ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 25/06 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 25/06 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 25/06 12h00 GMT
កម្ពុជា

​ក្រោយ​បេសក​កម្ម​នៅ​កម្ពុជា​ EU ប្តេជ្ញា​ធ្វើ​ការ​ជាមួយ​ភាគី​កម្ពុជា ដើម្បី​ដោះ​ស្រាយ​រឿង​EBA​

media ទីស្នាក់ការកណ្តាលរបស់គណៈកម្មការសហភាពអឺរ៉ុបនៅទីក្រុងព្រុចស៊ែល (រូបភាពតំណាង) REUTERS/Francois Lenoir

សហភាព​អឺរ៉ុប​ប្តេជ្ញា​ធ្វើ​ការ​ជា​មួយ​អាជ្ញាធរ​កម្ពុជា ដោះ​ស្រាយ​បញ្ហា​សិទ្ធិ​មនុស្ស និង​សិទ្ធិ​ការងារ ហើយ​កម្ពុជា​ត្រូវ​តែ​ចូល​រួម​ធ្វើ​យ៉ាង​ណា​បង្ហាញ​នូវ​ការ​វិវឌ្ឍន៍​ទៅ​រក​ចំណុច​ល្អ ដើម្បី​រក្សា​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​EBA។ នេះ​ជា​ការ​អះអាង​របស់​ប្រតិភូ​ពិសេស​អឺរ៉ុប ក្រោយ​បេសកកម្ម​ស្វែង​រក​ការ​ពិត​នៅ​កម្ពុជា​កាល​ពី​ដើម​ខែ​មិថុនា​។ 

តាម​រយៈ​បេសកកម្ម​ស្វែង​រក​ការ​ពិត​នៅ​ក្នុង​កម្ពុជា​ប្រតិភូ​អឺរ៉ុប​បាន​បាន​ជួប​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​ អង្គការ​អន្តរជាតិ សហជីព ស្ថាប័ន​ជំនួញ អង្គការ​សង្គម​ស៊ីវិល និង​មន្ត្រី​ទូត ដែល​ជា​សមាជិក​របស់​សហភាព​អឺរ៉ុប​នៅ​កម្ពុជា​។ នេះ​បើ​យោង​តាម​គេហទំព័រ​របស់​គណៈកម្មការ​អឺរ៉ុប​កាល​ពី​ថ្ងៃទី១១ ខែ​មិថុនា​។

គោល​ដៅ​របស់​សហភាព​អឺរ៉ុប​គឺ​ធ្វើ​យ៉ាង​ណា​ដោះ​ស្រាយ​បញ្ហា​សិទ្ធិ​មនុស្ស និង​សិទ្ធិ​ការងារ ហើយ​សហភាព​អឺរ៉ុប​នឹង​ធ្វើ​ការ​ជា​មួយ​អាជ្ញាធរ​កម្ពុជា​លើ​បញ្ហា​នេះ​។ ហើយ​កម្ពុជា​ត្រូវ​តែ​ចូល​រួម​ធ្វើ​យ៉ាង​ណា​បង្ហាញ​នូវ​ការវិវឌ្ឍន៍​ទៅ​រក​ចំណុច​ល្អ ដើម្បី​រក្សា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBA។

ដំណាក់​កាល​នៃ​ការ​ឃ្លាំ​មើល និង​វាយ​តម្លៃ​ពី​ស្ថាន​ភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា​នឹង​ត្រូវ​បញ្ចប់​នៅ​ពាក់​កណ្តាល​ខែ​សីហា​ខាង​មុខ ហើយ​សហភាព​អឺរ៉ុប​នឹង​ចង​ក្រង​ជា​របាយ​ការណ៍​មួយ​ស្តី​ពី​ការ​ស្វែង​រក​ឃើញ​របស់​ខ្លួន​ នៅ​កម្ពុជា​។ សហភាព​អឺរ៉ុប​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​កម្ពុជា​មាន​រយៈពេល​មួយ​ខែ​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​របាយ​ការណ៍​នេះ​។

សូមជម្រាបជូន​ជូន​ថា កាល​ពី​ថ្ងៃទី៣ ដល់​ថ្ងៃទី១០ ខែ​មិថុនា​កន្លង​ទៅ​ប្រតិភូ​ពី​គណៈកម្មការ​អឺរ៉ុប​បាន​បំពេញ​បេសកកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដើម្បី​ឃ្លាំមើល និង​សិក្សា​ស្ថានភាព​សិទ្ធិ​មនុស្ស និង​សិទ្ធិ​ការងារ នៅ​ក្នុង​ដំណើរ​ការ​ដែល​អាច​ឈាន​ទៅ​ព្យួរ​ជា​បណ្តោះ​អាសន្ន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ អ្វី​គ្រប់​យ៉ាង​លើក​លែង​តែ​អាវុធ(EBA)​ពី​កម្ពុជា​។

លោក ផៃ ស៊ីផាន អ្នក​នាំពាក្យ​រដ្ឋាភិ​បាល​បញ្ជាក់​ថា រដ្ឋាភិបាល​កម្ពុជា​ថ្លែង​អំណរ​គុណ​ចំពោះ​កិច្ច​សហការ​រវាង​គណៈកម្មការ​អឺរ៉ុប និង​រដ្ឋាភិបាល ក្នុង​ពេល​ចុះ​មក​វាយ​តម្លៃ​ពី​ស្ថានភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ លោក​បន្ត​ថា​រដ្ឋាភិបាល​កម្ពុជា​ប្តេជ្ញា​បំពេញ​នូវ​រាល់​អ្វី ដែល​ជា​កាតព្វកិច្ច​របស់​ខ្លួន ដើម្បី​ឆ្លើយ​តប​នឹង​លក្ខ​ខណ្ឌ​របស់​សហភាព​អឺរ៉ុប បន្ថែម​ពី​នេះ​រដ្ឋាភិបាល​នឹង​បំពេញ​តួនាទី​ជា​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ប្រជាពលរដ្ឋ​កម្ពុជា​។

យ៉ាង​ណា​ក៏​ដោយ លោក ផែ ស៊ីផាន បញ្ជាក់​ថា រដ្ឋាភិបាល​កម្ពុជា​នឹង​មិន​ទទួល​យក​ការ​ប្រើប្រាស់​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ EBA ដើម្បី​យក​កម្ពុជា​ធ្វើ​ជា​ចំណាប់​ខ្មាំង​ជា​ដាច់​ខាត​។

សូម​ជម្រាប​ជូនថា​ ដំណើរ​មក​ដល់​ជា​បន្ត​បន្ទាប់​នៃ​គណៈប្រតិភូ​សហភាព​អឺរ៉ុបនេះ ​ធ្វើឡើង​ក្រោយ​ពី​អឺរ៉ុបបាន​ប្រកាស​ដាក់​ចេញ​នូវ​ដំណើរការ​នីតិវិធី​ព្យួរ​ ប្រព័ន្ធ​អនុ​គ្រោះពន្ធ ​(EBA) ពី​កម្ពុជា ​កាល​ពីខែ​កុម្ភៈ​កន្លង​ទៅ​។ តាម​នីតិវិធី​ ដំណើរការ​នីតិវិធី​ព្យួរ​ប្រព័ន្ធ​អនុ​គ្រោះពន្ធ ​(EBA) ត្រូវធ្វើ​ឡើង​​ជា ៣​ដំណាក់​កាល។ ដំណាក់​កាល​ទី​មួយ ​មាន​រយៈ​ពេល ៦ខែ គឺ​ជា​ពេល​វេលា​សម្រាប់​តាមដាន ប្រមូល​ព័ត៌មាន និង​ចរចា​ជា​មួយ​ភាគី​រដ្ឋាភិ​បាល​កម្ពុជា​។ ដំណាក់​កាល​ទីពីរ មាន​រយៈ​៦ខែ ដោយ​ចែក​ចេញ​ជា​ពីរ​ផ្នែក គឺ ៣​ខែ សម្រាប់​សរសេរ​របាយការណ៍ និង​ ៣ខែទៀត​ សម្រាប់​ស្តាប់​ចម្លើយ​តប​ពីភាគី​កម្ពុជា និង​ឈាន​ទៅ​សម្រេច​ថា​តើសហភាពអឺរ៉ុប ​ត្រូវ​ព្យួរ ឬ​មិន​ព្យួរ EBA។ ចំណែក ដំណាក់​កាល​ចុង​ក្រោយ ប្រសិន​បើ​សហភាព​អឺរ៉ុប​សម្រេច​ព្យួរEAB នោះ គេ​ត្រូវ​ទុកពេល ៦ខែ​ទៀត ទើប​សេចក្តី​សម្រេច​នេះ​ចូល​ជា​ធរមានបាន៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ