អានតួអត្ថបទ
កម្ពុជា-បោះឆ្នោត

ក្រុមប្រឹក្សា​ធម្មនុញ្ញ​នឹង​ជំនុំ​ជម្រះ​លើ​សំណុំ​រឿង​យុទ្ធនាការ​ម្រាម​ដៃ​ស្អាត នៅ​ពាក់​កណ្តាល​ខែ​នេះ

តាម​គម្រោង​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​នឹង​បើក​សវនាការ​ជំនុំ​ជម្រះ​លើ​សំណុំ​រឿង​ពលរដ្ឋ៣ នាក់ រស់​នៅ​ក្នុង​ខេត្ត​បាត់​ដំបង ទាក់​ទង​យុទ្ធនាការ​ម្រាម​ដៃ​ស្អាត នៅ​ថ្ងៃ​ទី​១៥​សីហា។ ការ​ជំនុំ​ជម្រះ​ធ្វើ​ឡើង​បន្ទាប់​ពី ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ របស់​គ.ជ.ប កាល​ពី​ថ្ងៃ​ពុធ​ទី​៨​សីហា ស​ម្រេច​លើក​លែង ការ​ចោទ​ប្រកាន់​លើ​សកម្មជន​បក្ស​ប្រឆាំង​២​នាក់ ក្នុង​ចំណោម​៥​នាក់ ដែល​តម្រូវ​ឲ្យ​បង់​ថ្លៃ​ផាក​ពិន័យ​ក្នុង​ម្នាក់​១០​លាន​រៀល​ទាក់ទង​ម្រាម​ដៃ​ស្អាត។

រូបភាព៖ក្រុមប្រឹក្សាធម្មនុញ្ញ
រូបភាព៖ក្រុមប្រឹក្សាធម្មនុញ្ញ @សហការី
ផ្សាយពាណិជ្ជកម្ម

លោក សំ សុគង់ មេធាវី​តំណាង​ឲ្យ​ពលរដ្ឋ​ចំនួន​៣​នាក់​បាន​អះ​អាង​នៅ​ថ្ងៃ​សៅរ៍​នេះ​ថា លោក​មាន​ក្ដី​សង្ឃឹម​ចំនួន​ពីរ នៅ​ពេល​ដែល​សំណុំ​រឿង​ម្រាម​ដៃ​ស្អាត​នេះ ឡើង​ទៅ​ដល់ដៃ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ។ នោះ​គឺ​ពលរដ្ឋ​ម្នាក់​នឹង​ទទួល​បាន​ការ​លើក​លែង ការ​ផាកពិន័យ​១០​លាន​រៀល និង​២​នាក់​ទៀត​ក្នុង​ម្នាក់​៥​លាន​រៀល ប្រសិន​បើ​ការ​ជំនុំ​ជម្រះ​នផ្អែក​តាម​ទិដ្ឋភាព​ច្បាប់។ តែ​បើ​ការ​ជំនុំ​ជម្រះ​ផ្អែក​ទៅ​លើ ទិដ្ឋ​ភាព​នយោ​បាយ​វិញសំណុំ​រឿង​នេះ នឹង​មាន​សង្ឃឹម​ស្ដួច​ស្ដើង ឬ​ក៏​មិន​មាន​សង្ឃឹម​សោះ​តែ​ម្ដង។ នេះ​បើតាម​លោក​មេធាវី សំ សុគង់។

លោក ព្រហ្ម វិចិត្រអក្ខរា អគ្គ​លេខាធិការ​រង​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ និង​ជា​អ្នក​នាំ​ពាក្យ​ក្រុមប្រឹក្សា​ធម្ម​នុញ្ញ​បាន​គូស​បញ្ជាក់ថា ក្រុម​ប្រឹក្សា​ធម្មនុញ្ញ បាន​ចាត់​មន្ដ្រី​ជំនាញ​ចុះ​ធ្វើ​ការស៊ើប​សង្កេត និង​ស្រាវជ្រាវ​លើករណី​នេះ បន្ទាប់​ពី​បាន​ទទួល​ពាក្យ​បណ្ដឹង នៅ​ថ្ងៃ​ទី​១០ ខែ​សីហា។ ហើយ​នៅ​ពេល​នេះ​ស្ថាប័ន​កំពូល​នេះ កំពុង​ពិនិត្យ​ក្នុង​ក្រប​ខ័ណ្ឌ​បច្ចេក​ទេស ដើម្បី​ដាក់​ជូន​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ដែល​ជា​អង្គ​ជំនុំ​ជម្រះ ដើម្បី​ពិនិត្យ​សម្រេច​បន្ដទៀត។​

អ្វី​ជា​ការ​កត់​សម្គាល់ នៅ​ក្នុង​ចំណោម​ពលរដ្ឋ​ទាំង​៥​នាក់ ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ថា មាន​ជាប់​ទាក់​ទង​នឹង​យុទ្ធនាការ​ម្រាម​ដៃ​ស្អាត​មុន​ការ​បោះឆ្នោត​នេះ​គឺ​លោក ជា ជីវ​ ជា ប្រធាន​គណៈកម្មាការ​ប្រតិបត្តិ​របស់​អតីត​គណបក្ស​សង្គ្រោះជាតិ​ប្រចាំ​ខេត្ត​បាត់​ដំបងនៅ​តែ​ទទួល​រង​ការ​ផាក​ពិន័យ​ចំនួន​១០​លាន​រៀន​ដដែល ខណៈ​បុគ្គល​២​នាក់​ទៀត​ត្រូវ​បង់​ថ្លៃ​ផាក​ពិន័យ​ក្នុង​ម្នាក់​៥​លាន​រៀល។

បើ​តាម​លោក សំ សុគង់ នៅ​ក្នុង​សំណុំ​រឿង​ម្រាម​ដៃ​ស្អាត​នេះ ករណី​ខេត្តបាត់​ដំបងធ្ងន់ធ្ងរ​ជាង​គេ​ក្នុង​ចំណោម​ខេត្ត​ឯ​ទៀត​ដូចជាៈ សៀមរាប ព្រះសីហនុ ស្វាយរៀង និងកំពត ដោយ​ខេត្ត​ទាំង​នេះ​បញ្ចប់​ត្រឹម គ.ខ.ប ថ្នាក់​ខេត្ត។ ប៉ុន្តែ​យ៉ាងណា​ក៏​ដោយសម្រាប់​ខេត្ត​កំពត​ក្រុម​ប្រឹ​ក្សា​​ជំនុំ​ជម្រះ គ.ជ.ប នៅ​ថ្ងៃ​សុក្រ​ម្សិលមិញ បាន​សម្រេច​លើក​លែង​ការ​ផាក​ពិន័យ​លើ​មនុស្ស​៥​នាក់ ដែល​ពាក់ព័ន្ធ​នឹង​យុទ្ធនាការ​ម្រាម​ដៃ​ស្អាត​នេះដែរ​។ បើ​តាម គ.ជ.ប ការ​សម្រេច​នេះ ធ្វើ​ឡើង​ក្រោយ​ពី គ.ជ.ប រក​ឃើញ​ថា អ្នក​ទាំង​៥ មិន​បាន​បង្ហោះ​ផ្សព្វ ផ្សាយ​ពី​យុទ្ធនាការ​ម្រាម​ដៃ​ស្អាត​ដោយ​ខ្លួន​ឯង​ឡើយ។

គួររំឮកថា ជុំវិញ​សំណុំ​រឿង​យុទ្ធនាការ​ម្រាម​ដៃ​ស្អាត​នេះ ត្រូវ​បាន​អាជ្ញាធរ​ទាញ​ភ្ជាប់​នឹងសកម្មភាព​នៅ​ក្រៅ​ស្រុក​ដឹក​នាំ​ដោយ​លោក សម រង្ស៊ី ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ