អានតួអត្ថបទ
កម្ពុជា

​ប្រធាន​សភា​ពាណិជ្ជ​កម្ម​អឺរ៉ុប​នៅ​កម្ពុជាជំរុញ​ឲ្យ​គ្រប់​គ្នា​ផ្ញើ​លិខិត​ទៅ​ពន្យល់​សហ​ភាព​អឺរុប ​ពី​សារៈសំ​ខាន់​នៃ​ EBA ចំ​ពោះ​កម្ពុជា​

ប្រធានសភាពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំកម្ពុជា លោក Arnaud DARC បានទទួល​ស្គាល់​ថា ប្រព័ន្ធអនុគ្រោះពន្ធក្រោម​កម្មវិធី អ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ ហៅកាត់​ថា EBA ពិតជាមានសារៈសំខាន់ខ្លាំងណាស់​សម្រាប់​កម្ពុជា និង​វិនិយោគិន​បរទេស។ លោក DARC ពិតជាបារម្ភមែនទែន​ប្រសិនបើ​ប្រព័ន្ធអនុគ្រោះពន្ធ EBA នេះ ត្រូវដកចេញពីកម្ពុជា។ ដូច្នេះ លោក​បាន​ស្នើសុំ​ឲ្យ​គ្រប់ភាគីទាំងអស់ នៅកម្ពុជា ទាំងរដ្ឋាភិបាល វិស័យ​ឯកជន និង​ពលរដ្ឋ ត្រូវតែសរសេរលិខិត​ទៅកាន់​ទីក្រុង​ព្រុចសែល ដើម្បីពន្យល់ពី​សារៈសំខាន់​របស់ EBA លើកម្ពុជា។ ការ​ស្នើសុំនេះ បាន​ធ្វើឡើង​ក្នុងពេលលោក DARC ចូលរួម​ជាវាគ្មិន​ ក្នុង​កិច្ច​ពិភាក្សាស្តីពីការ​ប្រកាស​ដំណើរការ​នីតិវិធី​ព្យួរជាបណ្តោះអាសន្ន​នៅ EBA ពីកម្ពុជា របស់​គណៈកម្មការ​អឺរ៉ុប ដែល​រៀបចំ​ដោយ​រាជបណ្ឌិត្យ​សភាកម្ពុជា នៅរសៀល​ថ្ងៃសុក្រនេះ។ 

EBA
EBA @សហការី
ផ្សាយពាណិជ្ជកម្ម

លោក Arnaud DARC ប្រធានសភាពាណិជ្ជអឺរ៉ុបប្រចាំនៅកម្ពុជា បាន​ឲ្យ​ដឹងក្នុង​កិច្ចពិភាក្សា​មួយ​រៀបចំ​ដោយ​រាជបណ្ឌិត្យ​សភាកម្ពុជា និង​ក្រសួងពាណិជ្ជកម្ម​ថា ប្រសិនបើ​ប្រព័ន្ធអនុគ្រោះពន្ធ EBA ត្រូវ​ដក​ចេញពីកម្ពុជា នោះគ្រប់គ្នា ត្រូវតែទទួល​ខុសត្រូវចំពោះបញ្ហានេះ។ ដូច្នេះ ដើម្បី​ជំនះ​ដំណាក់កាល ដែលគណៈកម្មាការ​អឺរ៉ុប កំពុងតែពិចារណា ពីការ​ដក ឬ មិន​ដក​ប្រព័ន្ធអនុគ្រោះពន្ធ EBA នេះ គ្រប់ភាគីទាំងអស់ និង​សូម្បីតែពលរដ្ឋកម្ពុជាផ្ទាល់ ត្រូវតែប្រឹងប្រែងប្រឆាំងទាំងអស់គ្នា តាមរយៈការ​សរសេរលិខិត​ទៅកាន់​សហភាពអឺរ៉ុប ពន្យល់​ថាតើ​ EBA សំខាន់ខ្លាំងប៉ុន្មាន​ដល់​សង្គម និង​សេដ្ឋកិច្ច​ របស់​ពលរដ្ឋកម្ពុជាទាំងមូល។

លោក DARC ចង់ឲ្យ​គ្រប់ភាគីទាំងអស់ ប្រឹងប្រែងមែនទែន ក្នុងរយៈពេលជាងមួយ​ឆ្នាំនេះ ដើម្បីធ្វើយ៉ាងណា កុំឲ្យ​គណៈកម្មការ​អឺរ៉ុប សម្រេចដកប្រព័ន្ធអនុគ្រោះពន្ធ EBA នៅឆ្នាំ ២០២០។ តាម​លោក DARC ប្រសិនបើ​រឿងនោះកើតឡើង វិនិយោគិន ដែលគ្រោង​នឹង​មក​វិនិយោគ នៅកម្ពុជា នឹង​ដក​ខ្លួន​ចេញទៅស្វែងរក​ការវិនិយោគ​ក្នុងប្រទេសដទៃ ដែល​មាន​គុណភាពប្រហែលគ្នា ដូចជា​វៀតណាម បង់ក្លាដេស ឬ ភូមាជាដើម។ ហើយ​អ្នក​ដែលទទួល​ផល​ប៉ះពាល់ខ្លាំង គឺពលរដ្ឋកម្ពុជារាប់​លាន​នាក់ ដែលភាគច្រើន​ជាស្ត្រី និង​កុមារ។

សូម​រម្លឹកជូនថា សហភាព​អឺរ៉ុប​ បានប្រកាស​​ផ្តើម​ជា​ផ្លូវ​ការ ​នូវ​ដំណើរ​ការ​នីតិវិធី ដែល​អាច​ព្យួរ​ប្រព័ន្ធ​អនុ​គ្រោះពន្ធ​(EBA)ពី​កម្ពុជា​ បន្ទាប់ពី​ប្រទេស​នេះ​រង​ការ​ចោទ​ប្រកាន់​ថា​បាន​រំលោភ​បំពាន​សិទ្ធិ​មនុស្ស។ នីតិវិធី​នៃ​ការ​ព្យូរ​ប្រព័ន្ធ​អនុ​គ្រោះពន្ធ ដែល​មាន​រយៈពេល ១៨​ខែ ​ត្រូវ​រាប់​ចាប់​តាំង​ពី​ថ្ងៃទី១២ ខែ​កុម្ភៈ​តទៅ ពោល​គឺ​ជា​ថ្ងៃ​ដែល​គណកម្មការ​អឺរ៉ុប​ចុះ​ផ្សាយ​នូវ​សេចក្តី​សម្រេច​នៃ​នីតិវិធី​នេះ​ជា​សាធារណៈ។

នីតិវិធីទាំងនោះ រួមមាន ដំណាក់​កាល​ទី​មួយ ​មាន​រយៈ​ពេល ៦ខែ គឺ​ជា​ពេល​វេលា​សម្រាប់​តាមដាន ប្រមូល​ព័ត៌មាន និង​ចរចា​ជា​មួយ​ភាគី​រដ្ឋាភិ​បាល​កម្ពុជា​។ ដំណាក់​កាល​ទីពីរ មាន​រយៈ​៦ខែ ដោយ​ចែក​ចេញ​ជា​ពីរ​ផ្នែក គឺ ៣​ខែ សម្រាប់​សរសេរ​របាយការណ៍ និង​ ៣ខែទៀត​ សម្រាប់​ស្តាប់​ចម្លើយ​តប​ពីភាគី​កម្ពុជា និង​ឈាន​ទៅ​សម្រេច​ថា​តើសហភាពអឺរ៉ុប ​ត្រូវ​ព្យួរ ឬ​មិន​ព្យួរ EBA។ ដំណាក់​កាល​ចុង​ក្រោយ ប្រសិន​បើ​សហភាព​អឺរ៉ុប​សម្រេច​ព្យួរEAB គេ​ត្រូវ​ទុកពេល ៦ខែ​ទៀត ទើប​សេចក្តី​សម្រេច​នេះ​ចូល​ជា​ធរមាន។

គួរ​ជម្រាប​ជូន​ថា ​សហភាព​អឺរ៉ុប គឺ​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំបំផុត​មួយ​របស់​កម្ពុជា ពោល​គឺ​មាន​ទំហំ​ប្រមាណ​៤៥​ភាគ​រយ​នៃ​ផលិត​ផល​នាំ​ចេញ​របស់​កម្ពុជា កាល​ពីឆ្នាំ​២០១៨​កន្លង​ទៅ។​ នៅ​ក្នុង​នោះ ផលិតផល​សំលៀកបំពាក់ និង​ស្បែក​ជើង គឺ​មាន​ចំណែក​ទីផ្សារ​ធំបំផុត​នៃ​ផលិត​ផល​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ