អានតួអត្ថបទ
កម្ពុជា-អាមេរិក

ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​គ្រោង​ធ្វើ​បាតុកម្ម​ប្រឆាំង​វត្ត​មាន​របស់​លោក ហ៊ុន សែន នៅ​ឯ​អង្គការសហ​ប្រជាជាតិ

ពលរដ្ឋខ្មែរ-អាមេរិកាំង ដែល​គេ​ដឹង​ថា ជា​អ្នក​គាំទ្រ​អតីត​គណបក្ស​សង្គ្រោះជាតិ គ្រោង​រៀប​ចំ​ធ្វើបាតុកម្ម​មួយ នៅ​ថ្ងៃ​ទី ២៩ កញ្ញា ខាង​មុខ​នេះ ដើម្បី​ប្រឆាំង​នឹង​វត្តមាន​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​លើ​ទឹក​ដី​សហរដ្ឋ​អាមេរិក។ បើ​តាម​គម្រោង បាតុកម្ម​នេះ​នឹង​ធ្វើ​ឡើង​នៅ​មុខទីស្នាក់​ការ អង្គការ​សហ​ប្រជាជាតិ ជាទី​ដែល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ថា លោក​នឹង​ទៅ​ចូល​រួម​កិច្ច​ប្រជុំ​នៅ​ចុង​ខែ​កញ្ញា។

​លោក​នាយក​រដ្ឋមន្ត្រី​​ហ៊ុន សែន និងអ្នកគាំទ្រ​នៅប្រទេស​អូស្ត្រាលី​នាពេលកន្លងមក
​លោក​នាយក​រដ្ឋមន្ត្រី​​ហ៊ុន សែន និងអ្នកគាំទ្រ​នៅប្រទេស​អូស្ត្រាលី​នាពេលកន្លងមក @សហការី
ផ្សាយពាណិជ្ជកម្ម

គម្រោង​បាតុកម្ម​របស់​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ២៩ ខែកញ្ញា នៅ​មុខ​អគារ​ទីស្នាក់​ការ​អង្គការ​សហប្រជាជាតិ​នៅ​ទី​ក្រុង​ញូវយ៉ក​សហរដ្ឋ​អាមេរិក។ នេះ​បើ​យោង​តាម​លិខិតអំពាវនាវ​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​សហរដ្ឋ​អាមេរិក (CNRP​-​USA​)​ ចុះ​ថ្ងៃ​ទី ៦ កញ្ញា។ លិខិត​ដដែល​នេះ បាន​លើក​ឡើង​ថា គម្រោង​បាតុកម្ម​នេះ ធ្វើ​ឡើង​ដើម្បី​ប្រឆាំង​នឹងវត្ត​មាន​របស់​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​លើ​ទឹក​ដី​សហរដ្ឋ​អាមេរិក និង​ដើម្បី​អំពាវនាវដល់​សហគមន៍​អន្តរជាតិ និង​ប្រទេស​ហត្ថលេខី​នៃ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស កុំ​ឲ្យទទួល​ស្គាល់​រាជរដ្ឋាភិបាល​ថ្មី​របស់​កម្ពុជា ដែល​ទើប​បង្កើត​ឡើង កាល​ពី​ថ្ងៃ​ទី ៦ កញ្ញា។

លិខិត​របស់​អតីត​គណបក្សសង្គ្រោះ​ជាតិ​ប្រចាំ​សហរដ្ឋ​អាមេរិក (CNRP-USA) ដដែល ក៏​បានអំពាវនាវ​ដល់​អ្នក​គាំទ្រ សមាជិក-សមាជិកា និង​ប្រជាពលរដ្ឋ​ខ្មែរ​-​អាមេរិកាំង​​ទាំង​អស់​ ចូល​រួមនៅ​ក្នុង​បាតុកម្ម​នេះ ដើម្បី​ប្រឆាំង​នឹង​វត្តមាន​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ​ប្រសិន​បើគម្រោង​របស់​លោក​មិន​ត្រូវ​បាន​លុប​ចោល​ទេ​នោះ។

គួរជំរាបជូនថា កាល​ពី​ខែ​សីហា​កន្លង​ទៅ លោកនាយករដ្ឋ​មន្ត្រី​ហ៊ុន សែន បាន​ប្រកាស​ពី​ការប្រញាប់​ប្រញាល់​ក្នុង​ការ​បង្កើត​រាជរដ្ឋាភិបាល​ថ្មី​អាណត្តិ​ទី​៦​ឲ្យ​បាន​រួចរាល់ ក្នុង​អំឡុង​ដើម​ខែកញ្ញា​នេះ ដើម្បី​ផ្តល់​លទ្ធភាព​ឲ្យ​លោក​អាច​អញ្ជើញ​ទៅ​ចូលរួម​ថ្លែង​ការណ៍​នៅ​ក្នុង​កិច្ច​ប្រជុំមហាសន្និបាត​លើក​ទី៧៣​របស់​អង្គការ​សហប្រជាជាតិ។ មហាសន្និបាត​លើក​ទី៧៣​របស់​អង្គការ​សហប្រជាជាតិ ដែល​គ្រោង​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី ២៥ កញ្ញា ខាង​មុខ​នេះ។ ក្រៅ​ពី​នោះ លោក​នាយករដ្ឋមន្ត្រី ក៏​គ្រោង​នឹង​ទៅ​ចូលរួម​កិច្ច​ប្រជុំ​មួយ​ចំនួន​ទៀត​នៅ​អឺរ៉ុប ជា​អ្វី​ដែល​អ្នកវិភាគ​បាន​មើល​ឃើញ​ថា គឺ​ជា​ការ​ផ្គើន​នឹង​គម្រោង​ធ្វើ​បាតុកម្ម​របស់​ពលរដ្ឋ​ខ្មែរ-អាមេរិ​កាំង ដែល​ភាគ​ច្រើន គឺ​ជា​អ្នក​គាំទ្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ។

យ៉ាង​ណា​​ក៏ដោយ លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​រាជរដ្ឋាភិបាល​ថ្មី បាន​ឲ្យ​ដឹង​ថា គម្រោងរបស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នឹង​មិន​ផ្លាស់​ប្តូរ​នោះ​ឡើយ។ ឆ្លើយ​តប​ទៅ​នឹង​គម្រោងបាតុកម្ម​នៅ​សហរដ្ឋអាមេរិក លោក ផៃ ស៊ីផាន ដែល​ទើប​ទទួល​បាន​ការ​តែង​តាំង​ជា​រដ្ឋ​មន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​បាន​ចាត់​ទុក​ថា គឺ​គ្រាន់​តែ​ជា​សម្រែក​របស់​អ្នក​ចាញ់ និង​ជា​សម្រែករបស់​សម្លេង​ភាគ​តិច​ប៉ុណ្ណោះ។ បើ​តាម​លោក ផៃ ស៊ីផាន តាម​គម្រោង​លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន ក៏​នឹង​មាន​ជំនួប​ជាមួយ​ពលរដ្ឋខ្មែរ-អាមេរិកាំង ដែល​គាំទ្រ​រដ្ឋាភិបាល​កម្ពុជា នៅ​លើទឹក​ដី​សហរដ្ឋ​អាមេរិក​ផង​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ