អានតួអត្ថបទ
កម្ពុជា

ខួប​​ឃាតកម្ម​​លោក​​ជា វិជ្ជា​៖​លោក​ជា មុនី​​ថា​​ឈប់​ជឿ​​ហើយ​​រដ្ឋាភិបាល​ ខណៈ​​ឃាតករ​​ស្ថិត​នៅ​​អាថ៌កំបាំង​

ថ្ងៃនេះ គឺជា​ខួប​ទី១៣ឆ្នាំ​នៃ​ការបាញ់សម្លាប់​លោក​ជា វិជ្ជា អតីត​មេ​សហជីព​ការពារ​កម្មករ​ដ៏​ល្បីល្បាញ​មួយរូប​នៅ​កម្ពុជា។ នៅ​ព្រឹក​មិញ តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ សហជីព កម្មករ និង​សាច់ញាតិ បាន​ជួបជុំគ្នា​គោរព​វិ​ញ្ញា​ក្ខ​ន្ធ​លោក​ជា វិជ្ជា​នៅ​កន្លែង​តម្កល់​រូបសំណាក​របស់លោក​នៅ​ក្បែរ​វិមានឯករាជ្យ។ លោក​យឹម សុវណ្ណ អ្នកតំណាងរាស្ត្រ​បក្សប្រឆាំង​បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​បន្ត​ស្វែងរក​យុត្តិធម៌​ជូន​លោក​ជា វិជ្ជា។ ក៏ប៉ុន្តែ​លោក​ជា មុនី​ដែលជា​ប្អូនប្រុស​បង្កើត​លោក​ជា វិជ្ជា​វិញ​មិន​ធ្វើ​ដូច្នោះ​ឡើយ ដោយ​ពន្លះ​រដ្ឋាភិបាល​ថា ឈប់​ជឿ​ហើយ​រដ្ឋាភិបាល​នេះ និង​រង់ចាំ​រដ្ឋាភិបាល​ថ្មី ដើម្បី​ស្វែងរក​យុត្តិធម៌​ដល់​បងប្រុស​របស់លោក។ យ៉ាងណាក៏ដោយ មកដល់ពេលនេះ គឺ១៣ឆ្នាំ​ទៅហើយ​ដែល​អាជ្ញាធរ​នៅតែ​មិនអាច​វែក​រកមុខ​ឃាតករ​ពិតប្រាកដ​ឃើញ​នៅឡើយ។

តំណាងរាស្រ្ត​បក្សប្រឆាំង ​សាច់ញាតិ ​សហជីព ​និង​កម្មករ​ជួបជុំ​គ្នា​គោរព​វិញ្ញាណក្ខន្ធ​លោកជា វិជ្ជា ​នៅ​ព្រឹក​ថ្ងៃ​ទី​២២ ​មករា​ ឆ្នាំ​២០១៧​
តំណាងរាស្រ្ត​បក្សប្រឆាំង ​សាច់ញាតិ ​សហជីព ​និង​កម្មករ​ជួបជុំ​គ្នា​គោរព​វិញ្ញាណក្ខន្ធ​លោកជា វិជ្ជា ​នៅ​ព្រឹក​ថ្ងៃ​ទី​២២ ​មករា​ ឆ្នាំ​២០១៧​ @Yim Sovan Facebook Page
ផ្សាយពាណិជ្ជកម្ម

លោក​ជា វិជ្ជា ត្រូវបាន​ឃាតករ​បាញ់សម្លាប់​កាលពី​ព្រឹក​ថ្ងៃទី២២ ខែមករា ឆ្នាំ២០០៤នៅ​តូប​លក់​កាសែត​មួយកន្លែង​ជាប់​របង​វត្ត​លង្ការ ពោល គឺ​នៅ​ជិត​ផ្ទះ​របស់លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​ក្បែរ​វិមានឯករាជ្យ​តែម្តង។ មុន​ការបាញ់សម្លាប់ លោក​ជា វិជ្ជា​ដែល​កាលណោះ​ជា​សកម្មជន​របស់​គណ​បក្ស​សម រង្ស៊ី ម្នាក់​ផង​នោះ ត្រូវបាន​គេ​គំរាម​សម្លាប់​តាម​ទូរស័ព្ទ។ ទោះជា​បែបនេះ​ក្តី លោក​មិន​ព្រម​ចាក​ចេញពី​កម្ពុជា​ដើម្បី​សុវត្ថិភាព​នោះឡើយ។

លោក​ជា វិជ្ជា កាល​នៅមាន​ជិ​វីត គឺជា​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជា​ណា​កម្ពុជា។ លោក​តែងតែបាន​ជួយ​ការពារ​កម្មករ​គ្រប់បែបយ៉ាង​រហូតដល់​ភ្លេច​ទាំង​គិតពី​ជីវិត​ខ្លួន​លោក​ផង។ គឺ​លោក​ចង់ឃើញ​កម្មករ​ខ្មែរ​មាន​សិទ្ធិសេរីភាព​ចាក​ឆ្ងាយ​ពី​ការរំលោភបំពាន​ពី​ពួក​ថៅកែ​រោច​ក្រ និង​ទទួលបាន​ប្រាក់ខែ​សមរម្យ​អាច​រស់​នៅបាន។ លោក​ក៏​ធ្លាប់​ដឹកនាំ​កម្មករ​ធ្វើបាតុកម្ម ដើម្បី​ទាមទារ​អត្ថ​ប្រ​យោ​ជ​ន៏ផ្សេងៗពី​ចៅ​កែ​រោងចក្រ និង​ពី​រដ្ឋាភិបាល​កម្ពុជា​ផងដែរ។ ក៏ប៉ុន្តែ​មិនទាន់​ទាំង​បានឃើញ​កម្មករ​មាន​សិទ្ធិ និង​ប្រាក់ខែ​សមរម្យ​ផង វរជន​ក្នុង​បេះដូង​កម្មករ​រូបនេះ​ត្រូវបាន​ជន​អប្រិយ​ប្រល័យ​ជីវិត​ដោយ​គ្រាប់កាំភ្លើង​ទាំង​សង្វេគ​ក្រោម​ទឹកភ្នែក​រាប់រយ​តំណក់​ពី​សំណាក់​សាច់ញាតិ និង​កម្មករ-កម្មការិនី។

បន្ទាប់ពី​លោក​ជា វិជ្ជា​ត្រូវបាន​បាញ់សម្លាប់ អាជ្ញាធរ​រដ្ឋាភិបាល​ក៏​ចាប់ខ្លួន​ឃាតករ ប៉ុន្តែ​ចាប់​បានតែ​ឃាតករ​ដែល​មហាជន​ចាត់ទុកថា “ជា​ឃាតករ​សិប្ប​និមិត្ត”តែប៉ុណ្ណោះ។ នេះ​ក៏​ព្រោះតែ​ម្ចាស់​តប​លក់​កាសែត​ដែលជា​កន្លែង​លោក​ជា វិជ្ជា​ត្រូវបាន​បាញ់សម្លាប់​បញ្ជាក់​ប្រាប់ថា ជនសង្ស័យ​នោះ​មិនមែនជា​ឃាតករ​ពិត​ទេ។ ជនសង្ស័យ​ដែល​អាជ្ញាធរ​ចាប់ខ្លួន​នោះ គឺ​លោក​សុក សំអឿន និង លោក​ប៊​ន សំណាង។ បុរស​ទាំងពីរ​នាក់​នេះ ត្រូវបាន​តុលាការ​ក្រុងភ្នំពេញ​ឃុំខ្លួន​អស់​ពេល​ជិត៥ឆ្នាំ ហើយ​ក្រោយមក​ក៏បាន​ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ​នៅ​ចុងឆ្នាំ២០០។ ប៉ុន្តែ​នៅ​ចុងឆ្នាំ២០១២ សាលាឧទ្ធរណ៍​បានកំណត់​ដាក់ទោស​ពួកគេ​ឲ្យ​ជាប់ពន្ធនាគារម្នាក់២០ឆ្នាំ​ឡើងវិញ។ លុះដល់​ថ្ងៃទី២៥ ខែកញ្ញា​ឆ្នាំ២០១៣ តុលាការ​កំពូល​បានសម្រេច​ដោះលែង​ពួកគេ​ឲ្យ​មាន​សេរីភាព​ឡើងវិញ បន្ទាប់ពី​ត្រូវ​ដេក​ក្នុង​គុក​ទាំង​មិនមាន​កំហុស​ជាច្រើន​ឆ្នាំ​មក។

រឿងរ៉ាវ​បាញ់សម្លាប់​លោក​ជា វិជ្ជា​នេះ ត្រូវបាន​ផលិតករ​ជាតិ​អាមេរិក​ម្នាក់​រៀបចំ​ជា​ខ្សែភាពយន្ត​ឯកសារ​មួយ​មាន​ចំណងជើង​ថា “នរណា​សម្លាប់​ជា វិជ្ជា?” ។ ប៉ុន្តែ​គួរ​ឲ្យ​សោកស្តាយ ខ្សែភាពយន្ត​នេះ មិន​ត្រូវបាន​អាជ្ញាធរ​អនុញ្ញាត​ឲ្យ​ចាក់​បញ្ចាំង​ជា​សាធារណៈ​ឡើយ។

នៅ​ឆ្នាំ២០១១ រដ្ឋាភិបាល​កម្ពុជា​បានអនុញ្ញាត​ឲ្យ​សាងសង់​រូបសំណាក​លោក​ជា វិជ្ជា នៅលើ​សួនច្បារ​ខាងលិច​វិមានឯករាជ្យ​សម្រាប់រ​ឮ​ក​វិញ្ញាណក្ខន្ធ​និង​ចងចាំ​នូវ​គុណូបការៈ​ដ៏​ថ្លៃថ្លា​របស់លោក។ គឺ​កន្លែង​នេះ​បានក្លាយ​ជាទី​ជួបជុំគ្នា​ជា​រៀងរាលឆ្នាំ​របស់​អ្នកតំណាងរាស្ត្រ​បក្សប្រឆាំង សាច់ញាតិ សហជីព និង​កម្មករ ដើម្បី​គោរព​វិ​ញ្ញា​ក្ខ​ន្ធ​លោក​ជា វិជ្ជា។ ដូច​សព្វ​មួយ​ដែរ អ្នក​ចូល​រូ​ម​តែងតែ​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ស្វែងរក​យុត្តិធម៌​ជូន​លោក​ជា វិជ្ជា។ យ៉ាងណាក៏ដោយ នៅថ្ងៃនេះ ខែ​នេះ ឆ្នាំនេះ គឺ​រយៈពេល១៣ឆ្នាំ​គត់​ទៅហើយ តែ​រដ្ឋាភិបាល​នៅតែ​មិនអាច​ស្វែងរក​ឃាតករ​ពិតប្រាកដ​ឃើញ​ទៀត។ គឺ​នៅត្រង់ចំណុច​នេះហើយ​ដែល​លោក​ជា មុនី ប្អូនប្រុស​បង្កើត​លោក​ជា វិជ្ជា ប្រកាសថា ឈប់​ជឿ​រដ្ឋាភិបាល​នេះ​ទៀតហើយ គឺ​រង់ចាំ​រដ្ឋាភិបាល​ថ្មី ដើម្បី​ស្វែងរក​យុត្តិធម៌​ដល់​បងប្រុស​របស់លោក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ