​ថា ចំណាត់ការ​បែបនេះ មិន​អាចនាំទៅរក​ការពង្រឹង​សិទ្ធិ​នយោបាយ និង​លំហប្រជាធិបតេយ្យ​​ឡើងវិញនោះទេ។ ប៉ុន្តែបើតាមអង្គភាពអ្នក​នាំពាក្យ​រដ្ឋាភិបាល រាល់​សកម្មភាព​ដែលប៉ះពាល់​ដល់​សន្តិ​សុខ​ជាតិ ឬ សណ្តាប់​ធ្នាប់​សាធារណៈ គឺមិនមែនជាសិទ្ធិនយោបាយ ឬ សិទ្ធិ​ស៊ីវិល​នោះ​ឡើយ​ ហើយ​ស្ថាន​ភាព​នេះ តម្រូវឲ្យ​អាជ្ញាធរ និង​តុលាការចាត់វិធានការ​តាម​ផ្លូវច្បាប់។

យ៉ាងហោចណាស់ មានសកម្មជនអតីត​គណបក្ស​សង្រ្គោះ​ជាតិ​ជាង​១០​នាក់​ក្នុង​ចំ​ណោម​​មនុស្សចំនួន ២៦នាក់បានចូល​ឆ្លើយបំភ្លឺ​តាមដីកាកោះ​របស់​តុលាការ​ខេត្ត​បាត់​ដំបង​​ជុំវិញការចោទថា ពួកគេបាន​ធ្វើស​កម្មភាព​ប្រឆាំង​សាលដីការបស់​តុលា​ការ​កំពូល​ដែល​ការរំលាយគណបក្សសង្រ្គោះជាតិ​ប៉ុន្តែ​តំណាងអយ្យការនៅមិនទាន់​សម្រេច​យ៉ាង​ណា​ចំពោះ​ជោគវាសនារបស់​សកម្មជនអតីត​បក្សប្រឆាំង​​ទាំងនោះនៅឡើយ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ