បន្ទាប់ពីបើកសវនាការអស់រយៈពេលជាង១ម៉ោងនៅព្រឹកថ្ងៃសុក្រនេះ ចៅក្រុមតុលាការកំពូល បានប្រកាសថា សំណុំរឿងសុំនៅក្រៅឃុំរបស់អតីតសមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី លោកហុង សុខហួរ នឹងប្រកាសសាលដីកានៅថ្ងៃទី០៤ ខែមីនា ខាងមុខនេះ។ ចំពោះសំណើសុំនៅក្រៅឃុំលើកនេះ លោកហុង សុខហួរ ដែលមានវត្តមាននៅក្នុងបន្ទប់សវនាការព្រមទាំងមេធាវីការពារក្តី បានស្នើទៅតុលាការដាក់ប្រាក់តម្កល់ចំនួន២០លានរៀល ដើម្បីសុំនៅក្រៅឃុំ។ ក៏ប៉ុន្តែចៅក្រមតុលាការកំពូល មិនទាន់ឆ្លើយតបភ្លាមៗនោះឡើយ។
លោកហុង សុខហួរ ត្រូវបានតុលាការសាលាដំបូងរាជធានីភ្នំពេញ និង សាលាឧទ្ធរណ៍ បានទាត់ចោលសំណើសុំនៅក្រៅឃុំរបស់លោកជាបន្តបន្ទាប់នាពេលកន្លងមក។ កាលនៅសាលាឧទ្ធរណ៍ លោកហុង សុខហួរ ក៏បានត្រៀមទឹកប្រាក់ចំនួន១០លានរៀល ដើម្បីស្នើសុំដាក់តម្កល់បាននៅក្រៅឃុំផងដែរ។ ក៏ប៉ុន្តែសាលាឧទ្ធរណ៍បានបដិសេធ។
លោកជួង ជូងី មេធាវីការពារក្តីឲ្យលោកហុង សុខហួរ មិនបានបង្ហាញពីក្តីសង្ឃឹមយ៉ាងណានោះទេចំពោះសំណើសុំនៅក្រៅឃុំនៅតុលាការកំពូលនេះ។ តែទោះជាយ៉ាងណា លោកថា លោកបានលើកពីហេតុផល និងសំអាងនានា ដើម្បីស្នើឲ្យតុលាការដោះលែងលោកហុង សុខហួរឲ្យនៅក្រៅឃុំ។
សូមជំរាបជូនថា លោកហុង សុខហួរ ត្រូវបានអាជ្ញាធរខ្មែរចាប់ខ្លួនកាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៥ បន្ទាប់ពីលោកបានអត្ថាធិប្បាយទៅលើកិច្ចព្រមព្រៀងព្រំដែនកម្ពុជា និងវៀតណាមឆ្នាំ១៩៧៩។ ការចាប់ខ្លួនទាំងលោកហុង សុខហួរនៅមានអភ័យឯកសិទ្ធិជាសមាជិកព្រឹទ្ធសភានេះ បានធ្វើឡើងភ្លាមៗតាមបញ្ជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ។ រំលងបានមួយថ្ងៃ ពោល គឺនៅថ្ងៃទី១៦ សីហា តុលាការក្រុងភ្នំពេញ បានសម្រេចឃុំខ្លួនលោកហុង សុខហួរ បណ្តោះអាសន្ននៅពន្ធនាគារព្រៃស ។ អតីតសមាជិកព្រឹទ្ធសភារបស់គណបក្សប្រឆាំងរូបនេះ ត្រូវបានតុលាការចោទប្រកាន់បីករណីគឺបទក្លែងឯកសារសាធារណៈ ប្រើបាស់ឯកសារសាធារណៈក្លែង និងបទញុះញង់ឲ្យមានបទល្មើសមជ្ឈឹម ឬឧក្រិដ្ឋមិនសម្រេច៕