អានតួអត្ថបទ
កម្ពុជា

GMAC ស្នើ​ឲ្យ​មេ​សហជីព​ដក​ពាក្យបណ្តឹង

សមាគម​​រោងចក្រ​​កាត់ដេរ​​នៅ​​កម្ពុជា​ បាន​ចេញ​​សេចក្តី​ថ្លែងការណ៍​​មួយ​​កាល​ពី​​ថ្ងៃ​​ព្រហ​ស្បតិ៍​ដោយ​​​ទទូច​​ឲ្យ​​លោក​ប៉ាវ ស៊ីណា ​ប្រធាន​​សហជីព​​ចលនា​​កម្មករ​ បង្ហាញ​​ភ័ស្តុតាង​​​ផ្សេង​ទៀត ​ដែល​​អាច​​យក​ជាការ​បាន។​ តាមរយៈ​​ភ័ស្តុតាង​​ជា​​ខ្សែ​​អាត់​​សំឡេង​ ដែល​​ស្តាប់​​មិន​​ច្បាស់​លោក​ប៉ាវ ស៊ីណា ​​បាន​លើកឡើង​​​កា​ល​​​ពី​ដើ​​ម​​សប្តាហ៍​​នេះ​​ថា​ លោក​​រង​​ការ​​​គំរាម​​​សម្លាប់​​ដោយ​​​ថៅកែ​​រោងចក្រ​​កាត់ដេរ​​មួយ​ចំនួន​​នៅ​​តំបន់​ឧស្សាហកម្ម​​ពិសេស​​ខេត្ត​ស្វាយរៀង​។​

លោក​ប៉ាវ ​ស៊ីណា ​​ប្រធាន​​សហជីព​​ចលនា​​កម្មករ​
លោក​ប៉ាវ ​ស៊ីណា ​​ប្រធាន​​សហជីព​​ចលនា​​កម្មករ​ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) បានស្នើ​សុំ​ឲ្យ​លោកប៉ាវ ស៊ីណា ប្រធាន​សហជីព​ចលនា​កម្មករ ផ្តល់​ភ័ស្តុតាងរឹងមាំ​ដែល​បញ្ជាក់ថា គាត់​ពិតជា​បានទទួល​រង​ការ​គំរាម​សម្លាប់​។ បើ​ពុំ​នោះទេ​ សមាគម​នេះ បាន​ប្រាប់​ឲ្យ​លោកប៉ាវ ស៊ីណា ត្រូវ​ដក​ពាក្យ​ចោទប្រកាន់​ដ៏​ធ្ងន់ធ្ងរ​របស់គាត់​វិញ​ជា​កំហិត។

នៅក្នុង​លិខិត​របស់ខ្លួន​ចុះ​ថ្ងៃទី២៦កុម្ភៈ​ម្សិលមិញ GMAC បាន​ហៅ​ភ័ស្តុតាង​ជា​ខ្សែ​អាត់​ដែល​មេ​សហជីព​លោកប៉ាវ ស៊ីណា បាន​យកមក​ជា​សំអាង​​ក្នុង​ការ​​ចោទ​ប្រកាន់ ​គឺ​មាន​​ភាព​មិន​ច្បាស់លាស់ ពិបាក​សន្និដ្ឋាន ពិបាកស្តាប់ គឺជា​ច​រិ​ក​ខ្វះ​ការទទួលខុសត្រូវ និង​មាន​ចេតនា បង្ករឿង។

លោកប៉ាវ ស៊ីណា ដែល​គេ​ជឿថា​កំពុងតែ​លាក់ខ្លួន​ដើម្បី​សុវត្ថិភាព​នោះ មកទល់​ថ្ងៃ​សុក្រ​នេះ​មិនអាច​ទាក់ទង​បានទេ ទាំង​ទូរស័ព្ទដៃ និង​សហការី​ឬ​ប្រព័ន្ធ​បណ្តាញ​សង្គមផ្សេងៗទៀត​ដែល​លោក​ធ្លាប់ប្រើ សុទ្ធតែ​មិន​ដំណើរការ​ទាំងអស់។

ទោះ​យ៉ាងនេះ​ក្តី លោក​ អំ សំអាត ប្រធាន​ផ្នែក​បច្ចេកទេស​ស៊ើបអង្កេត​អង្គការ​ការពា​សិទ្ធិមនុស្ស​លីកាដូ ថ្លែងថា​លោក​កំពុងតែ​តាមឃ្លាំមើល​ពី​សុវត្ថិភាព​របស់លោក​ប៉ា​វ ស៊ីណា យ៉ាងដិតដល់ ព្រមទាំង​ទទូច​ដល់​សមត្ថកិច្ច ឲ្យ​មានការ​ស៊ើបអង្កេត​រឿងនេះ។ ការ​ថ្លែង​ដូច្នេះ​គឺ​ដោយសារតែ ប្រទេស​កម្ពុជា​ធ្លាប់មាន​បទពិសោធន៍​ម្តង​រួចមកហើយ គឺ​ការបាញ់សម្លាប់​លោក​ជា វិជ្ជា មេដឹកនាំ​សហជីព មេដឹកនាំ​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​ក​ម្ដុ​ជា​ដ៏​ល្បីល្បាញ​កាលពី​ខែមករា​ឆ្នាំ២០០៤។

សូម​រំលឹកថា លោក ប៉ាវ ស៊ីណា បានដាក់​ពាក្យ​ប្តឹងទៅ​សមត្ថកិច្ច ប្រឆាំងនឹង​ការ​គំរាមសម្លាប់​ជីវិត​លោក​បន្ទាប់ពី​លោក​អះអាងថា ថៅកែ​រោងចក្រ​កាត់ដេរ​មួយចំនួន​នៅ​តំបន់ឧស្សាហកម្ម​ពិសេស Manhattan ស្ថិតនៅ​ខេត្តស្វាយរៀង​មាន​គម្រោងការ​ប្រមូល​លុយ​គ្នា​ជួល​ឃាតករ​បាញ់សម្លាប់​រូបលោក៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ