អានតួអត្ថបទ
កម្ពុជា

កូដកម្ម​​ទារ​​ឡើង​​ប្រាក់ខែ​​របស់​​បុគ្គលិក​​ក្រុមហ៊ុន​​សម្អាត​​សំរាម​ ស៊ីន​ទ្រី ​មិនទាន់​មាន​​ដំណោះស្រាយ​

រហូត​ដល់​​ថ្ងៃ​ទី១៦​ធ្នូ​នេះ​ កូដកម្ម​​ទាមទារ​​ឡើង​​ប្រាក់ខែ​​របស់​​បុគ្គលិក​​ក្រុមហ៊ុន​​សម្អាត​​សំរា​ម ស៊ីន​ទ្រី​ នៅ​ភ្នំពេញ ​មិនទាន់​មាន​​ដំណោះស្រាយ​​នៅឡើយ​​ទេ​។ ​ក្រុម​​បុគ្គលិក​​ប្រមាណ​​ជាង​ ១០០០ នាក់​ បាន​​បន្ត​ទារ​​ឡើង​​ប្រាក់ខែ​​មួយ​​ជា​ពីរ​ ខណៈ​ដែល​​ខាង​​ក្រុមហ៊ុន ​ស៊ីន​ទ្រី​ អះអាង​ថា ​ពុំមាន​​លទ្ធភាព​។ ​រីឯ​​អាជ្ញាធរ​​រាជធានី​ភ្នំពេញ បា​ន​​ជំរុញ​​ឲ្យ​មាន​​ដំណោះស្រាយ​​ឲ្យ​​បាន​​ឆាប់ ​ហើយ​​កុំ​​ឲ្យ​​ក្រុមហ៊ុន ​និង​​បុគ្គលិក​​ក្រុមហ៊ុន​​ស៊ីន​ទ្រី​ យក​​បញ្ហា​​សំរាម ធ្វើជា​​ចំណាប់ខ្មាំង​។

កំលាំងសន្តិសុខខណ្ឌពោធិ៍សែនជ័យ កំពុង​ប្រមូល​សំរាម​ ខណៈ​ដែលក​ម្មករ​​ក្រុមហ៊ុន ​ស៊ិន ទ្រី ​ធ្វើ​កូដកម្ម​
កំលាំងសន្តិសុខខណ្ឌពោធិ៍សែនជ័យ កំពុង​ប្រមូល​សំរាម​ ខណៈ​ដែលក​ម្មករ​​ក្រុមហ៊ុន ​ស៊ិន ទ្រី ​ធ្វើ​កូដកម្ម​ @សាលារាជធានីភ្នំពេញ
ផ្សាយពាណិជ្ជកម្ម

ចាប់តាំងពី​ល្ងាច​ថ្ងៃអាទិត្យ ទី១៤ធ្នូ រហូតដល់​ថ្ងៃទី១៦ធ្នូ បុគ្គលិក​ក្រុមហ៊ុន​សំអាត​សំរាម ស៊ីន​ទ្រី ប្រមាណ​ជាង ១០០០ នាក់ នៅ​រាជធានី​ភ្នំពេញ បានធ្វើ​កូដកម្ម ទាមទារ​ឡើង​ប្រាក់ខែ​ជាថ្មី ចាប់ពី ២០០ ដុល្លារ រហូតដល់ ៣០០ ដុល្លារ។ ពោលគឺ​ទារ​ឡើង មួយ​ជា​ពីរ។ ពីមុន​បុគ្គលិក​អ្នក​បោសសំអាត ទទួលបាន​ប្រាក់ខែ ៩០ ដុល្លារ ទៅ ១១៥ ដុល្លារ រីឯ​អ្នកបើកបរ​ឡាន​ដឹក​សំរាម ទទួលបាន​ប្រាក់ខែ​ពី ១២០ ដុល្លារ ទៅ ១៥០ ដុល្លារ។

កូដកម្ម​របស់​បុគ្គលិក​ក្រុមហ៊ុន​ស៊ីន​ទ្រី ជាថ្មី​នៅពេលនេះ បានកើត​ឡើង បន្ទាប់ពី​ក្រុមហ៊ុន មិន​ឲ្យ​អ្នកបើកបរ បូម​ប្រេងសាំង ដែល​នៅសល់​ពី​ឡាន​ប្រមូល​សំរាម ប្រមាណ​ពី ៥ ទៅ ៦ លីត្រ ក្នុង​មួយថ្ងៃ។

រហូតដល់​ថ្ងៃទី១៦ធ្នូ​នេះ កម្មករ​ផ្នែក​បោសសំអាត អះអាងថា បុគ្គលិក​ក្រុមហ៊ុន​ស៊ីន​ទ្រី​ទាំងអស់ គ្រប់ផ្នែក បន្ត​មិន​ទៅធ្វើ​ការ បន្ទាប់ពី​ក្រុម​អ្នកបើកបរ​ឡាន​ដឹក​សំរាម ផ្តើមធ្វើ​កូដកម្ម​មុនគេ។ រីឯ​ការចរចា​រក​ដំណោះស្រាយ រវាង​តំណាង​កម្មករ និង​ថៅកែ​ក្រុមហ៊ុន ស៊ីន​ទ្រី ក៏​មិនទាន់​ត្រូវ​រូ​វ​គ្នា នៅឡើយ​ទេ។

លោក សេង សា​វី អគ្គនាយក​ក្រុមហ៊ុន​ស៊ីន​ទ្រី មិនអាច​ទាក់ទង​បានទេ នៅ​ថ្ងៃទី១៦ធ្នូ។ ប៉ុន្តែ​តំណាង​ក្រុមហ៊ុន​ស៊ីន​ទ្រី បាន​ប្រាប់​អ្នកកាសែត​ថា ក្រុមហ៊ុន បាន​យល់ព្រម​ជា​បណ្តោះ​អាសន្ន ឲ្យ​អ្នកបើកបរ​ឡាន អាច​បូម​ប្រេង​នៅសល់ ដូចពេលមុន។ ប៉ុន្តែ​ការទាមទារ​ឡើង​ប្រាក់ខែ​ពី ២០០ ដុល្លារ ទៅ ៣០០ ដុល្លារ ជាការ​ទាមទារ​ហួស​ពី​លទ្ធភាព​របស់​ក្រុមហ៊ុន។

យ៉ាងណាក៏ដោយ អាជ្ញាធរ​រាជធានី​ភ្នំពេញ តាមរយៈ​លោក ឡុង ឌី​ម៉​ង់ អ្នកនាំពាក្យ បាន​ជំរុញ​ឲ្យ​មាន​ដំណោះស្រាយ​ឲ្យ​បាន​ឆាប់រហ័ស ព្រោះ​សំរាម​តាមផ្លូវ ជា​បញ្ហា​មួយ កាន់តែ​កើនឡើង។ ក្នុងនោះ អាជ្ញាធរ មិន​លូកដៃ​ក្នុង​ជម្លោះផ្ទៃក្នុង​ក្រុមហ៊ុន​ស៊ីន​ទ្រី​ទេ តែ​ទាំង​ក្រុមហ៊ុន និង​ទាំង​បុគ្គលិក​ក្រុមហ៊ុន​ស៊ីន​ទ្រី កុំ​យក​បញ្ហា​សំរាម មក​ធ្វើជា​ចំណាប់ខ្មាំង។

វិធានការ​ចំពោះមុខ​គំនរ​សំរាម ដោយសារតែ​បុគ្គលិក​ក្រុមហ៊ុន​ស៊ីន​ទ្រី​ធ្វើ​កូដកម្ម ត្រូវបាន​លោក ឡុង ឌី​ម៉​ង់ បញ្ជាក់ថា អាជ្ញាធរ​បាន​ប្រើប្រាស់​រថយន្ត និង​ចាត់​កម្លាំង​សន្តិសុខ​តាម​ខណ្ឌ​និមួយៗ ដើម្បី​កើប ប្រមូល និង​ដឹកជញ្ជូន​សំរាម យកទៅ​ចាក់​នៅ​ទីលាន​ចាក់សម្រាម​ដង្កោ។

កាលពី​ខែកុម្ភៈ និង​ខែកក្កដា ឆ្នាំ២០១៤ បុគ្គលិក​ក្រុមហ៊ុន ស៊ីន​ទ្រី បានធ្វើ​កូដកម្ម ទាមទារ​ដំឡើង​ប្រាក់ខែ និង​លក្ខខណ្ឌ​ការងារ​មួយចំនួន។ កូដកម្ម​កាលណោះ នាំ​ឲ្យ​សំរាម​គរ​ស្អុយរលួយ តាមផ្លូវ ក្នុង​រាជធានី​ភ្នំពេញ ទំរាំ​តែ​ថៅកែ និង​បុគ្គលិក​ក្រុមហ៊ុន​ស៊ីន​ទ្រី ចរចា​ត្រូវ​រូ​វ​គ្នា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ