អានតួអត្ថបទ
កម្ពុជា

អតីត​​តំណាង​រាស្ត្រ​​បក្សប្រឆាំង​​ស្វែង​រក​​អន្តរាគមន៍​​ពី​​ប្រមុខ​​UN​រឿង​​រំលាយ​​​បក្ស​​សង្គ្រោះ​​ជាតិ​

អតីត​ក្រុមតំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ បាន​សរសេរ​លិខិត​ស្វែងរក​អន្តរាគមន៍​មួយ​ទៅកាន់​លោក Antonio Guterres អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​កាលពី​ថ្ងៃទី៣០ វិច្ឆិកា។ លិខិត​នេះ​ទើប​បង្ហាញ​ជា​សាធារណៈ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​កលោក​អេង ឆៃអ៊ាង អតីត​អនុប្រធាន​បក្ស​សង្គ្រោះ​ជាតិ​នៅថ្ងៃនេះ។ ក្នុង​លិខិត​នោះ អតីត​ក្រុមតំណាងរាស្ត្រ​បក្សប្រឆាំង​សុំ​ឲ្យ​លោក Antonio Guterres ការពារ​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស និង​ជំរុញ​ឲ្យ​កម្ពុជា​ងាក​ទៅ​គោរព​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​បារី​ស​ឆ្នាំ១៩៩១ឡើងវិញ បន្ទាប់ពី​បក្ស​សង្គ្រោះ​ជាតិ​ត្រូវបាន​រំលាយ។

លោក​Antoni​o Guterres ​អគ្គលេខាធិការ​អង្គការស​ហប្រ​ជាជាតិ​
លោក​Antoni​o Guterres ​អគ្គលេខាធិការ​អង្គការស​ហប្រ​ជាជាតិ​ REUTERS/Shannon Stapleton
ផ្សាយពាណិជ្ជកម្ម

ដោយ​នៅតែ​តាំងខ្លួន​ថា​ជា​តំណាងរាស្ត្រ​ជាប់ឆ្នោត​របស់​កម្ពុជា អតីត​ក្រុមតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​បានបញ្ជាក់​ប្រាប់​លោក Antonio Guterres អគ្គលេខាធិការ​អង្គការសហប្រជាជាតិ ពី​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ក៏ដូចជា​ការយក​កៅអី​នៅក្នុង​រដ្ឋសភា​របស់ខ្លួន​ទៅ​ចែកចាយ​ឲ្យ​គណបក្ស​មិន​ជាប់ឆ្នោត​ដទៃទៀត។ ត្រង់ចំណុច​នេះ អតីត​ក្រុមតំណាងរាស្ត្រ​បក្សប្រឆាំង​បាន​អះអាងថា ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ត្រូវបាន​រំលោភបំពាន ហើយ​ថា អង្គការនីតិបញ្ញត្តិរ​បស់​កម្ពុជា​នៅពេលនេះ មិនអាច​ចាត់ទុកថា​ជា​តំណាង​ស្របច្បាប់​របស់​ប្រជាពលរដ្ឋ​កម្ពុជា​នោះឡើយ។ ក្រៅពីនេះ អតីត​ក្រុមតំណាងរាស្ត្រ​ក៏បាន​ចង្អុលបង្ហាញ​លោក Antonio Guterres ដែរ​ថា គណបក្សកាន់អំណាចរ​បស់​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​គំរាមកំហែង​និង​បាន​បិទ​អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយចំនួន​នាពេល​កន្លងមក។

សម្រាប់​អតីត​ក្រុមតំណាងរាស្ត្រ​បក្សប្រឆាំង ទង្វើ​ទាំងអស់នេះ​របស់​រដ្ឋាភិបាល​ខ្មែរ គឺ​បាន​បំពាន​ទៅនឹង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​បារី​ស​ឆ្នាំ១៩៩១។ ហេតុ​ដូចនេះហើយ ពួកគេ​ជំរុញ​ឲ្យ​លោក​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ធ្វើ​អ្វី​គ្រប់យ៉ាង​ក្នុង​ដែន​អំណាច​របស់គាត់ ដើម្បី​ជំរុញ​ប្រទេស​កម្ពុជា​ត្រឡប់​ទៅ​គោរព​គោលការណ៍​ដែលមាន​នៅក្នុង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​បារី​ស។ លើសពីនេះ​ទៀត ពួកគេ​ក៏​សុំ​ឲ្យ លោក​Antonio Guterres រំលឹក​ដល់​ប្រទេស​ជា​ហត្ថលេខី​ឲ្យ​ជួយ​ការពារ និង​លើកស្ទួយ​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស និង​ការគោរព​សិទ្ធិ​នៅ​មនុស្ស​កម្ពុជា។

លោក​សុខ ឥសាន អ្នកនាំពាក្យ​គណបក្សកាន់អំណាច​បាន​អះអាងថា លោក​មិន​ជឿ​សោះឡើយ​ថា អង្គការសហប្រជាជាតិ​ធ្វើតាម​ការចង់បាន​រប​ស់​អតីត​ក្រុមតំណាងរាស្ត្រ​គណបក្សប្រឆាំង។ មិន​ជឿ ដោយ​លោក​សំអាងថា បញ្ហា​ទាំងអស់​គឺជា​រឿង​ផ្ទៃក្នុង​របស់​កម្ពុជា ដែល​គ្មាន​ច្បាប់​ណាមួយ​ឲ្យ​អង្គការសហប្រជាជាតិ​មក​លូកដៃ​ចូល​នោះទេ។ បើតាម​លោក​សុខ ឥសាន លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា​មិនត្រូវ​ការការពារ​ឬ​ពង្រឹង​អ្វី​ទេ ព្រោះថា ពេលនេះ​រដ្ឋាភិបាល​កម្ពុ​ជា​កំពុងតែ​ពង្រឹង​ស្រាប់​ហើយ គឺ​តាមរយៈ​ការចាប់ខ្លួន​ជន​ប្រព្រឹត្ត​បទល្មើសផ្សេង។

ជាការ​កត់សម្គាល់ គិត​ត្រឹម​ពេលនេះ គេ​នៅ​មិនទាន់​ឃើញ​មាន​ការឆ្លើយតប​បែបណា​មួយ​ពី​លោក​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​នៅឡើយ​ទេ។ តែ​ទោះជា​យ៉ាងណា អតីត​ក្រុមតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​សង្ឃឹម​ជឿជាក់ថា យ៉ាងហោចណាស់​ការិយាល័យ​របស់លោក Antonio Guterres អាច​កោះប្រជុំ​​ប្រទេស​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​បារី​ស ដើម្បី​ដោះស្រាយ​វិបត្តិ​ដែល​កំពុង​កើតឡើង និង​រៀបចំ​ផែនការ​សម្រាប់​ឲ្យ​កម្ពុជា​វិលត្រឡប់​ទៅរក​ប្រព័ន្ធ​លទ្ធិប្រជាធិបតេយ្យសេរី​ពហុបក្ស​ឡើងវិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ