អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

​សមាគម GMAC ស្នើ​ដល់​គណៈ​កម្មការ​អឺរ៉ុប​ពិចារណា​ចំពោះ​ដំណើរ​ការ​ព្យួរ EBA ពី​កម្ពុជា​

សមាគម​រោង​ចក្រ​​កាត់​ដេរ​នៅ​កម្ពុជាហៅកាត់(GMAC)ដែលតំណាង​​​​រោង​ចក្រ​កាត់​ដេរ​សម្លៀក​បំពាក់​និង​ស្បែក​ជើង​​នាំ​ចេញ​ទាំង​អស់​ក្នុងប្រទេស​កម្ពុជា កាលពីថ្ងៃទី២០ខែតុលាបានសរសេរ លិខិតមួយច្បាប់ ទៅកាន់លោកស្រី Cecilia Malmström ស្នង​ការ​ពាណិជ្ជ​កម្ម នៃគណៈ​កម្មការ​អឺរ៉ុប​ ដោយរៀបរាប់ថាពីកិច្ចប្រឹងប្រែងរបស់ GMAC ក្នុងការផ្តល់បរិយាកាសវិនិយោគល្អរបស់ខ្លួននៅប្រទេសកម្ពុជា។ ការសរសេរលិខិតផ្លូវការនេះ ធ្វើឡើងខណៈដែលគណៈកម្មការអឺរ៉ុប បានសម្រេចដំណើរការព្យួរ EBA មកលើប្រទេសកម្ពុជា។ 

កម្មការិនី​កាត់ដេរ​កំពុង​បំពេញ​ការងារ
កម្មការិនី​កាត់ដេរ​កំពុង​បំពេញ​ការងារ Samer Muscati/Human Rights Watch
ផ្សាយពាណិជ្ជកម្ម

សមាគម GMAC បានអំពាវ​នាវ​ឲ្យ​លោកស្រី Cecilia Malmström មាន​ចំណាត់​ការ​យក​ចិត្ត​ទុក​ដាក់ ​និង​ការ​សម្រេច​ប្រកប​ដោយ​ការ​ពិចារណា ហើយ GMAC ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​ផ្តល់​ការ​ពិត​បន្ថែម​ទៀត​ដល់​លោក​ស្រី ​ ​នៅ​ពេល​តម្រូវ ​ក្នុង​អំឡុង​ដំណើរ​ការ​តាម​ដាន​​របស់​លោក​ស្រី។

នៅ​ក្នុង​លិខិត ដែល​មាន​ចុះ​ហត្ថលេខា​ដោយ ខេន លូ អគ្គ​លេខាធិការ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា GMAC បាន​រៀប​រាប់​ថា ខ្លួន​បាន​ផ្តល់​ការងារ​ដោយ​ផ្ទាល់​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ប្រមាណ ៧​សែន​នាក់ ក្នុង​នោះ​៨៥​ភាគ​រយ​ជា​ស្ត្រី​មេផ្ទះ​មក​ពី​បណ្តា​ខេត្ត​ជន​បទ​។ ប្រជាពលរដ្ឋ ២​លាន​នាក់ ផ្សេង​ទៀត ក្នុង​ចំណោម​ប្រជាពលរដ្ឋ​១៦​លាន​នាក់ គឺ​ពឹង​ផ្អែក​លើ​វិស័យ​កាត់​ដេរ និង​ដេរ​ស្បែក​ជើង​នេះ ហើយ​ប្រាក់​ខែ​ជាង​១៥០​លាន​ដុល្លារ ត្រូវ​បាន​ចំណាយ​ជា​រៀង​រាល់​ខែ​ទៅ​លើ​កម្មករ​នៃ​វិស័យ​នេះ​។

GMAC បាន​លើក​ឡើង​នៅ​ក្នុង​លិខិត​បន្ថែម​ទៀត អំពី​ការ​ចូល​រួម​របស់​វិស័យ​កាត់ដេរ នៅ​ក្នុង​ការ​ជម្រុញ​សេដ្ឋកិច្ច​ជាតិ​កម្ពុជា ឲ្យ​មាន​ការ​រីក​ចំរើន កាត់​បន្ថយ​ភាព​ក្រីក្រ និង​លើក​កម្ពស់​សេដ្ឋកិច្ច​គ្រួសារ​របស់​កម្មករ​។

ជាង​នេះ​ទៅ​ទៀត GMAC បាន​ចាត់​ទុក​ថា​សហភាព​អឺរ៉ុប ជា​ដៃ​គូ​ពាណិជ្ជកម្ម​ដ៏​សំខាន់​របស់​កម្ពុជា ដោយ​ជាង​៤៦​ភាគរយ នៃ​សម្លៀក​បំពាក់ និង​ស្បែក​ជើង​កម្ពុជា​ត្រូវ​បាន​នាំ​ចេញ​ទៅ​កាន់​សហភាព​អឺរ៉ុប​។ ខណៈ​ដែល​មាន​ការ​ប្រកាស​នា​ពេល​ថ្មីៗ​នេះ ដែល​ធ្វើ​ឡើង​ដោយ​សហភាព​អឺរ៉ុប ដែល​បង្ហាញ​អំពី​លទ្ធភាព​ក្នុង​ការ​ព្យួរ​បណ្តោះ​អាសន្ន​នៃ​គម្រោង​នាំ​ចូល​ទំនិញ​គ្រប់​ប្រភេទ​លើក​លែង​តែ​អាវុធ​(EBA) សម្រាប់​កម្ពុជា តែ​សមាគម GMAC នៅ​តែ​មាន​សុទិដ្ឋិនិយម​ថា​វិស័យ​កាត់ដេរ​នឹង​មិន​ស្ថិត​នៅ​ក្នុង​ការ​ដាក់​ទណ្ឌកម្ម​ណា​មួយ ឬ​មិន​ស្ថិត​នៅ​ក្នុង​គោល​ដៅ​ដាក់​ទណ្ឌកម្ម​ឡើយ​។ នេះ​បើ​តាម​ការ​សរសេរ​របស់ GMAC។

បន្ថែម​ពី​នេះ សមាគម GMAC ឲ្យដឹងទៀតថា ការ​ព្យួរ​បណ្តោះ​អាសន្ន​នៃ​គម្រោង​ EBA ឬ​ទណ្ឌ​កម្ម​ឯក​តោ​ភាគី​​រយៈ​ពេល​​ខ្លី​ណា​មួយ​​អាច​មាន​ផល​ប៉ះ​ពាល់​អវិជ្ជមាន​រយៈ​ពេល​វែង​ ដល់​​ជីវិត​របស់​កម្មករ​​ ​និង​គ្រួសារ​របស់​ពួក​គេ​។ ភាព​រីក​ចម្រើន​ទាំង​អស់​ដែល​កម្ពុជា​​សម្រេច​បាន​​ក្នុង​រយៈ​កាល​២​ ទសវត្សរ៍​កន្លង​មក​នេះ​​​តាម​រយៈ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​​ពី​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់​​រួម​ទាំង​ដៃ​គូ​អភិវឌ្ឍ​ន៍​ដូច​ជា សហភាព​អឺរ៉ុប​ ​អាច​ត្រូវ​បាន​បំផ្លាញ​យ៉ាង​លឿន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ