អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

ធនាគារជាតិ៖ សេដ្ឋកិច្ច​កម្ពុជា​អាច​ប្រឈម​នឹង​ហានិភ័យ​មួយ​ចំនួន​នៅ​ឆ្នាំ​២០១៨

ធនាគារជាតិ​នៃ​កម្ពុជា​បាន​ចេញ​ផ្សាយ​របាយការណ៍​ប្រចាំ​ឆ្នាំ​ស្ដីពី​វឌ្ឍនភាព​ម៉ាក្រូ​សេដ្ឋ​កិច្ចនិង​វិស័យ​ធនាគារ​ឆ្នាំ​២០១៧និង​ទស្សន​វិស័យ​ឆ្នាំ​២០១៨។នៅ​ក្នុង​របាយការណ៍​នោះធនាគារជាតិ​មាន​មោទនភាព​ដោយ​សារ​សេដ្ឋកិច្ច​កម្ពុជា​បន្ត​រក្សា​បាន​កំណើន​៦,៩​ភាគ​រយហើយ​នៅ​ឆ្នាំ​២០១៨​នេះ កម្ពុជា​នៅ​តែ​បន្ត​រក្សា​បាន​កំណើន​សេដ្ឋកិច្ច​ប៉ុណ្ណឹង​ដដែល។ទន្ទឹម​នឹង​មោទនភាព​ធនាគារ​ជាតិ​មើល​ឃើញ​ថាសេដ្ឋកិច្ច​កម្ពុជា​អាច​ប្រឈម​នឹង​ហានិភ័យ​មួយ​ចំនួន​នៅ​ឆ្នាំ​២០១៨។

រូបថតៈទិដ្ឋភាព​អគារ​ខ្ពស់ៗ​​ក្នុង​​រាជធានី​​ភ្នំពេញ​
រូបថតៈទិដ្ឋភាព​អគារ​ខ្ពស់ៗ​​ក្នុង​​រាជធានី​​ភ្នំពេញ​ @សហការី
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​របាយការណ៍​ដែល​មាន​កម្រាស់​៥ទំព័រ ធនាគារជាតិ​នៃ​កម្ពុជា​បាន​អះអាង​ថា ហា​និ​​ភ័យ​ពី​ខាង​ក្រៅ​អាច​នឹង​ជះ​ឥទ្ធិលពល ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​២០១៨ ដោយ​សារ​តែ​ភាព​មិន​ច្បាស់លាស់​លើ​ការ​អនុវត្ត​គោល​នយោនបាយ​របស់​សហ​រដ្ឋ​អាមេរិក ដែល​បង្ក​ឲ្យ​មាន​ភាព​មិន​ប្រាកដ​ប្រជា​ក្នុង​ទីផ្សារ​ហិរញ្ញវត្ថុ​អន្តរជាតិ និង​តំបន់ ដែល​ជា​ប្រភព​លំហូរ​មូលធន​សម្រាប់​កម្ពុជា។ មួយវិញទៀត ការ​រំពឹង​ថា ប្រាក់​ដុល្លារ​នឹង​កើន​ថ្លៃ ក៏​អាច​ប៉ះពាល់​ដល់​ភាព​ប្រកួត​ប្រជែង​នៃ​ផលិតផល​នាំ​ចេញរបស់​កម្ពុជា ដោយ​សារ​កម្ពុជា​មាន​កម្រិត​ដុល្លារ​រូបនីយកម្ម​ខ្ពស់។ ការ​កើន​ឡើង​នៃ​ការគំរាម​កំហែង​លើ​ទី​ផ្សារ​នាំ​ចេញ​ក្នុង​វិស័យ​កាត់​ដេរ​របស់​កម្ពុជា ដោយ​សារ​តែ​កិច្ច​ព្រមព្រៀង​អន្តរ​ប៉ាស៊ីហ្វិក មិន​មាន​សហរដ្ឋ​អាមេរិក។ ចំណែក​ហានិភ័យ​នៃ​ការ​ថយ​ចុះលឿន​ជាង​ការ​រំពឹង​ទុក​នៃ​កំណើន​សេដ្ឋកិច្ចចិន ទំនង​ជា​អាច​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​កម្ពុជា ដូច​ជា​វិស័យ​ទេសចរណ៍ ពាណិជ្ជកម្ម និងវិនិយោគ​ជាដើម។

ក្រៅ​ពី​កត្តា​ខាង​ក្រៅ​ដែល​នាំ​ឲ្យ​សេដ្ឋកិច្ច​កម្ពុជា​ជួប​ហានិភ័យ​នៅ​ឆ្នាំ២០១៨​ហើយ​នោះ កត្តា​​ក្នុង​ស្រុក​ក៏​ចូលរួម​ចំណែក​ច្រើន​ណាស់​ដែរ រួមមាន៖ ការ​បន្ថយ​ល្បឿន​កំណើន​វិស័យសំណង់ បន្ទាប់​ពី​មាន​កំណើន​ផ្គត់ផ្គង់​ខ្ពស់​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ។ ការដំឡើង​ប្រាក់​ខែ​ក្នុង​វិស័យ​កាត់ដេរ ដែល​អាច​ប៉ះពាល់​ដល់​ការ​ប្រកួត​ប្រជែង​ការ​នាំ​ចេញរបស់​កម្ពុជា​។ កង្វះ​ទីផ្សារ​ផលិតផល​កសិកម្ម​ដែល​អាច​ធ្វើ​ឲ្យ​តម្លៃ​កសិផល​ចុះ​ទាប​ខ្លាំង​។ បន្ថែមលើ​នេះ ធនាគារជាតិ​កម្ពុជា​បាន​កត់​សម្គាល់​ថា រាល់​ពេល​មុន​ការ​បោះឆ្នោតសកល ការ​វិនិយោគ​អាច​មាន​ការ​ថយចុះ ដោយសារ​អត្តចរិត​របស់​វិនិយោគិន រង់ចាំមើល​ការ​បោះ​ឆ្នោត​សិន​មុន​នឹង​សម្រេច​បង្កើន​ការ​វិនិយោគ។ នេះ​បើតាម​ធនាគារ​ជាតិ។

ប៉ុន្តែយ៉ាងណាក៏ដោយ នៅ​ចំពោះ​មុខការប្រឈម​នេះ ធនាគារជាតិ​បាន​អះអាង​ដោយ​ខ្លួន​​ឯង​ថា នឹង​បន្ត​អនុវត្ត​គោលនយោបាយ​រូបិយវត្ថុ​ដោយ​ភាព​ប្រុង​ប្រយ័ត្ន តាមរយៈការ​អភិវឌ្ឍ​វិស័យ​ធនាគារ សំដៅ​រក្សា​ស្ថិរភាពម៉ាក្រូ​សេដ្ឋកិច្ច ស្ថិរភាពហិរញ្ញវត្ថុ និងការធ្វើ​អន្តរ​ការិយាល័យកម្ម​ហិរញ្ញវត្ថុ​ប្រកប​ដោយ​ប្រសិទ្ធភាព។

បន្ថែម​លើ​ការ​ប្ដេជ្ញាចិត្ត​ការ​ពារ​កំណើន​សេដ្ឋកិច្ច ធនាគារជាតិ​រំពឹង​ថា កម្ពុជា​បន្ត​រក្សាបាន​កំណើន​សេដ្ឋកិច្ច៦,៩ ភាគរយ​ស្មើ​នឹង​ឆ្នាំ​២០១៧ដែរ ខណៈ​ដែល​ស្ថាប័ន​អន្តរជាតិបាន​វាយ​តម្លៃ​ផ្សេង​គ្នា​ពី​កំណើន​សេដ្ឋកិច្ចកម្ពុជា​ក្នុង​ឆ្នាំ​២០១៨នេះ។ ក្នុងនោះ​មូលនិធិរូបិយវត្ថុ​អន្តរជាតិ​ព្យាករណ៍​ថា កំណើន​សេដ្ឋកិច្ច​កម្ពុជា​ក្នុង​ឆ្នាំ​២០១៨​ស្ថិត​ក្នុង​អត្រា​៦,៨ភាគរយ ធនាគារ​ពិភព​លោក៦,៩ភាគរយ និង​ធនាគារ​អភិវឌ្ឍ​អាស៊ី​៧,១ ភាគរយ។

គួរ​រំឭក​ជូន​ថា សេដ្ឋកិច្ចកម្ពុជា​ក្នុង​ឆ្នាំ​២០១៧ មាន​កំណើន​ស្ថិត​នៅ​ក្នុង​អត្រា ៦,៩ភាគរយ ដោយ​ទទួល​បាន​ការ​រួម​ចំណែក​ជា​ពិសេស​ពី​វិស័យ​កាត់ដេរ​៧ភាគរយ សំណង់​១៨ភា​គរ​យ ទេសចរណ៍​៥ភាគរយ។ បើ​តាម​ធនាគារ​ជាតិ កត្តា​ខាង​ក្រៅ​ដែល​គាំទ្រ​ដល់ការ​រីក​ចម្រើន​​សេដ្ឋកិច្ចកម្ពុជា មាន​ជា​អាថិ៍៖ កំណើនការ​នាំចេញសម្លៀកបំពាក់ និងស្បែកជើង ដែល​គាំទ្រ​ដោយ​ការ​បន្ត​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​សហភាព​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក។ កំណើន​នៃ​ការ​នាំ​ចេញ​ទៅ​ជប៉ុន និង​កាណាដា ផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ