អានតួអត្ថបទ
កម្ពុជា

EU​ជំរុញ​​ក្រុមហ៊ុន​​ដី​​សម្បទាន​​ឲ្យ​​វិនិយោគ​​បាន​​ត្រឹម​ត្រូវ​​និង​​ដាំ​​ដើម​ឈើ​​ឡើង​វិញ​

លោកហ្ស​ង់​ ហ្វ្រ​ង់​ស័​រ កូ​តាំង (Jean-François CAUTAIN) ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា បាន​ទៅ​ទស្សនកិច្ច​ចម្ការ​ម៉ៃសាក់​កាលពី​ថ្ងៃ​សុក្រ ទី២៨វិច្ឆិកា​នៅតាម​ជើងភ្នំ​គិរី​រម្យ ខេត្តកំពង់ស្ពឺ។ នេះ​គឺជា​លើកដំបូង​ដែល​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​បាន​ទៅ​ទស្សនកិច្ច​លើដី​សម្បទាន​សេដ្ឋកិច្ច ដែលមាន​កុងត្រា​រយៈពេល៧០ឆ្នាំ និង​ជា​ក្រុមហ៊ុន​មកពី​អឺរ៉ុប។ លោក​អះអាងថា ជម្លោះដីធ្លី​ដោយសារ​សម្បទាន​សេដ្ឋកិច្ច​គឺជា​បញ្ហា​ធំ ហើយ​លោក​បាន​លើកទឹកចិត្ត​ឲ្យ​មានការ​វិនិយោគ​ឲ្យ​បាន​ត្រឹមត្រូវ​លើដី​សម្បទាន​សេដ្ឋកិច្ច ពិសេស​ជំរុញ​ឲ្យ​មានការ​វិនិយោគ​លើ​ការដាំ​ដើមឈើ​ឡើងវិញ។

លោក​Jean-François​​ CAUTAIN​(ពាក់​មួកស​ ដៃ​កាន់​កូន​សៀវភៅ​ពណ៌​ខៀវ​) ​កំពុង​​​ស្តាប់​​​ការ​​​ពន្យល់​​​របស់​​​អ្នក​​​ជំនាញ​​​ដាំ​​​ដើម​​ឈើ​​ម៉ៃសាក់​​
លោក​Jean-François​​ CAUTAIN​(ពាក់​មួកស​ ដៃ​កាន់​កូន​សៀវភៅ​ពណ៌​ខៀវ​) ​កំពុង​​​ស្តាប់​​​ការ​​​ពន្យល់​​​របស់​​​អ្នក​​​ជំនាញ​​​ដាំ​​​ដើម​​ឈើ​​ម៉ៃសាក់​​ RFI/ សហការី
ផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន Grandis TIMBER Limited ដែល​ធ្វើ​ពាណិជ្ជកម្ម ដាំ​ដើមឈើ លើ​ផ្ទៃដី​ជិត១ម៉ឺន​ហិតា នៅជាប់​ជើងភ្នំ​គិរី​រម្យ ក្នុង​ខេត្តកំពង់ស្ពឺ​ជា​ជម្រើស​សម្រាប់​ទស្សនកិច្ច​លើកដំបូង​របស់លោក​ឯ​ក​អគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា។ ក្រុមហ៊ុន​នេះ បានទទួល​អាជ្ញាប័ណ្ណ​ដី​សម្បទាន​សេដ្ឋកិច្ច​សម្រាប់ធ្វើ​ការវិនិយោគ ពី​រដ្ឋាភិបាល ជាង៥ឆ្នាំ​មកហើយ។

លោក វ៉េ​នេ ប៊ឺ​តុង (Wayne Burton) ជា​នាយក​ប្រតិបត្តិ បាន​ប្រាប់ថា ក្រុមហ៊ុន​នេះ បាន​ដាំ​ដើមឈើ​ម៉ៃសាក់​បាន​ជាង៥ពាន់​ហិកតា​ហើយ នៅ​ឆ្នាំ២០១៤នេះ។ ជា​គម្រោង​ដែល​ចំណាយ​អស់ប្រាក់​ជាង១លាន​ដុល្លារ​សហរដ្ឋអាមេរិក​ក្នុងមួយឆ្នាំៗ ខណៈដែល​ការប្រមូល​ផល​មកវិញ គឺ​ស្ថិតក្នុង​រយៈពេល​ដ៏​យូរ ពោលគឺ​ជាង៣០ឆ្នាំក្រោយ​ឯណោះ ទើប​គេ​អាច​កាប់​ដើម​ម៉ៃសាក់​ទៅ​លក់បាន។

លោកនាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​មកពី​ប្រទេស​ដា​ណឺ​ម៉ាក់​រូបនេះ ពន្យល់​បន្តថា មាន​មូលហេតុ​បី​ដែល​លោក​សម្រេច​មក​បោះទុន​នៅ​កម្ពុជា គឺ​ទីនេះ នៅមាន​ដី​ទំនេរ​ច្រើន ប្រាក់​ឈ្នួល​កម្មករ​ថោក ហើយ​លោក​អាច​ងាយស្រួល​សុំ​សិទ្ធិ​ទទួលបាន​ដី​សម្បទាន​សេដ្ឋកិច្ច​ដើម្បី​អភិវឌ្ឍន៍។ ក្រុមហ៊ុន Grandis TIMBER Limited មាន​បុគ្គលិក​និង​កម្មករ​ជាង៧០០នាក់ និង​មាន​កន្លែង​មើលថែ​កុមារ និង​បង្រៀន​ដល់ក្មេងៗ ដែលជា​កូនចៅ​របស់​កម្ម​ករទៀ​ត​ផង។

លោក Jean-François CAUTAIN  ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា បាន​ជំរុញ​ឲ្យ​មានការ​គាំទ្រ​ការវិនិយោគ​ដូច​ក្រុមហ៊ុន Grandis Timber Limited ដើម្បី​ដាំ​ដើមឈើ​ឡើងវិញ ឲ្យ​បាន​ត្រឹមត្រូវ លើដី​សម្បទាន​សេដ្ឋកិច្ច។ ការយក​ដី​សម្បទាន ទៅ​អភិវឌ្ឍ​មិនបាន​ល្អ និង​យក​ជា​លេស​អភិវឌ្ឍ​ដើម្បី​កាប់​ឈើ ត្រូវបាន​លោក Jean-François CAUTAIN រិះគន់​យ៉ាងខ្លាំង។ លោក​ថ្លែងថា វិបត្តិ​ដី​សម្បទាន​សេដ្ឋកិច្ច ដែល​បាន​បង្ក​ផល​លំបាក​ដល់​ប្រជាជន​និង​បណ្តាល​ឲ្យ​មានការ​បណ្តេញចេញ​ទាំង​បង្ខំ គឺជា​រឿង​ធំ។ រឿង​ធំ​តាំងពី​មុនពេល​លោក​មក​ជាន់ដី​កម្ពុជា​មកម្ល៉េះ ហើយ​បន្ត​ជា​បញ្ហា​សង្គម ដោះស្រាយ​មិនទាន់​ចប់​រហូតដល់​សព្វថ្ងៃ។

យ៉ាងណាក៏ដោយ កន្លងមក រដ្ឋាភិបាល​ធ្លាប់បាន​សម្រេច​ដកហូត​និង​កែសម្រួល​ផ្ទៃដី​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ចំនួន​ជាង២០ក្រុមហ៊ុន​ហើយ ក្នុងនោះ​មាន​ក្រុមហ៊ុន​មួយចំនួន​មាន​កិច្ចសន្យា​រយៈពេល៩៩ឆ្នាំ​ដោយសារ​ក្រុមហ៊ុន​ទាំងនោះ មិនបាន​គោរព​កិច្ចសន្យា។ ក្រុមហ៊ុន​ទាំងនោះ មួយចំនួន​ត្រូវគេ​រាយការណ៍​ថា​បាន​កាប់​ព្រៃឈើ​អស់​ទៅហើយ។ ទោះ​យ៉ាងនេះ​ក្តី លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម បាន​ថ្លែង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ព្រៃឈើ​នៅ​កម្ពុជា នៅសល់​ជាង៦០ភាគរយ​ឯណោះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ