អានតួអត្ថបទ
កម្ពុជា-នយោបាយ

គបម​៖​វិធាន​ការ​គន្លឹះ​៣​ចំណុច​ដើម្បី​រក្សា​EBA​ និង​កែ​លម្អ​ស្ថាន​​ភាព​នយោបាយ​នៅ​កម្ពុជា​

គណ​បក្ស​ប្រជា​ធិប​តេយ្យ​មូល​ដ្ឋាន​បាន​លើក​ឡើង​ពី​វិធាន​ការ​៣​ចំណុច​សម្រាប់​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ធ្វើ​ការ​ពិ​ចារ​ណា​ដើម្បី​រក្សា​EBA​ និង​កែ​លម្អ​ស្ថាន​ការណ៍​នយោបាយ​នៅកម្ពុជា​។​ ការ​ចេញ​សេចក្តី​ថ្លែងការណ៍​លើក​ឡើង​យ៉ាង​ដូច្នេះ​របស់​គណ​បក្ស​ប្រជា​ធិប​តេយ្យ​មូល​ដ្ឋាន​ គឺ​បន្ទាប់​ពី​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​បាន​ស្វែង​រក​ការ​គាំទ្រ​ពី​ប្រទេស​មួយ​ចំនួន​នៅ​តំបន់​អឺរ៉ុប​ដើម្បី​ជួយ​កម្ពុជា​ក្នុង​ការ​បន្ត​បាន​ភាព​អនុគ្រោះ​ពន្ធ​នាំទំនិញ​ទៅ​អឺរ៉ុប​(EBA)​បន្ត​ទៀត​។

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន @សហការី
ផ្សាយពាណិជ្ជកម្ម

តាម​រយៈ​សេចក្តី​ថ្លែង​ការណ៍​ ថ្ងៃទី​១៩​តុលា គណបក្ស​ប្រជា​ធិប​តេយ្យ​មូលដ្ឋាន​ផ្តល់​គន្លឹះ​៣​ចំណុច​ដើម្បី​រក្សា​បាន​នូវ​ភាព​អនុ​គ្រោះពន្ធ​ពី​អឺរ៉ុប​។ គន្លឹះចំនួន​៣​ចំណុច ​គឺ​ទី១ ត្រូវ​ផ្តល់​សេរីភាព​ដល់​លោក ​កឹម សុខា និង​អ្នក​នយោបាយ​ឡើង​វិញ​។ ទី២.ធានា​ឲ្យ​គណបក្ស​នយោបាយ​ទាំង​អស់​ រួម​ទាំង​អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ មាន​សេរី​ភាព​ពេញ​លេញ ក្នុង​ការ​បំពេញ​ការ​ងារ និង​ទី​៣.គឺ​ការ​ធានា​ឲ្យ​មាន​ការ​បោះឆ្នោត​នៅ​ឆ្នាំ ២០២២ និង​ឆ្នាំ​២០២៣ ប្រកប​ដោយ​សេរី និង​យុត្តិធម៌ ដោយ​មាន​ការ​ចូល​រួម​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ ពី​សហភាព​អឺរ៉ុប ភ្នាក់​ងារ​ជាតិ និង​អន្តរជាតិ ផ្សេង​ទៀត​ ក្នុង​ការ​កែ​ទម្រង់ ​គជប និង​ការ​សង្កេត​ការ​បោះឆ្នោត​ជាដើម​។

បើ​តាម​សេចក្តី​ថ្លែង​ការណ៍​របស់​គណ​បក្ស​ប្រជា​ធិប​តេយ្យ​មូលដ្ឋាន​ ការ​កែ​លម្អ​ស្ថាន​ភាព​តាម​រយៈ​គន្លឹះ​ទាំង​៣​ចំណុច​នេះ គឺ​ជា​ការ​ចាប់​ផ្តើម​ដ៍​ល្អ​ក្នុង​ការ​ពង្រឹង​កិច្ច​សហការ​រវាង កម្ពុជា និង​អឺរ៉ុប ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ស្ថាន​ភាព​នយោបាយ​ និង​សេដ្ឋ​កិច្ច​នៅ​កម្ពុជា​។

ការ​ចេញ​សេចក្តី​ថ្លែង​ការណ៍​លើក​ឡើង​យ៉ាង​ដូច្នេះ​របស់​គណបក្ស​ប្រជា​ធិប​តេយ្យ​មូលដ្ឋាន គឺ​បន្ទាប់​ពីគណ​បក្ស​នេះ​បាន​សង្កេត​ឃើញ​ថា រដ្ឋា​ភិបាល​កម្ពុជា បាន​បង្កើន​នូវ​ការ​ជួប​ជា​មួយ​រដ្ឋាភិបាល ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប ជា​បន្ត​បន្ទាប់ ដូចជា អង់គ្លេស រួមទាំង​ការ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​សំខាន់ៗ​ទៅកាន់​ប្រទេស​អាល្លឺម៉ង់ និង​ទស្សន​កិច្ច​ផ្លូវ​ការ​របស់​នាយករដ្ឋមន្ត្រី​កម្ពុជា​ទៅកាន់​ប្រទេស​ឆែក ហុងគ្រី និង​ប៊ុលហ្គារី​ជាដើម ដោយ​រដ្ឋាភិបាល​សង្ឃឹមថា ប្រទេស​ទាំង​នេះ នឹង​ជួយ​គាំ​ទ្រ​កម្ពុជា ដើម្បី​រក្សា​ EBA ។

យ៉ាងណា​ក៏​ដោយ អ្នក​នាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន ឆ្លើយ​តបថា ការ​ទាម​ទារ​ឲ្យ​ដោះ​លែង លោក កឹម សុខា គឺ​មិន​ទាន់​អាច​ធ្វើ​ទៅ​បាន​ទេ​ព្រោះ​មិន​ទាន់​ចប់​នីតិ​វិធី​តុលាការ​ ខណៈ​ការ​ស្នើឲ្យ​អង្គការ​​សង្គម​ស៊ី​វិល​មាន​សេរីភាព​ពេញ​លេញ​ គឺ​លោក ផៃ ស៊ីផាន អះអាងថា តម្រូវ​ឲ្យ​អង្គការ​ទាំង​នោះ​ត្រូ​វតែគោរ​ព​ច្បាប់​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ