អានតួអត្ថបទ
កម្ពុជា-នយោបាយ

កិច្ច​ពិភាក្សា​តុ​មូល៖ គណបក្ស​នយោបាយ​មើល​ឃើញ​ផ្សេង​គ្នា​ពី​ប្រជាធិបតេយ្យ

រាជបណ្ឌិត្យ​សភា​កម្ពុជា នៅ​ថ្ងៃ​សៅរ៍​ទី​១០​មីនា​នេះ បាន​រៀបចំ​កិច្ច​ពិភាក្សា​តុ​មូល​ស្តី​អំពី​ដំ​ណើរ​ការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ដោយ​មាន​គណបក្ស​នយោបាយ​ចំនួន​៥​ចូល​រួម។ជា​ការ​កត់​សម្គាល់ នៅ​ក្នុង​កិច្ច​ពិភាក្សា​នោះ គណបក្ស​នយោបាយ​បាន​មើល​ឃើញផ្សេង​គ្នា​ពី​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

rfi/siv channa
ផ្សាយពាណិជ្ជកម្ម

លោក ផាក់ ស៊ីកាន ប្រធាន​គណបក្ស​សម្បុក​ឃ្មុំ​សង្គម​ប្រជាធិប​តេយ្យ​លើក​ឡើង​ថា បើ​គេ​ចង់​ដឹង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ថយ​ក្រោយ​ឬ​ទៅ​មុខ​នោះ គឺ​គេ​ត្រូវ​មើល​ទៅ​លើ ប្រព័ន្ធ​យុត្តិធម៌ ឯករាជ្យភាព​របស់​កង​កម្លាំង​ប្រដាប់​អាវុធ សេរី​សារព័ត៌មាន និងសេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ជា​ដើម។

ផ្ទុយ​ពី​តំណាង​គណបក្ស​សម្បុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ លោក សាម ស៊ុនឌឿន តំ​ណាង​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​មើល​ឃើញ​ថា ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ប្រជា​ធិប​តេយ្យ​នៅក​ម្ពុជា​បាន​ប្រែ​រូប​ ផ្ទុយ​ពី​ខ្លឹម​សារ​ប្រជាធិបតេយ្យ​ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋ​ធម្ម​នុញ្ញ។ លោក​បាន​គូស​បញ្ជាក់​ថា ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ពិត​ជា​មាន ប៉ុន្តែ​អ្នក​ពាក់​ព័ន្ធ​មិន​បាន​រួម​គ្នា​ពង្រឹង​បាន​ធ្វើ​ឲ្យ​ប្រជាធិប​តេយ្យ​ធាក់​ថយ​ក្រោយ​វិញ។

ចំណែក លោក សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​អះអាង​ថា ប្រជាធិប​តេយ្យ​នៅ​កម្ពុជា​គឺ​យក​ប្រជាជន​ជា​ធំ​តាម​រយៈ​ស្ថាប័ន​រដ្ឋ​ចំនួន​បី​ដែល​តំណាងឲ្យពលរដ្ឋ​ជិត​១៦​លាន​នាក់ ដោយ​រួមមាន៖ ស្ថានប័ន​ព្រឹទ្ធសភា រដ្ឋសភា និង​រដ្ឋាភិបាល។ បើ​តាម​លោក សុខ ឥសាន គេ​មិន​អាច​វាយ​តម្លៃ​ថា ប្រជាធិប​តេយ្យ​នៅ​កម្ពុជា​ដើរថយ ដោយ​គ្រាន់​តែ​ស្ដាប់​ឮមតិ​ភាគ​តិច​ប៉ុណ្ណោះ​ទេ។

នៅ​ក្នុង​កិច្ច​ពិភាក្សា​ដែល​មាន​រយៈ​ពេល​ជិត​៣​ម៉ោង​នេះ លោក គិន ភា ប្រធានវិទ្យាស្ថាន​ទំនាក់​ទំនង​អន្តរជាតិ​នៃ​រាជ្យ​បណ្ឌិត​សភា និង​ជា​អ្នក​សម្រប​សម្រួល​បាន​វាយ​តម្លៃថា គេ​មិន​អាច​និយាយ​ថា លទ្ធិ​ប្រជាធិបតេយ្យ​កម្ពុជា​ដើរ​ថយ​ក្រោយ​បាន​ទេ ។ មិន​ដើរថយ​ក្រោយ​ដោយ​សារ​តែ​លោក​មើល​ឃើញ​ថា​ អ្នក​ខ្លះ​មាន​សិទ្ធិ​បញ្ចេញយោ​បល់ រហូតដល់​ហ៊ាន​ជេរ​ប្រមាថ​គេ​ឯង ដែល​ចំណុច​នេះ បង្ហាញ​ពី​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ។

ជា​ការ​កត់​សម្គាល់ កិច្ច​ពិភាក្សា​ស្ដី​ពី​ដំណើរ​ការ​លទ្ធិ​ប្រជាធិប​តេយ្យ​នៅ​កម្ពុជា​រៀប​ចំឡើង​ជួន​ចំ​ពេល​ដំណើរ​ទស្សនៈ​កិច្ច​របស់​លោក​ស្រី រ៉ូណា ស្មីត អ្នក​រាយការណ៍​ពិសេ​ស​របស់​អង្គ​ការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។ នៅ​ក្នុង​ជំនួបជាមួយ​មន្ត្រី​រដ្ឋាភិ​បាល លោក​ស្រី រ៉ូណា ស្មីត អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា បាន​សម្ដែង​ក្ដី​បារម្ភ​ពី​បញ្ហា​សិទ្ធិ​មនុស្ស។ ប៉ុន្តែមន្ដ្រី​រដ្ឋាភិបាល បាន​ពន្យល់​ទៅ​លោក​ស្រី​វិញ​ថា អ្វី​រដ្ឋាភិបាល​ខ្មែរ​បានធ្វើ និង​កំពុងតែ​ធ្វើ​នាពេលនេះ គឺ​ដើរ​នៅលើ​ផ្លូវត្រូវ ហើយ​ថា​ថ្ងៃ​ណាមួយ​លោកស្រី​រ៉ូ​ណា ស្មី​ត នឹង​យល់​ពី​បញ្ហា​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ