ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 18/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 18/09 12h00 GMT
កម្ពុជា

ករណី​លទ្ធផល​ប្រឡង​បាក់ឌុប៖ ក្រសួង​អប់រំ សុំទោស​ចំពោះ​កំហុស​ឆ្គង​ដោយ​អចេតនា

media លោក​ហង់ ជួនណារ៉ុន រដ្ឋ​មន្រ្តី​ក្រសួង​អប់រំ យុវ​ជន និង​កីឡា ក្នុងឱកាស​ទិវាអំណាន​ជាតិ​លើក​ទី២ RFI

ក្រសួងអប់រំ​យុវជន​និងកីឡា នៅ​ថ្ងៃ​សៅរ៍​នេះ បាន​សុំទោស​ជា​ផ្លូវ​ការ​ចំពោះ​កំហុស​បច្ចេក​ទេស​លើ​កំណែវិញ្ញាសា​មុខ​វិជ្ជា​គណិតវិទ្យា។ ការ​សុំទោស​នេះ ធ្វើ​ឡើង​មួយ​ថ្ងៃ​ក្រោយ​ក្រសួង​អប់រំ​ប្រកាស​លទ្ធផល​ថ្មី​នៃ​ការ​ប្រឡង​សញ្ញា​មធ្យម​សិក្សា​ទុតិយភូមិ ឬ​បាក់ឌុបជា នៅ​ថ្ងៃ​ទី​១៤​កញ្ញា​ម្សិល​មិញ។ លទ្ធផល​ថ្មី​នេះ បាន​បន្ត​បិទផ្សាយ​នៅ​តាម​បណ្ដា​ខេត្ត​នៅ​ថ្ងៃ​សៅរ៍​នេះ​ទៀត។ អ្វី​ជា​ការ​កត់​សម្គាល់ តាមរយៈ​ការ​ទទួល​ស្គាល់​កំហុ​ស​​នេះ ក្រសួង​អប់រំ​ទទួល​បាន​ការ​កោត​សសើរ។

ការ​ប្រកាស​សុំទោស​ជា​សាធារណៈ​របស់​ក្រសួងអប់រំ​នេះ​ធ្វើ​ឡើង​តាមរយៈ​ទំព័រ​ហ្វេស​ប៊ុក​​ផ្លូវការ​របស់​ក្រសួង។ តាម​រយៈ​ទំនួល​ខុស​ត្រូវ​ដូច្នេះ​ក្រសួងអប់រំ ទទួល​បាន​ការ​កោត​សសើរ​ពី​សាធារណជន និង​ជាពិសេស​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេស​បុក​តែ​ម្ដង។ មតិ​ខ្លះ​បាន​លើក​ឡើង​ដោយ​ភ្ជាប់​ជាមួយ​រូបថត រដ្ឋមន្ត្រី​ក្រសួង​អប់រំ លោក ហង់ ជួន​ណារ៉ុន​ថា ជាវីរ​បុរស​ម្នាក់​ធ្វើ​ឲ្យ​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​​មាន​តម្លៃ​ឡើង​វិញ​​ និង​ជា​អ្នកធ្វើ​ឲ្យ​ជាអាជីព​គ្រូ​បង្រៀន មាន​កិត្តិយស​ឡើង​វិញ​ផង​ដែរ។ ដូច្នេះ​កំហុស​លើក​នេះ សាធារណជន​លើ​បណ្ដាញ​សង្គម​យល់​ថា គួរ​ទទួល​បាន​ការ​អនុគ្រោះ​សម្រាប់​ក្រសួង​អប់រំ។

ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ អ្នកស្រី អ៊ុក ឆាយ៉ាវី ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​ថា មួយ​ផ្នែក​នៃ​ការ​សុំទោស​របស់​ក្រសួង គឺ​គ្រាន់​តែ​អាច​ធ្វើ​ឲ្យ​សិស្ស​ស្ងប់​ចិត្ត​តែ​ប៉ុន​ណោះ​។ ហើយថា ការ​សុំ​ទោស​តែ​ម្យ៉ាង ក៏​មិនអាច​បញ្ចប់​បញ្ហា​បាន​ដែរ គឺ​ក្រសួង​ត្រូវ​បន្ត​ធ្វើ​កំណែ​ទម្រង់​ថែម​ទៀត សម្រាប់​ដំណើរ​ការ​ប្រឡង​នៅ​ឆ្នាំ​ក្រោយៗ​។

បេក្ខជន ឆាយ លីអាន ដែល​ចេញ​មុខ​តវ៉ា​ឲ្យ​សើរើ ចំពោះ​មុខវិជ្ជា​គណិត​ដែល​ខ្លួន​ទទួល​បាន​និទ្ទេស D តែក្រោយ​មក​ឡើង​ទៅ​ដល់​លំដាប់​ពិន្ទុ A លើក​ឡើង​ថា ការ​សុំទោស​របស់​​ក្រសួង​គឺ​ជា​ការ​បង្ហាញ​ទំនួល​ខុស​ត្រូវ​ដ៏ធំ​មួយ​មិន​ធ្លាប់​មាន។ ហើយ​ការ​សុំទោស​ដោយ​ភ្ជាប់​ជាមួយ​នឹង​ការ​សើរើ​ពិន្ទុ​ឡើង​វិញ​នេះ ក្រសួង​អប់រំ​នឹង​ទទួលបាន​ទំនុក​ជា​ថ្មី​ពី​អាណា​ព្យាបាល និង​សិស្សា​នុសិស្ស​ផ្ទាល់​តែ​ម្ដង។ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ បេក្ខ​ជន លីអាន ស្នើឲ្យ​ក្រសួង​ដោះ​ស្រាយ​បញ្ហា​នៅ​សេសសល់ ដូច​ករណី​សិស្ស​ម្នាក់​ដែល​កំពុង​មាន​បញ្ហា​លើ​មុខ​វិជ្ជា​រូប​វិទ្យា​ជាដើម។

ឆ្លើយ​តប​នឹង​មតិ​ចម្រុះ​នេះ អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ លោក រស់ សុវាចា ថ្លែងថា ក្រុម​ការ​ងារ​នៃ​ក្រសួង​អប់រំ​យុវជន និង​កីឡា ទាំង​មូល​នឹង​បន្ត​ពង្រឹង​សមត្ថភាព​មន្ត្រី​គ្រប់​លំដាប់​ថ្នាក់​ដោយ​ផ្ដោត​ទៅ​លើ​ដំណើរ​ការ​រៀប​ចំ​ការប្រឡង។ ហើយ​ភាព​ខុស​ឆ្គង​នៅ​ឆ្នាំ​នេះ គឺ​ជា​​មេរៀន​ប្រុង​ប្រយ័ត្ន​នៅ​ឆ្នាំ​ក្រោយ ដើម្បី​ឲ្យ​ដំណើការ​បូក​ស្រង់​ពិន្ទុមាន​ភាព​រលូន។ នេះ​បើ​តាម លោក រស់ សុវាចា ។

សូមបញ្ជាក់ថា ផ្អែក​តាម​លទ្ធ​ផល​ថ្មី​នេះ អ្នក​ជាប់​ការ​ប្រឡង​បាក់ឌុប​មាន​ចំនួន​ជាង​៧​ម៉ឺន​៦​ពាន់​នាក់ ស្មើ​នឹង​៦៧,០៧​ភាគ​រយ​ ខណៈ​ការ​ប្រកាស​លទ្ធ​ផល​លើក​មុន ចំនួន​អ្នក​ជាប់​គិត​ជា​ភាគ​រយ​មាន​ប្រមាណ​៦៦,២១​ភាគ​រយ​។ ក្នុងនោះអ្នកជាប់និទ្ទេស A កើនឡើង​រហូតដល់៤០៨នាក់ ខណៈ​នៅ​ក្នុង​ការប្រកាសលទ្ធផល​លើក​ដំបូង មាន​អ្នក​ជាប់​និទ្ទេស A តែ​ចំនួន​២៩០​នាក់៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ