ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 15/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 15/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 15/10 12h00 GMT
កម្ពុជា

​GMAC សុំ​ណាត់​ជួប​រដ្ឋមន្ត្រី​​បរិស្ថាន ដើម្បី​និយាយ​គ្នា​ពី​រឿង​ការ​ប្រមូល​កាក​សំណល់​តាម​រោង​ចក្រ​យឺត​យ៉ាវ​

media  
កម្មការិនីកាត់ដេរ​កំពុងតែ​ធ្វើ​ការ​នៅក្នុង​រោងចក្រ។​ HRW

សមា​គម​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា(GMAC) កាល​ពី​ថ្ងៃ​ទី​២៦ ខែ​កញ្ញា បាន​ដាក់​សំណើ​មួយ​ទៅ​កាន់​រដ្ឋ​មន្ត្រី​​ក្រសួង​បរិស្ថាន​កម្ពុជា ដើម្បី​សុំ​ជួប​ពិភាក្សា​គ្នា​លើ​ដំណោះ​ស្រាយ​ក្នុង​ការ​ប្រមូល​កាក​សំណល់​ឧស្សាហកម្ម​នៅ​តាម​រោង​ចក្រ​នា​នា​។ សមា​គម​រោង​ចក្រ​កាត់​ដេរ​កម្ពុជា បាន​ស្នើ​ឲ្យ​រដ្ឋ​មន្ត្រី​​បរិស្ថាន​រៀប​ចំ​ការ​ជួប​ពិភាក្សា​គ្នា​ត្រី​ភាគី​រវាង​ក្រសួង​បរិស្ថាន សមា​គម​រោង​ចក្រ​កាត់​ដេរ​កម្ពុជា និង​ក្រុមហ៊ុន​Sarom Trading Co.,Ltd​ ដែល​ជា​ក្រុម​ហ៊ុន​ប្រមូល​កាក​សំណល់​ឧស្សាហ​កម្ម​។ 

តាម​រយៈ​លិខិត​ចុះ​ថ្ងៃ​ទី​២៦ ខែ​កញ្ញា លោក​ខេន លូ អគ្គ​លេខា​ធិការ​សមា​គម​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា​(GMAC) បាន​លើក​ឡើង​ថា មួយ​រយៈ​ចុង​ក្រោយ​នេះ សមា​គម​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា ជា​ញឹក​ញាប់​បាន​ទទួល​នូវ​ការ​រាយ​ការណ៍ និង​ការ​ត្អូញ​ត្អែរ​ពី​សំណាក់​សមា​ជិក​មួយ​ចំនួន​ទាក់​ទង​នឹង​បញ្ហា​ការ​ប្រមូល​កាក​សំណល់​ឧស្សាហ​កម្ម​របស់​ក្រុម​ហ៊ុន​Sarom Trading Co.,Ltd។ ក្រុមហ៊ុន​Sarom Trading Co.,Ltd នេះ ជា​ក្រុម​ហ៊ុន​ដែល​ទទួល​សិទ្ធិ​ពី​រដ្ឋា​ភិបាល​ក្នុង​ការ​ធ្វើ​អាជីវ​កម្ម​ប្រមូល​កាក​សំណល់​ឧស្សាហ​កម្ម​នៅ​តាម​រោង​ចក្រ​កាត់​ដេរ​នា​នា ​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​។

ដោយ​ផ្អែក​តាម​សេច​ក្តី​រាយ​ការណ៍​នា​នា​ពី​រោង​ចក្រ​កាត់​ដេរ លោក ​ខេន លូ បាន​អះ​អាង​ថា ការ​ផ្តល់​សេវា​របស់​ក្រុម​ហ៊ុន​នេះ នៅ​ពុំ​មាន​ប្រសិទ្ធ​ភាព​ដូច​ការ​កំណត់​នៅ​ឡើយ​ទេ ទាំង​ភាព​យឺត​យ៉ាវ​ការ​ប្រមូល និង​ការ​ប្រមូល​ឲ្យ​បាន​គ្រប់​ចំនួន​ដង ដែល​បាន​កំណត់​ក្នុង​មួយ​ខែៗ​។ បើ​តាម​លោក​អគ្គ​លេខា​ធិការ​សមាគម​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា ការ​អនុវត្ត​ការ​ងារ​ផ្តល់​សេវា ដែល​ពុំ​ទាន់​មាន​ប្រសិទ្ធ​ភាព​នេះ បាន​បង្កើត​ឲ្យ​មាន​ពំនូក​កាក​សំណល់​កាន់​តែ​ធំ​ទៅៗ ដែល​បង្ក​ឲ្យ​មាន​ផល​អវិជ្ជ​មាន​មួយ​ចំនួន​ដល់​រោង​ចក្រ ដូច​ជា​បាត់​បង់​នូវ​សោភណ​ភាព ការ​បង្ក​នូវ​ភាព​កខ្វក់ និង​មាន​ក្លិន​មិន​ល្អ​ក្នុង​បរិវេណ​រោង​ចក្រ ដែល​អាច​នឹង​បណ្តាល​ឲ្យ​មាន​ផល​ប៉ះ​ពាល់​ដល់​សុខ​ភាព​កម្មករ និយោជិត និង​បុគ្គលិក​ទាំង​អស់​របស់​រោង​ចក្រ​។

ហេតុ​ដូច្នេះ​ហើយ សមា​គម​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា​(GMAC) បាន​ស្នើ​ឲ្យ​រដ្ឋ​មន្ត្រី​​ក្រសួង​បរិស្ថាន​កម្ពុជា លោក​សាយ សំអាល់ ពិនិត្យ​លទ្ធ​ភាព និង​អនុញ្ញាត​ឲ្យ​ថ្នាក់​ដឹក​នាំ និង​សមា​ជិក​សមា​គម​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា និង​ក្រុម​ហ៊ុន​Sarom Trading Co.,Ltd បាន​ជួប​ពិភាក្សា​គ្នា ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ​។

ឆ្លើយ​តប​នឹង​សំណើ​នេះ លោក​នេត ភក្ត្រា អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន បាន​ចាត់​ទុក​ថា វា​គឺ​ជា​ដំណឹង​ដ៏​រីក​រាយ ដែល​ក្រុម​ហ៊ុន​ឯក​ជន​បាន​ចូល​រួម​យ៉ាង​សកម្ម​ជាមួយ​ក្រសួង​បរិស្ថាន​ក្នុង​ការ​សម្អាត​អនាម័យ​បរិស្ថាន​នៅ​តាម​ទី​តាំង​របស់​ខ្លួន​។ លោក ​នេត ភក្ត្រា អះ​អាង​ថា ក្រសួង​បរិស្ថាន នឹង​ពិនិត្យ​លើ​សំណើ​នេះ​។ ប៉ុន្តែ​លោក​មិន​ទាន់​អាច​បញ្ជាក់​បាន​ទេ ថា​តើ​ក្រសួង នឹង​សម្រេច​នៅ​ពេល​ណា​នោះ​៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ