អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

​ភាគី​ពាក់​ព័ន្ធ​ជឿជា​ក់​ថា ​EBA​អាច​សង្គ្រោះ​បាន​បើ​អ្ន​ក​នយោ​បាយ​មាន​ឆន្ទៈ​​ក្នុង​ការ​ដោះ​ស្រាយ​

ក្រោយ​ពី​គណៈ​កម្មការ​អឺរ៉ុប​សម្រេច​ចាប់​ផ្តើម​ដំណើរ​ការ​នីតិ​វិធី ដែល​អាច​ឈាន​ទៅ​ដល់​ការ​ដក​ការ​អនុគ្រោះ​ពន្ធ​នាំ​ទំនិញ​ចូល​សហ​ភាព​អឺរ៉ុប​(EBA) រដ្ឋា​ភិបាល​កម្ពុជា និង​ភាគី​ពាក់​ព័ន្ធ​នា​នា នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​បង្ហាញ​ការ​សោក​ស្ដាយ​ផង ស្តី​បន្ទោស​ស្ថាន​ការណ៍​ផង និង ផ្តល់​អនុសាសន៍​ផង​។ 

សហភាពអឺរ៉ុប
សហភាពអឺរ៉ុប @សហការី
ផ្សាយពាណិជ្ជកម្ម

ដោយ​ជួន​គ្នា​នឹង​ការ​សម្រេច​របស់​គណៈ​កម្មការ​អឺរ៉ុប​ពី​ដំណើរ​ការ​នីតិ​វិធី​ដក EBA ពី​កម្ពុជា​នៅ​ថ្ងៃ​ទី១២​ខែកុម្ភៈនេះ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​បញ្ចេញ​សារ​តាម​ទំព័រ​ហ្វេស​ប៊ុក​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ថា ស្ថាន​ភាព​នយោបាយ សង្គម និង​សេដ្ឋ​កិច្ច របស់​កម្ពុជា​សព្វ​ថ្ងៃ កំពុង​ឆ្ពោះ​ទៅ​រក​ភាព​កាន់​តែ​ល្អ​ប្រសើរ​។ ជាក់​ស្ដែង​ចំណូល​ពន្ឋ​បាន​កើន​ឡើង​ជា​បន្ត​បន្ទាប់ បន្ទាប់​ពី​សេដ្ឋកិច្ច​កម្ពុជា​ពី​មុន​ហ៊ុំ​ព័ទ្ឋ​ដោយ​ទារុណ​កម្ម​និង​ការ​កៀប​សង្កត់​។

លោក ហ៊ុន សែន បន្ត​ថា កម្ពុជា​ធ្លាប់​ជា​ប្រទេស​ក្រីក្រ ប៉ុន្តែ​ឥឡូវ​គឺ​បាន​ងើប​លេច​ធ្លោរ​រួច​ផុត​ពី​ភាព​ក្រីក្រ​ជាមួយ​នឹង​កំណើន​សេដ្ឋកិច្ច​ក្នុង​រង្វង់​៧ភាគរយ​។ ដូច្នេះ​កម្ពុជា​មិន​អាច​ពឹង​លើ​ជំនួយ​បរទេស​តែ​មួយ​មុខ​ទេ ហើយ​កម្ពុជា​ក៏​មិន​ត្រូវ​យក​ឯករាជ្យ​ភាព និង​អធិបតេយ្យ​ភាព​របស់​ខ្លួន​ទៅ​ដោះដូរ​ជា​ថ្នូរ​នឹង​អ្វី​មួយ​នោះ​ដែរ​។ ប៉ុន្តែ​កម្ពុជា​ចង់​ធ្វើ​ជា​មិត្ត​ល្អ​ជាមួយ​បណ្តា​ប្រទេស​ដៃ​គូ​ដែល​ចង់​ឃើញ​កម្ពុជា​កាន់​តែ​រីក​ចម្រើន​ទៅ​មុខ​ពិត​ប្រាកដ​ដោយ​គ្មាន​ការ​ជ្រៀត​ជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​។

តែ​ចំពោះ​លោក អេង ឆៃអ៊ាង អនុ​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​និរទេស​ខ្លួន​នៅ​ឯក្រៅ​ប្រទេស​មិន​គិត​ដូច្នោះ​ទេ​។ លោក អេង ឆៃអ៊ាង បាន​បង្ហាញ​សារ​ខ្លី​មួយ​នៅ​លើ​ហ្វេប៊ុក​របស់​លោក​ដែរ​ថា«កូនសោរ EBA ស្ថិត​នៅ​លើ​ដៃ លោក ហ៊ុន​ សែន។ បាត់​ឬ​នៅ​អាស្រ័យ​លើ លោក ហ៊ុន សែន​»។

ទន្ទឹម​នឹង​នេះ សភា​ពាណិជ្ជកម្ម​អឺរ៉ុប EuroCham Cambodia ដែល​តំណាង​ក្រុម​ហ៊ុន​ចំនួន ៣៥០​លើក​ឡើង​ដែរ​ថា ការ​ផ្តើម​ជា​ផ្លូវ​ការ​នូវ​ដំណើរ​ការ​នីតិ​វិធី​ ដែល​អាច​ព្យួរ​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ EBA ពី​កម្ពុជា ជា​ការ​ធ្វើ​ឲ្យ​ខូច​ប្រយោជន៍​នៃ​ការ​វិវត្តន៍​របស់​សង្គម​សេដ្ឋកិច្ច​កម្ពុជា​។ សភា​ពាណិជ្ជ​កម្ម​អឺរុប បាន​សោក​ស្តាយ​ចំពោះ​សេចក្តី​សម្រេច​នេះ ប៉ុន្តែ​នៅ​តែ​ប្តេជ្ញា​បន្ត​ភាព​ជា​ដៃគូ និង​ទំនាក់ទំនង​ជាមួយ​រដ្ឋា​ភិបាល​កម្ពុជា ក្នុង​ទិសដៅ​ជំនួញ និង​ការ​អភិវឌ្ឍ​។

ជាមួយ​គ្នា​នេះ ស្ថាន​ទូត​អាមេរិក​ប្រចាំ​កម្ពុជា មាន​កង្វល់​ដូច​គ្នា​នឹង​សហភាព​អឺរ៉ុប​ដែរ ទាក់​ទង​នឹង​ការ​រំលោភ​យ៉ាងធ្ងន់ធ្ងរ​ លើ​សេរី​ភាព​ក្នុង​ការ​បញ្ចេញ​មតិ សិទ្ធិ​ការ​ងារ​ដែល​មាន​ការ​ទទួល​ស្គាល់​ជា​អន្តរ​ជាតិ និង​សេរីភាព​ទាក់ទង​នឹង​អង្គការ​សមាគម​។ តាម​រយៈ​សេចក្តី​ថ្លែង​ការណ៍​បន្ទាន់​មួយ​នៅ​ថ្ងៃ​អង្គារ​នេះ​ស្ថាន​ទូត​អាមេរិក​កត់​សម្គាល់​ថា ​ការ​សម្រេច​ចិត្ត​របស់​សហភាព​អឺរ៉ុប ក្នុង​ការ​ផ្តើម​ដំណើរ​ការ​នីតិ​វិធី​ផ្អាក​ការ​អនុ​គ្រោះ​ពន្ធ​ក្នុង​ផ្អែក​ពាណិជ្ជ​កម្ម​ដល់​ប្រទេស​កម្ពុជា​ដោយ​សារ​ការដើរ​ថយ​ក្រោយ​យ៉ាង​ធ្ងន់​ធ្ងរ​ ក្នុង​ការ​ការពារ​សិទ្ធិ​មនុស្ស និង​សិទ្ធិ​ការងារ នៅ​ក្នុង​រយៈ​ពេល​១៨ ខែ​កន្លង​ទៅ​នេះ​។

អាមេរិក​ក៏​បាន​អំពាវ​នាវ​ផង​ដែរ ​អោយ​ប្រទេស​កម្ពុជា​ទម្លាក់​ចោល​នូវ​បទ​ចោទ​ប្រកាន់​លើ​លោក កឹម សុខា និង​ការ​ចោទ​ប្រកាន់​តាម​ទំនើង​ចិត្ត​ទាំង​អស់ ប្រឆាំង​នឹង​អ្នក​ទោស​នយោបាយ​ដទៃ​ទៀត ហើយ​អនុញ្ញាត​អោយ​សហជីព អង្គការ​សារព័ត៌មាន​ឯករាជ្យ និង​ក្រុម​ដទៃ​ទៀត​នៃ​សង្គម​ស៊ីវិល ដំណើរ​ការ​ដោយ​គ្មាន​​ការរឹតត្បិតដែលមិនត្រឹមត្រូវ។

 

សហរដ្ឋ​អាមេរិក អំពាវនាវ​ឲ្យកម្ពុជា ស្តា​ឡើងវិញ​នូវ​លទ្ធិ​ប្រជាធិបតេយ្យ ពហុ​បក្ស​ពិត​ប្រាកដ ដូច​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​កម្ពុជា ព្រោះ​ថា ថ្នាក់​ដឹក​នាំ​កម្ពុជា​នៅ​មាន​ឱកាស​នៅ​ឡើយ ជៀស​ផុត​ពី​ផល​វិបាក​អវិជ្ជ​មាន​ផ្នែក​សេដ្ឋ​កិច្ច​នៃ​ការ​ដក​ការ​អនុ​គ្រោះ​ពន្ធ EBA​។

 

ដំណាល​គ្នា​នេះ លោក ប៉ាវ ​ស៊ីណា ប្រធាន​សហភាព​ចលនា​កម្មករ​កម្ពុជាមើល​​ឃើញថា រដ្ឋា​ភិបាល​និង​អ្នក​នយោបាយ​ពាក់​ព័ន្ធ​នៅ​មាន​ពេល​ជិត​១ឆ្នាំ​ទៀត​ធ្វើ​កិច្ចការ​រួម​គ្នា​ដើម្បី​ឆ្លើយ​តប​តម្រួវ​ការ​សហ​ភាព​អឺរ៉ុប​។ តម្រូវ​ការ​របស់​អឺរ៉ុប​ដែល លោក ប៉ាវ ស៊ីណា សំដៅ​ដល់​គឺ សិទ្ធិ​មនុស្ស សិទ្ធិ​កម្មករ និង​សិទ្ធិ​សហជីព​ជា​ដើម​។

ផ្ទុយ​មក​វិញ លោក កាំង ម៉ូនីកា ​អគ្គ​លេខា​ធិការ​រង​នៃ​សមាគម​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា​(GMAC) មិន​សូវ​ជា​ភ្ញាក់​ផ្អើល​ប៉ុន្មាន​ទេ​ចំពោះ​ការ​ប្រកាស​របស់​សហភាព​អឺរ៉ុប ជុំវិញ​នីតិ​វិធី​នៃ​ដំណើ​ការ​ដក​ប្រពន្ធ​អនុគ្រោះ​ពន្ធ​។ មិន​ភ្ញាក់​ផ្អើល​ព្រោះ​វិស័យ​ឯកជន តួ​យ៉ាង​សមាគម​រោង​ចក្រ និង​រដ្ឋា​ភិបាល​បាន​ត្រៀម​ទុក​ជា​មុន​រួច​ហើយ​។ ការ​ត្រៀម​ខ្លួន​ទុក​ជា​មុន​នៅ​ក្នុង​ការ​ធ្វើ​កំណែ​ទម្រង់​កាត់​បន្ថយ​ថ្លៃ​ដើម​នៃ​ការ​ផលិត​របស់​កម្ពុជា​ដើម្បី​មាន​លទ្ធភាព​ប្រកួត​ប្រជែង​ជាមួយ​ប្រទេស​ក្បែរ​ខាង​ក្នុង​ការ​នាំ​ចេញ ក្នុង​ករណី​ដែល​កម្ពុជា​ត្រូវ​បាន​តម្រូវ​ឲ្យ​បង់​ពន្ធ​នោះ​។ បន្ថែម​លើ​នេះ​កម្មករ កម្មការិនី ប្រឹង​ប្រែង​ផលិត​ភាព​ការងារ​តាម​រយៈ​ការ​បន្ថែម​ថ្ងៃ​ធ្វើ​ការ​កាត់​បន្ថយ​ថ្ងៃ​សំរាក​។

លោក កាំង ម៉ូនីកា យល់​ថា បើ​មួយ​ផ្នែក អឺរ៉ុប​ទាញ​ហេតុ​ផល​នៃ​សិទ្ធិ​កម្មករ​និង​សហ​ជីព​ដើម្បី​ដក​ប្រពន្ធ​អនុគ្រោះ​ពន្ធ ជា​មូលហេតុ​មិន​សម​ទំនង​ព្រោះ​ថា កម្មករ និង​សហជីព​ក្នុង​វិស័យ​កាត់​ដេរ​នៅ​កម្ពុជា​មាន​សិទ្ធិ​សេរីភាព​ពេញ​លេញ​ក្នុង​ការ​តវ៉ា​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ