ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 10/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 10/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 10/12 12h00 GMT
កម្ពុជា

តំណាង​ក្រុម​ហ៊ុន​អឺរ៉ុប៖ ការ​ការ​ពារ​សុវត្ថិ​ភាព​បុគ្គលិក​ខ្មែរ​នៅ​តាម​ការដ្ឋាន ដើរ​យឺត​ជាង​ចិន និង​វៀត​ណាម

media រូបភាព៖ លោក Michel Cassagnes ប្រធានគណៈកម្មការផ្នែកសំណង់និងអចលនទ្រព្យនៃសភាពាណិជ្ជកម្មអឺរ៉ុប និងជាតំណាងក្រុមហ៊ុនអឺរ៉ុប នៅថ្ងៃទី១៥ខែវិច្ឆិកាឆ្នាំ២០១៨ @RFI

ក្លឹប​អ្នក​កាសែត​កម្ពុជា​និង​តំណាង​ក្រុមហ៊ុន​មក​ពី​អឺរ៉ុប នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​១៥​វិច្ឆិកា​នេះ បាន​រៀប​ចំ​កិច្ច​ពិភាក្សាមួយ​ស្ដីពី ធុរកិច្ច និង​សុវត្ថិភាព​បុគ្គលិក​ការដ្ឋាន។ ក្នុង​នោះ​តំណា​ង​ក្រុមហ៊ុន​អឺរ៉ុប​បាន​វាយ​តម្លៃ​ជំហាន​បឋម​ថា ការ​ការ​ពារ​សុវត្ថិភាព​បុគ្គលិក​ខ្មែរ​នៅ​តាម​ការដ្ឋាន ដើរ​យឺត​ជាង​ចិន​និង​វៀតណាម។ គួរកត់​សម្គាល់​ដែរ​ថា ការវាយ​តម្លៃ​នេះ​ធ្វើ​ឡើង​​ស្រប​ពេល​ដែល​ការ​ដ្ឋាន​សំណង់​នៅ​កម្ពុជា​កំពុង​មាន​សន្ទុះ​កើន​ឡើង​នា​ពេល​បច្ចុ​ប្បន្ន ទាំង​នៅ​ទី​ក្រុង​និង​តាម​បណ្ដាល​ខេត្ត។

លោក Michel Cassagnes (មីស៊ែ កាសាញ) ប្រធាន​គណៈកម្មការ​ផ្នែក​សំណង់​និង​អច​ល​​នទ្រព្យ​នៃ​សភាពាណិជ្ជកម្ម​អឺរ៉ុប និង​ជា​តំណាង​ក្រុមហ៊ុន​អឺរ៉ុប ឲ្យ​ដឹង​ថា នៅ​កម្ពុជា​សុវត្ថិភាព​បុគ្គលិក​នៅ​តាម​ការដ្ឋាន គួរ​ត្រូវ​បាន​គិត​គូរឲ្យ​បាន​មុន​គេ។ ប៉ុន្តែ​ទន្ទឹម​នឹង​ការ​គិត​គូរ​អំពី​សុវត្ថិភាព​នេះ គេ​ក៏​ត្រូវ​គិត​ដល់​ការ​ចំណាយ​លើ​សម្ភារៈការ​ពារ​សុវត្ថិភាព​ផង​ដែរ។ នៅ​កម្ពុជា គេ​មិន​ទាន់​ដឹង​ថា ស្ថាប័ន​ណា​មួយ​ទទួល​បន្ទុក​ចំពោះ​គ្រោះថ្នាក់​នៅ​ក្នុង​ការ​ដ្ឋាន​នៅឡើយ​ទេ។ ប៉ុន្តែ​កម្ពុជា​គួរ​តែ​មាន​ស្ថាប័ន​ទទួល​បន្ទុក​និង​កត់​ត្រា​គ្រោះថ្នាក់​ដែល​កើត​ឡើង​នៅ​ក្នុង​ការ​ដ្ឋាន បើទោះ​បី​ជា​ចំនួន​គ្រោះថ្នាក់​នៅ​តាម​ការដ្ឋាន​មាន​ចំនួន​មិន​ច្រើន​ដូច​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ក៏​ដោយ។

ផ្ទុយ​ពី​កម្ពុជា ប្រទេស​វៀត​ណាម​មាន​ស្ថាប័ន​មួយ​កត់​ត្រា​ច្បាស់​លាស់​នូវ​ចំនួន​គ្រោះ​ថ្នាក់​នៅ​តាម​ការ​ដ្ឋាន។ ដោយ​ឡែក ប្រទេស​នៅ​អឺរ៉ុប​វិញ ពិសេស​គឺ​ប្រទេស​បារាំង​តែម្ដង អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​សុវត្ថិភាព​បុគ្គលិកតាម​ការដ្ឋាន នោះ​គឺក្រសួង​សាងសង់​និង​ក្រសួង​ការងារ។ បន្ថែម​ពី​លើ​ស្ថាប័ន​ទទួល​បន្ទុក មន្ត្រី​នៃ​ក្រសួង​ទទួលបន្ទុក​ទាំង​ពីរ​ឧស្សាហ៍​ចុះ​ទៅ​ត្រួត​ពិនិត្យ​ការដ្ឋាន​សំណង់។ ហើយ​នៅ​ប្រទេស​បារាំង ឧបករ​ណ៍​ស្ទូច​ឆ្លង​កាត់​ផ្លូវ​អាច​​ប្រើ​ប្រាស់​បាន ដរាប​ណា​ទទួល​បាន​ការអនុញ្ញាត​ពី​អាជ្ញាធរ​ជា​មុន​សិន។

លោក Michel Cassagnes ថា វិធាន​ការ​បែប​នេះ​គួរ​តែ​អនុវត្ត​ផង​ដែរ​នៅ​ក្នុង​ប្រទេស​កម្ពុ​ជា​។​ ក្រៅ​ពី​នេះ​សម្រាប់ប្រទេស​កម្ពុជា ដើម្បី​ទប់​ស្កាត់​គ្រោះថ្នាក់​ការដ្ឋាន គឺ​ម្ចាស់​ការ​ដ្ឋាន​ត្រូវ​ពន្យល់​អំពី​គ្រោះថ្នាក់​ក្នុង​ការដ្ឋាន​ដែលងាយ​កើត​មាន​ក្នុង​ពេល​បំពេញ​ការងារ។

លោក Michel Cassagnes បាន​រំឭក​ថា សម្ភារៈការពារ​សុវត្ថិភាព​បុគ្គលិក​នៅ​ក្នុង​វិស័យ​សំណង់​ចាំ​បាច់​ត្រូវ​មាន៖ មួក​ដែក​ដើម្បី​ការពារ​អ្វីៗ​ដែល​ធ្លាក់​មក​ពី​ខាងលើ ស្បែក​ជើង​សុវត្ថិភាព​ដែល​មាន​បាត​ការពារ​ឆក់ និង​អាវ​រំលេចពន្លឺ​ដើម្បី​ឲ្យ​គេ​មើល​ឃើញ​ពី​ចំងាយ។ បើ​តាម​លោក Cassagnes សុវត្ថិភាព​បុគ្គលិក​ក្នុង​ការដ្ឋាន គួរ​ត្រូវ​យក​ចិត្តទុក​ដាក់​ឲ្យ​បាន​ខ្ពស់ ព្រោះ​យ៉ាង​ហោច​ណាស់ នៅ​ក្នុង​ការ​ដ្ឋាន​សំណង់​ដែល​វិនិយោគ​លើ​អគារ​ខ្ពស់ៗ ត្រូវ​ការមនុស្ស​ចន្លោះ​ពី១ពាន់​ទៅ​២​ពា​ន់​នាក់​ដែរ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ