អានតួអត្ថបទ
កម្ពុជា-នយោបាយ

សមត្ថ​កិច្ច​បិទ​ចរា​ចរណ៍​នៅ​ច្រក​ព្រំ​ដែន​ប៉ោយ​ប៉ែត​ ចំ​ថ្ងៃ​កំណត់​ធ្វើ​មាតុភូមិ​និវត្តន៍​របស់​លោក​ សម​ រង្ស៊ី​

ច្រកទ្វារ​អន្តរ​ជាតិ​ព្រំដែន​ប៉ោយ​ប៉ែត​ខេត្ត​បន្ទាយ​មាន​ជ័យ​ត្រូវ​បាន​បិទ​ការ​ធ្វើ​ដំណើរ​ឆ្លងកាត់​ទាំង​ស្រុង​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ ខណៈ​ដែល​ដល់​ថ្ងៃ​កំណត់​នៃការ​មក​ដល់​របស់​ ក្រុម​ លោក សម​ រង្ស៊ី​។​ ការ​បិទ​ច្រក​ទ្វារ​អន្តរជាតិ​ដ៍​សំខាន់​មួយ​នេះ បាន​ធ្វើ​ឲ្យ​អាជីករ​និង​ក្រុម​អ្នក​ប្រកប​របរ​ទាំង​នៅ​ខាង​ទឹក​ដី​កម្ពុជា​ និង​នៅ​ខាង​ទឹក​ដី​ថៃ​ ត្រូវ​បាន​ខក​ខាន​។

ទិដ្ឋភាពនៅច្រកព្រំដែន​ប៉ោយ​ប៉ែត
ទិដ្ឋភាពនៅច្រកព្រំដែន​ប៉ោយ​ប៉ែត @សហការី
ផ្សាយពាណិជ្ជកម្ម

នៅ​ខាង​ទឹក​ដី​កម្ពុជា​កម្លាំង​ប្រដាប់​អាវុធ​ត្រូវ​បាន​ដាក់​ពង្រាយ​រាប់​រយ​នាក់​ហើយ​របាំង​បិទ​ផ្លូវ​ត្រូវបាន​ដាក់​កាត់​ទទឹង​ផ្លូវ​ចំងាយ​ប្រមាណ​៥០០​ម៉ែត្រ​ពី​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត ដោយ​មិន​ឲ្យ​មាន​ការ​ធ្វើ​ដំណើរ​ឆ្លង​កាត់​បាន​ឡើយ​។ ប៉ុន្តែ​បន្ទាប់ពី​មាន​ការ​ស្ទះ​កក​កុញ​មួយ​រយៈ ​នៅ​ម៉ោង​ជិត​១០​ព្រឹក សមត្ថកិច្ច​បាន​បើក​ឲ្យ​អ្នក​ថ្មើ​ជើង​អាច​ដើរ​ចេញចូល​បាន​នៅខាង​ច្រក​តូចៗ តែ​ហាម​ឃាត់​មិន​ឲ្យ​បើក​ម៉ូតូ រថយន្ត និង​អូស​រទេះ​ចេញ​ចូល​ឡើយ​។

ជាមួយគ្នា​នោះ​ដែរ នៅ​ប៉ែក​ខាង​ទឹក​ដី​ថៃ​តំបន់​ផ្សាររ៉ុង​ក្លឿឯណោះវិញ គេ​សង្កេត​ឃើញថា​ អាជីវករ​ខ្មែរ​ដែល​លក់​ដូរ​នៅទី​នោះ​ក៏​បាន​នាំ​គ្នា​បិទ​តូប​លក់​ដូរ​ស្ទើរ​ទាំង​ស្រុង​ផងដែរ តែ​គេ​មិន​ឃើញ​មានកង​កម្លាំង​តម្រួតថៃ​ត្រូវ​បាន​ដាក់​ពង្រាយ​ច្រើន​នោះទេ​។

សេចក្តី​រាយការណ៍​ពី​អ្នក​គាំទ្រ លោក សម រង្ស៊ី បានអះអាងថា ពួកគេ​បានធ្វើ​ដំណើរ​ចេញ​ពី​ទី​ក្រុងបាងកក ​មក​ដល់​ផ្សារ​រ៉ុង​ក្លឿ​ នៅ​ខាង​ទឹក​ដីថៃ​ជា​បណ្តើរៗ​តាំងពី​ព្រឹក​ព្រលឹម​មកម្ល៉េះ តែ​ពួកគេ​មិន​ទាន់​បង្ហាញ​សកម្មភាព​ជួប​ជុំ​គ្នា​នៅ​ឡើយ ដោយ​រងចាំ​បញ្ជាពី​មេដឹក​នាំ​របស់​ខ្លួន​។ ​ម្យ៉ាង​ទៀត​ពួកគេថា ​មិន​ចង់​បង្ហាញ​សកម្មភាព​ជាមុន​​ព្រោះ​ខ្លាច​តម្រួត​ថៃ​មក​រារាំង។

ចំណែក​ក្រុម​អាជីវករ​ដែល​​កំពុង​ប្រកប​របរ​រក​ស៊ី​នៅ​ទីក្រុង​ប៉ោយប៉ែត បាន​ត្អូញ​ត្អែរ​ពី​ការ​បាត់​បង់​ចំណូល​ប្រចាំថ្ងៃ នៅគ្រា​ដែល​កង​កម្លាំង​ប្រដាប់​អាវុធ​ត្រូវ​បានដាក់​ពង្រាយ​តាំងជាង​មួយ​សប្តាហ៍​ម​ក​នេះ ​ធ្វើឲ្យ​អ្នក​ទេចរសណ៍​ឬ​អ្នក​ធ្វើ​ដំណើរ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ដ៍សំខាន់​នេះ​ធ្លាក់​ចុះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ