អានតួអត្ថបទ
កម្ពុជា-អឺរ៉ុប

រដ្ឋាភិបាល៖ ដំណើរ​ការ​នីតិវិធី​ដក EBA គឺ​ជា​រឿង​អយុត្តិធម៌​បំផុត​សម្រាប់​កម្ពុជា

ដំណើរ​ការ​នីតិវិធី​ជា​ផ្លូវ​ការ​ដែល​អាច​​ដក​ជា​បណ្តោះ​អាសន្ន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា គឺ​ជា​រឿង​អយុត្តិធម៌​បំផុត​។ នេះ​គឺ​ជា​ប្រតិកម្ម​របស់​រដ្ឋាភិបាល​កម្ពុជា​តាម​រយៈ​ក្រសួង​ការបរទេស កាលពី​ថ្ងៃម្សិល​មិញ ឆ្លើយ​តប​ចំពោះ​សេចក្តី​សម្រេច​របស់​គណៈកម្មការ​អឺរ៉ុប​។ សេចក្តី​សម្រេច​របស់​គណៈកម្មការ​អឺរ៉ុប ដែល​កម្ពុជា​មើល​ឃើញ​ថា​នៅ​មាន​ឱកាស​សម្រាប់​ពិគ្រោះ​យោបល់ ដោយ​សារនីតិវិធី​នេះ​ផ្តល់​រយៈពេល​លើស​ពី​មួយ​ឆ្នាំ មុន​ពេល​សម្រេច​ថា​ដក​EBA ឬ​ក៏អត់។

កម្មការិនី​កាត់ដេរ​កំពុង​បំពេញ​ការងារ
កម្មការិនី​កាត់ដេរ​កំពុង​បំពេញ​ការងារ Samer Muscati/Human Rights Watch
ផ្សាយពាណិជ្ជកម្ម

យោង​តាម​សេចក្តី​ថ្លែង​ការណ៍​របស់​ក្រសួង​ការបរទេស​កម្ពុជា កាល​ពី​ថ្ងៃទី​១២ ខែ​កុម្ភៈ​ រដ្ឋាភិបាល​កម្ពុជា​ចាត់​ទុក​សេចក្តី​សម្រេច​ចិត្ត​របស់​គណៈកម្មការ​អឺរ៉ុប​ថា​ជា​រឿង​អយុត្តិធម៌​បំផុត ខណៈ​ដែល​គណៈកម្មការ​នេះ​មិន​អើពើ​ចំពោះ​វិធាន​ការ​ជាក់​ស្តែង និង​វិឌ្ឍនភាព​សំខាន់ៗ ជា​ច្រើន ដែល​បាន​ធ្វើ​ឡើង​ដោយ​រដ្ឋាភិបាល​កម្ពុជា និង​ការ​ប្រកាន់​ខ្ជាប់​អនុសញ្ញា​ស្នូល​របស់​អង្គការ​សហ​ប្រជាជាតិ។

កាលពីថ្ងៃទី១២ ខែកុម្ភៈ សហភាព​អឺរ៉ុប​បាន​ផ្តើម​ជា​ផ្លូវ​ការ​​នូវ​ដំណើរ​ការ​នីតិវិធី ដែល​អាច​ព្យួរ​ប្រព័ន្ធ​អនុ​គ្រោះពន្ធ ​(EBA) ពី​កម្ពុជា ជាបណ្តោះអាសន្ន​ បន្ទាប់ពី​ប្រទេស​នេះ​រង​ការ​ចោទ​ប្រកាន់​ថា​បាន​រំលោភ​បំពាន​សិទ្ធិ​មនុស្ស។ នីតិវិធី​នៃ​ការ​ព្យូរ​ប្រព័ន្ធ​អនុ​គ្រោះពន្ធ ដែល​មាន​រយៈពេល ១៨​ខែ​ត្រូវ​រាប់​ចាប់​តាំង​ពី​ថ្ងៃទី១២ ខែ​កុម្ភៈ​នេះ ពោល​គឺ​ជា​ថ្ងៃ​ដែល​គណកម្មការ​អឺរ៉ុប​ចុះ​ផ្សាយ​នូវ​សេចក្តី​សម្រេច​នៃ​នីតិវិធី​នេះ​ជា​សាធារណៈ។

ក្រសួង​ការបរទេស​កម្ពុជា​ក្នុង​សេចក្តី​ថ្លែង​ការណ៍​របស់​ខ្លួន​បាន​ប្រើពាក្យ​ធ្ងន់ៗ​ថា គណៈកម្មការ​អឺរ៉ុប​បាន​បិទ​ភ្នែក​នៅ​ពេល ដែល​ប្រទេស​ជា​ច្រើន ដែល​កំពុង​តែ​ទទួល​នូវ​ក្របខ័ណ្ឌ​អនុគ្រោះពន្ធ​របស់​សហភាព​អឺរ៉ុប​មិន​បាន​អនុវត្ត​ពេញ​លេញ​នូវ​អនុញ្ញា​អន្តរជាតិ ប៉ុន្តែ ជា​មួយ​នឹង​របៀបវារៈ​នយោបាយ គណៈកម្មការ​នេះ​បាន​ដាក់​បន្តុប និង​រំពឹង​នូវ ការ​អនុវត្ត​ដ៏​ល្អ​ឥត​ខ្ចោះ នៃ​អនុសញ្ញា​អន្តរ​ជាតិ​ពី​កម្ពុជា​។

សេចក្តី​ថ្លែង​ការណ៍​កម្រាស់​៣ទំព័រ​របស់​ក្រសួង​ការបរទេស​បញ្ជាក់​ថា គណៈកម្មការ​អឺរ៉ុប​មិន​បាន​បង្ហាញ​ការ​គោរព​ចំពោះ​អធិបតេយ្យភាព​របស់​កម្ពុជា នៅ​ពេល​ដែល​ការ​ទាមទារ​នានា​ទាក់​ទង​នឹង EBA ​គឺ​ស្មើ​នឹង​ការ​ជ្រៀតជ្រែក​ចូល​ទៅ​ក្នុង​ការ​វិវត្ត​នយោបាយ​របស់​ប្រទេស​មួយ​។ ក្រសួង​ការបរទេស​បន្ត​ថា គណៈកម្មការ​អឺរ៉ុប​មិន​បាន​ទទួល​ស្គាល់​គុណ​សម្បត្តិ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ខិតខំ​ប្រឹងប្រែង​ ដើម្បី​បើក​ផ្លូវ​ឲ្យ​ថ្នាក់​ដឹកនាំ​នៃ​អតីត​គណបក្ស​សង្រ្គោះ​ជាតិ​១១៨​រូប ចាប់​ផ្តើម​ឡើង​វិញ​ដោយ​ពេញលេញ​នូវ​ជីវិត​នយោបាយ​របស់​ពួក​គេ​នោះ​ទេ​។

ចំណែក​ក្រសួង​ពាណិជ្ជកម្ម​វិញ កាល​ពីថ្ងៃទី​១២ កុម្ភៈ ក៏​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ដោយ​បញ្ជាក់​ថា ការ​ផ្តើម​ជា​ផ្លូវ​ការ​នូវ​ដំណើរ​ការ​នីតិវិធី ដែល​អាច​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា ជា​បណ្តោះអាសន្ន​នេះ មិន​មាន​ន័យ​ថា​សហភាព​អឺរ៉ុប​ចាប់​ផ្តើម​ព្យូរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ភ្លាមៗ ឬ​ជា​ស្វ័យ​ប្រវត្តិនោះ​ឡើយ តែ​ជា​ពេល​វលា​ដែល​ចាប់​ផ្តើម​បើក​នីតិវិធី​ពិគ្រោះយោបាល់​ជា​ផ្លូវ​ការ​ប៉ុណ្ណោះ​។

ក្រសួង​ពាណិជ្ជ​កម្ម​បញ្ជាក់​ថា រយៈពេល​គិត​ចាប់​ពី​ការ​ចាប់​ផ្តើម​នៃ​នីតិវិធី​នេះ​ រហូត​ដល់​ការ​ចូល​ជា​ធរមាន​នៃ​សេចក្តី​សម្រេច​ចុង​ក្រោយ​ណា​មួយ មាន​ចំនួន​១៨ខែ គិត​ចាប់​ពី​ថ្ងៃទី​១២ ខែ​កុម្ភៈ ឆ្នាំ​២០១៩​។ យ៉ាង​ណាក៏​ដោយ​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​បាន​អះអាង​ថា ខ្លួន​នឹង​រៀបចំ​កិច្ច​ពិភាក្សា​តុមូល ជា​មួយភាគី​ពាក់​ព័ន្ធ ដើម្បី​ជជែក​ពី​បញ្ហា​នេះ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ