ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 11/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 11/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 10/12 12h00 GMT
general

WB​៖ ​ឆ្នាំ ២០១៧ សេដ្ឋកិច្ច​កម្ពុជា​ថមថយ​បន្តិច ​ដោយ​សារ​ការ​ធ្លាក់​ចុះ​នៃ​ការ​នាំ​ចេញ​ផលិតផល​កាត់ដេរ​

media  
អ្នក​ជំនាញ​សេដ្ឋកិច្ច​នៃ​ធនាគារ​ពិភពលោក ​(World Bank) ​បាន​ធ្វើ​បទបង្ហាញ​នៃ​ការ​ចេញ​ផ្សាយ​របាយការណ៍​ស្តីពី ​“​បច្ចុប្បន្នភាព​សេដ្ឋកិច្ច​តំបន់​អាស៊ី​បូព៌ា​ និង​ប៉ាស៊ីហ្វិក​” ​នៅ​ថ្ងៃទី​ ០៤ ​តុលា ​ឆ្នាំ២០១៧​នេះ​។​ @RFI

កំណើន​សេដ្ឋកិច្ច​កម្ពុជា​ត្រូវបាន​ព្យាករណ៍​ថា មាន​អត្រា​ថមថយ​តិចតួច​ពី​ឆ្នាំ២០១៦ ពោល​​គឺ ពី​អត្រា៧% នៅ​ឆ្នាំ២០១៦ មក​នៅត្រឹម៦.៨%នៅ​ឆ្នាំ២០១៧។ ធនាគារ​ពិភព​លោក ​(World Bank) ដែល​បានចេញ​ផ្សាយ​របាយការណ៍​ថ្មី​ស្តីពី “បច្ចុប្បន្នភាព​សេដ្ឋកិច្ច​តំបន់​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក” នៅ​ថ្ងៃទី ០៤ តុលា​នេះ បាន​លើកឡើងថា ការ​ថមថយ​តិច​តួច​នេះ គឺ​បណ្តាលមកពី​ការធ្លាក់ចុះ​នៃ​ការនាំចេញ​ផលិតផល​វាយនភ័ណ្ឌ​កម្ពុជា។ ប៉ុន្តែ​​ការព្យាករណ៍​នេះ គឺ​ផ្ទុយ​ពី​ការព្យាករណ៍​របស់​ធនា​គារ​អភិវឌ្ឍន៍អាស៊ី​ដែល​លើក​ឡើង​ថា សេដ្ឋកិច្ចកម្ពុជា​នឹង​កើនឡើង​នៅ​ពីរ​ឆ្នាំ​បន្ទាប់​ក្នុង​អត្រា ៧.១%។ 

ផ្ទុយ​ពី​ការព្យាករណ៍​របស់​ធនា​គារ​អភិវឌ្ឍន៍អាស៊ី (ADB) ដែលថា សេដ្ឋកិច្ចកម្ពុជា​នឹងមាន​កំណើន​ក្នុង​អត្រា៧.១%នៅ​រយៈពេល​ពីរ​ឆ្នាំ​ទៅមុខ (២០១៧-ឆ្នាំ២០១៨) នោះ ធនាគារពិភពលោក (World Bank) ឯណេះ​វិញ បាន​បន្ត​ទម្លាក់​ការព្យាករណ៍​របស់ខ្លួន​ពី៧%នៅ​ឆ្នាំ២០១៦ មក​នៅ៦.៨%នៅ​ឆ្នាំ២០១៧នេះ។ ដោយឡែក​នៅ​ឆ្នាំ២០១៨ អត្រា​ធ្លាក់ចុះ​នេះ និង​កើនឡើង​តិចតួច​វិញ ពោលគឺ ពី៦.៨%នៅ​ឆ្នាំ២០១៧ ទៅដល់៦.៩% នៅ​ឆ្នាំ២០១៨។ នេះ​បើ​ផ្អែក​តាម​របាយការណ៍​រប​ស់​ធនាគារពិភពលោក (World Bank) ស្តីពី “បច្ចុប្បន្នភាព​សេដ្ឋកិច្ច​តំបន់​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក” នៅ​ថ្ងៃទី ០៤ តុលា​នេះ។ របាយការណ៍​នេះ បាន​លើកឡើងថា ការ​ថមថយ​តិចតួច​នេះ គឺ​បណ្តាលមកពី​ការធ្លាក់ចុះ​នៃ​ការនាំចេញ​ផលិតផល​វាយនភ័ណ្ឌ​កម្ពុជា​ទៅកាន់​ទីផ្សារ​របស់​សហ​គម​ន៍​អន្តរជាតិ។

បើតាម​របាយការណ៍​ព្យាករណ៍​លើក​ទី២ក្នុង​ឆ្នាំ២០១៧នេះ ធនាគារពិភពលោក បាន​លើកឡើងថា ដោយសារតែ​ប្រាក់​ឈ្នួល​ពិត​មានការ​កើនឡើង ហើយ​តម្លៃ​ផលិតផល​នៃ​ការនាំចេញ​មានការ​ថយចុះ កំណើន​នៃ​ការនាំចេញ​ផលិតផល​វាយនភ័ណ្ឌ​បាន​ថយ​ល្បឿន​បន្តិច​ពី៨.៤%កាលពី​ឆ្នាំ២០១៦ មក​នៅត្រឹម ៥.៤%វិញ ក្នុង​ឆមាស​ទី១នៃ​ឆ្នាំ២០១៧នេះ បានធ្វើ​ឲ្យ​អត្រា​សេដ្ឋកិច្ចកម្ពុជា​បាន​ថយចុះ​តិចតួច។ ប៉ុន្តែ​ថា ការកើនឡើង​នៃ​ការនាំចេញ​គ្រឿងយន្ត​បរិក្ខារ និង គ្រឿងបន្លាស់​អគ្គិសនី បាន​ជួយ​កាត់​កង​​ការ​ថមថយ​នៃ​កំណើន​ការនាំចេញ​ផលិតផល​វាយនភ័ណ្ឌ​នេះ​បាន​មួយផ្នែក រួមទាំង​ការ​កើនឡើង​មកវិញ នៃ​វិស័យ​ទេសចរណ៍​ជាដើម។ បើតាម World Bank កំណើន​ភ្ញៀវទេសចរ​នៅ​កម្ពុជា​បាន​កើនឡើង ១២.៨% ក្នុង​រយៈពេល៦ខែ​ឆ្នាំ២០១៧ បើ​ធៀប​នឹង​​រយៈពេល​ដូចគ្នា ពី៥% កាលពី​ឆ្នាំ២០១៦។ ចំណែក​កំណើន​ឥណទាន​បាន​ថមថយ​មក​​នៅ​ត្រឹម ១៨.២% នៅ​ពាក់កណ្តាល​ឆ្នាំ២០១៧ ក្នុង​រយៈពេល​ដូចគ្នា​ពី​អត្រា​២៥.៨%​នៅ​​ឆ្នាំ២០១៦​។

 

យ៉ាងណាក៏ដោយ ស​ន្ទ​ស្សន៍​សេដ្ឋកិច្ចកម្ពុជា​នឹងរង​ការប៉ះពាល់​ថែមទៀត ប្រសិនបើ​ហានិភ័យធំៗចំនួន​ពីរ អាច​កើតមានឡើង​នៅ​រយៈពេល​ដ៏​ខ្លី​ខាងមុខ នោះ​គឺ​ការ​ថមថយ​ល្បឿន​​យ៉ាង​គំហុក​នៃ​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន ដែល​ចិន​កំពុងមាន​ឥទ្ធិពល​ទាំង​សេដ្ឋកិច្ច និង​នយោបាយ​មកលើ​កម្ពុជា និង​ភាពមិនប្រាកដប្រជា​ដែល​អាច​កើត​មាន​ឡើង​​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោតជាតិ​នៅ​ឆ្នាំក្រោយ។

លោក លី សូ​ដេ​ត សេដ្ឋវិទូ​ជាន់ខ្ពស់​នៃ​ធនាគារពិភពលោក​បាន​លើកឡើងថា កត្តានយោបាយ​នា​រយៈពេល​ចុងក្រោយ​នេះ ក៏​អាច​នឹងធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​របស់​កម្ពុជា​ផងដែរ នោះ​ប្រសិនបើ​សហរដ្ឋអាមេរិក​បិទ​ទីផ្សារ​នាំចូល​ពី​ប្រទេស​កម្ពុជា៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ