អានតួអត្ថបទ
កម្ពុជា-ពិភពលោក

សន្ទស្សន៍​សន្តិភាព​សកល៖ កម្ពុជា​ទទួល​ចំណាត់​ថ្នាក់​សន្តិភាព​ល្អ​ជាង​ឆ្នាំ​មុន

​របាយការណ៍​សន្ទស្សន៍​សន្តិភាព​សកល​(Global Peace Index)​ឆ្នាំ ២០១៧ បង្ហាញថា​ កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​សន្តិភាព​ប្រសើរ​ជាង​ឆ្នាំ ២០១៦ និង ប្រសើរ​ជាង​ប្រទេស​ដទៃ​ទៀត​ដែល​ស្ថិត​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ី​ហ្វិក​ទាំងមូល។ ​ប្រសើរ​ជាង​មុន​ត្រង់​ថា ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ កម្ពុជា ​គ្មាន​ចលនា​បាតុកម្ម កុប្បកម្ម​របស់​កម្មក​រ ឬ​ជម្លោះ​ប្រដាប់អាវុធ ការ​រក្សា​បាន​គោល​នយោបាយ​សារពើ​ពន្ធ​ល្អ និង​ការ​ចូល​រួមផ្តល់​ជំនួយ​ហិរញ្ញ​វត្ថុ​គាំទ្រ​ប្រតិបត្តិ​ការ​រក្សា​សន្តិភាព​របស់​អង្គការ​សហ​ប្រជា​ជាតិ​ជា​ដើម​។

ផ្សាយពាណិជ្ជកម្ម

របាយការណ៍​របស់​វិទ្យាស្ថាន​សេដ្ឋកិច្ច និងសន្តិភាព កម្រាស់​ជាង​ ១៤០ ទំព័រ ដែល​វាយ​តម្លៃ​ពី​សន្តិភាព​ប្រទេស​ចំនួន ១៦៣ ពិភពលោក​ ក៏​បាន​កត់​សម្គាល់​ពី​ភាព​ប្រសើរ​ឡើង និង​ស្ថេរភាព​នៅ​ក្នុងប្រទេស​កម្ពុជា​។ កម្ពុជា​ស្ថិត​នៅ​ក្នុង​លេខ​រៀង​ទី ៨៩ ក្នុង​ចំណោម​ប្រទេស​ទាំងអស់ ១៦៣​ ខណៈប្រទេស​ឥណ្ឌូនេស៊ី ស្ថិត​នៅ​ចំណាត់​ថ្នាក់​បាត​តារាង​នៅ​ក្នុង​តំបន់​។

បើ​ធៀប​នឹង​ឆ្នាំ​២០១៦ កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​ប្រសើរ​ជាង​មុន​រហូត​ដល់​ទី ១៥ លេខ។ ពោល​គឺនៅ​ក្នុង​ឆ្នាំ ២០១៦ កម្ពុជា ស្ថិត​នៅ​ក្នុង​ចំណាត់​ថ្នាក់​លេខ ១០៤ ក្នុង​ចំណោម​ប្រទេស​ ១៦៣។

ទន្ទឹម​នឹង​ចំណាត់​ផ្នែក​សន្តិភាព ដែល​មាន​ការ​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់​នេះ របាយការណ៍​ដដែល បាន​ដាស់​តឿន​ថា ស្ថិរភាព​នៅ​កម្ពុជា​អាច​នឹង​រង​ផល​ប៉ះពាល់​ដោយ​សារភាព​តានតឹង​ផ្នែក​នយោបាយទាំង​ក្នុង​ពេល​បោះឆ្នោត​​ឃុំ​សង្កាត់​ឆ្នាំ ២០១៧ និង​ការបោះឆ្នោត​ថ្នាក់ជាតិ ឆ្នាំ ២០១៨ ខាងមុខ​។ ​

បើ​តាម​របាយ​ការណ៍​ ប្រទេស​ដែល​មាន​កម្រិត​សន្តិភាព​ខ្ពស់​បំផុត បាន​ទៅ​លើ​ប្រទេស​អ៊ីស្លង់ ដែលបាន​រក្សា​តំណែង​នេះ​តាំង​ពី​ឆ្នាំ ២០០៨ មក តាម​ពី​ក្រោយ​ដោយ​ប្រទេសណូ​វែល​​ហ្សេ​ឡង់​។ខណៈ ​សិង្ហ​បុរី​មាន​សន្តិភាព​ជាង​គេ​ក្នុង​ចំណោម​សមាជិក​អាស៊ាន​។ ចំណែក​ប្រទេស​ដែល​គ្មាន​សន្តិភាព​និង​អស្ថេរ​ភាព​ជាង​គេ​លើ​ពិភព​លោក គឺ​ប្រទេស​ស៊ីរី ដែល​កំពុង​តែ​ញាំ​ញ៉ី​ដោយ​សង្គ្រាម​ស្ទើរ​រាល់​ថ្ងៃ​។

សូម​បញ្ជាក់​ថា របាយការណ៍​សន្ទស្សន៍​សន្តិភាព​សកល​ ធ្វើ​ឡើង​ដោយ​ផ្អែក​លើ​កត្តា​បី​ចម្បង​សំខាន់​រួមមាន៖ ការ​ធ្វើ​យោធូប​នីយ​កម្ម សន្តិសុខ​សង្គម និង​ជម្លោះ​ហិង្សា​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ