កសិករចិញ្ចឹមត្រី លោក សាន ឡាស់៖«ត្រីចិញ្ចឹមបែបធម្មជាតិមានគុណភាពជាងត្រីចិញ្ចឹមសម្រាប់នាំចេញ និងនាំចូល»
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៨:០២
កាលពីដើមសប្ដាហ៍ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជាលោក GEORGE EDGAR បានចុះទៅកាន់មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មទឹកសាបបាទី ស្រុកពាមរក៍ ខេត្តព្រៃវែង។ ទីនេះគឺជាកន្លែងបង្កាត់ពូជ និងភ្ញាស់កូនត្រីធំជាងគេលំដាប់ទី២ នៅកម្ពុជា។ ឆ្លៀតពេលនោះ អេង គីមហុង អ្នកកាសែតវិទ្យុបារាំងបានជួបជាមួយកសិករចិញ្ចឹមត្រីមា្នក់ដែលអញ្ជើញមកទទួល លោកឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា លោក សាន ឡាស់ បានចែករំលែកបទពិសោធន៍ចិញ្ចឹមត្រីទៅកាន់ពលរដ្ឋឯទៀត ដើម្បីចាប់យករបបនេះជំនួសឲ្យការធ្វើចំណាកស្រុក។ កសិករចិញ្ចឹមត្រីរូបនេះ ក៏បានរំឭកទៅពលរដ្ឋថា ការទទួលទានត្រីដែលចិញ្ចឹមតាមបែបធម្មជាតិមានគុណភាពជាងត្រីចិញ្ចឹមសម្រាប់នាំចេញ និងត្រីនាំចូល។ សូមបញ្ជាក់ថា មួយផ្នែកនៃវិស័យជលផលរបស់ខ្មែរទទួលបានថវិកា៧លាន៣សែនអឺរ៉ូពីសហភាពអឺរ៉ុប ខណៈវិស័យកសិកម្មទាំងមូលទទួលបានថវិកាគាំទ្រពីសហភាពអឺរ៉ុបចំនួន២០លានអឺរ៉ូ។