អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

​ក្រុម​ហ៊ុន​បញ្ជា​ទិញ​សម្លៀក​បំពាក់​សរសេរ​លិខិត​ទៅ​ លោក ហ៊ុន សែន ​សម្តែង​ការ​ព្រួយ​បារម្ភ​ពី​សិទ្ធិ​ការងារ និង ​EBA​

ក្រុមហ៊ុន​អន្តរជាតិ​ធំៗ​ចំនួន ដូចជា Adidas Levi Strauss&co. Nike Gap Inc. ជា​ដើម កាល​ពី​ថ្ងៃទី២ ខែ​ឧសភា​ម្សិល​មិញ បាន​សរសេរ​លិខិត​មួយ​ច្បាប់​ជូន​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ដោយ​សម្ដែង​ការ​បារម្ភ​ពី​ស្ថាន​ភាព​សិទ្ធិ​ការងារ​នៅ​កម្ពុជា​។ ការ​សម្តែង​ការ​ព្រួយ​បារម្ភ​របស់​ក្រុម​ហ៊ុន​បញ្ជារ​ទិញ​សម្លៀក​បំពាក់​ធំៗ​នេះ ធ្វើ​ឡើង​ខណៈ​ពេល​ដែល​សហ​ភាព​អឺរ៉ុប កំពុង​សើ​រើ​ភាព​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា EBA​។ 

កម្មការិនី​កាត់ដេរ​កំពុង​បំពេញ​ការងារ
កម្មការិនី​កាត់ដេរ​កំពុង​បំពេញ​ការងារ Samer Muscati/Human Rights Watch
ផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន​ធំៗ ដែល​ជា​បង្អែក​ក្នុង​ការ​ផ្គត់​ផ្គង់​ការ​ទិញ​សម្លៀក​បំពាក់ និង​ផលិត​ផល​វាយន​ភ័ណ្ឌ​ពី​ប្រទេស​កម្ពុជា​ទាំង​២០​នេះ បាន​លើក​ឡើង​រួម​គ្នា​ថា ពួក​គេ​មាន​ការ​បារម្ភ​អំពី​ស្ថាន​ភាព​សិទ្ធិ​មនុស្ស និង​សិទ្ធិ​ការងារ​ក្នុង​ប្រទេស​កម្ពុជា ដែល​វា​អាច​ជា​ហានិភ័យ​ខ្ពស់​សម្រាប់​វិស័យ​ពាណិជ្ជកម្ម​។

លិខិត​ជា​ភាសា​អង់គ្លេស ផ្ញើ​ជូន​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បង្ហាញ​ពី​ពេល​ថ្មីៗ​នេះ ដោយ​សហភាព​អឺរ៉ុប បាន​ប្រកាស​ពី​ការ​សម្រេច​សើ​រើ ការ​អនុ​គ្រោះ​ពន្ធ​គ្រប់​យ៉ាង​លើក​លែង​តែ​អាវុធ​(EBA) ខណៈ​សមាជិក​សភា​អាមេរិក ក៏​កំពុង​តែ​ពិនិត្យ​មើល​ពី​បញ្ហា​ចំណាយ​របស់​ខ្លួន ដែល​ពួក​គេ​ក៏​ស្នើ​រដ្ឋា​ភិបាល​អាមេរិក ឲ្យ​សើរើ​អត្ថ​ប្រយោជន៍​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ(GSP) ដល់​កម្ពុជា​ផង​ដែរ​។

ជាមួយ​គ្នា​នេះ លោក វ៉ាន់ ស៊ូអៀង ប្រធាន​សមាគម​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា​(GMAC) កាល​ពី​ពេល​ថ្មីៗ​នេះ នៅ​ក្នុង​ឱកាស​សន្និបាត​សមាគម បាន​ថ្លែង​ប្រាប់​អ្នក​កាសែត​ថា កម្ពុជា​បាន​គោរព​យ៉ាង​ខ្ជាប់​ខ្ជួន​នូវ​សិទ្ធិ​កម្មករ ក្នុង​វិស័យ​កាត់ដេរ និង​ដេរ​ស្បែក​ជើង រួម​ទាំង​អនុ​សញ្ញា​ស្នូល​នៃ​អង្គការ​អន្តរជាតិ​ស្តី​ពី​ការ ILO។ តាម​លោក វ៉ាន់ ស៊ូអៀង មុន​នឹង​សហភាព​អឺរ៉ុប​ព្យួរ EBA ពី​កម្ពុជា គេ​គួរ​តែ​ពិចារណា​ឲ្យ​បាន​ច្បាស់ ដោយ​រឿង​នេះ ប៉ះពាល់​ទៅ​ដល់​រោងចក្រ​កាត់​ដេរ និង​កម្មករ​ជា​ខ្លាំង​។ លោក​វ៉ាន់ បញ្ជាក់​ថា EBA ជួយ​កម្មករ​បាន​ច្រើន​ណាស់​។

ទោះ​យ៉ាង​នេះ​ក្តី ប្រមុខ​រដ្ឋា​ភិបាល​កម្ពុជា​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ម្តង​ហើយ​ម្តង​ទៀត នៅ​តែ​ប្រកាន់​ជំហរ​ថា កម្ពុជា​មិន​អាច​ប្តូរ​អធិបតេយ្យភាព​របស់​ខ្លួន​ឡើយ​។ លោក​ថា ការ​ផ្តល់​ភាព​អនុ​គ្រោះ​EBA ក៏​មិន​អាច​ធ្វើ​ឲ្យ​កម្ពុជា​ក្លាយ​ជា​អ្នក​មាន​បាន​ដែរ តែ​បើ​បាត់ EBA វិញ​នោះ​ក៏​មិន​ធ្វើ​ឲ្យ​កម្ពុជា​ស្លាប់​ដែរ​។

សូម​បញ្ជាក់​ថា ក្រុមហ៊ុន​ធំៗ ដែល​ទិញ​សម្លៀក​បំពាក់​ពី​កម្ពុជា ឲ្យ​ដឹង​ថា ពួក​គេ​បាន​ផ្តល់​ប្រាក់​ចំណូល​ការងារ នៅ​ក្នុង​ប្រទេស​កម្ពុជា​ប្រមាណ​៩.៥​ពាន់​លាន​ដុល្លារ នៅ​លើ​វិស័យ​សម្លៀក​បំពាក់​ កាត់​ដេរ​ស្បែក​ជើង និង​ផលិតផល​នាំ​ចេញ​សម្រាប់​ធ្វើ​ដំណើរ​។ នេះ​ដោយ​សារ​តែ​ចាប់​តាំង​ពី​ឆ្នាំ​២០០១​មក រដ្ឋា​ភិបាល​កម្ពុជា បាន​គាំទ្រ​ដល់​គម្រោង​រោង​ចក្រ​កាន់​តែ​ប្រសើរ (Better Factories Cambodia) ដែល​ជា​កម្មវិធី​របស់​ ILO។ ឈរ​លើ​បញ្ហា​នេះ ការ​នាំ​ចេញ​ក្នុង​វិស័យ​កាត់​ដេរ​សម្លៀក​បំពាក់ និង​ស្បែក​ជើង រួម​នឹង​ផលិត​ផល​នាំ​ចេញ​សម្រាប់​ការ​ធ្វើ​ដំណើរ មាន​ចំនួន​១ភាគ៣ ស្មើ​នឹង​៤៣% នៃ​ចំនួន​ផលិតផល​នាំ​ចេញ​សរុប​ក្នុង​ស្រុក GDP នៅ​កម្ពុជា ហើយ​វា​ក៏​ស្មើ​នឹង​ពាក់​កណ្តាល​នៃ​ការ​នាំ​ចេញ​សរុប​ទាំង​អស់​ដែរ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ