ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 23/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 23/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 22/09 12h00 GMT
កម្ពុជា

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ទម្លាក់​បញ្ហា​នៅ​ឆ្នាំ​ចាស់

media  
រូបភាព៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយា ក្នុងឱកាសសង្ក្រាន្ត។​ @FB/ PM Hun Sen

ថ្លែង​ក្នុង​ឱកាស​បើក​ព្រឹត្តការណ៍​អង្គរសង្ក្រាន្ត​ឆ្នាំ​២០១៨​ពី​ខេត្តសៀមរាប លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន បាន​ប្រកាស​ជា​សាធារណៈ ទម្លាក់​ចោល​នូវ​បញ្ហា​ដែល​កើត​មាននៅ​ក្នុង​ឆ្នាំ​ចាស់ និង​ប្រកាសស្វាគមន៍​ការងារ​ឆ្នាំ​ថ្មី។ សម្រាប់​អ្នក​តាម​ដាន​បញ្ហា​សង្គមថា ការ​ថ្លែង​របស់​លោកនាយករដ្ឋមន្ត្រី​ដូច្នេះ​គឺ​ជា​សញ្ញា​វិជ្ជ​មាន​សម្រាប់​បរិបទនយោបាយ​ខ្មែរ​បច្ចុប្បន្ន។

«បើ​ទោះ​ជា​មាន​អ្វី​កើត​ឡើង​ក៏​ដោយ គេ​ត្រូវ​ទម្លាក់​បញ្ហា​នោះ​ចោល ក្នុង​ឱកាស​ចូល​ឆ្នាំ​ប្រពៃណី​សិន»។ នេះ​គឺ​ការ​ថ្លែង​របស់​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពី​ខេត្តសៀមរាប​នៅ​ថ្ងៃ​សុក្រ​នេះ។ ដ្បិតតែ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មិន​បាន​ចុច​ឲ្យ​ចំ​ថា បញ្ហា​ចាស់​​ជា​អ្វី​ក៏​ដោយ ប៉ុន្តែ​លោក​បាន​គូស​បញ្ជាក់ថា កម្ពុជា​គឺជា​របស់​យើង​ទាំង​អស់​គ្នាមិន​មែន​ជា​របស់​ក្រុម​ណា​មួយ​ទេ។ នេះ​បើ​តាម​លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី។

ចំណែកលោក​ សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​មិន​អាច​បក​ស្រាយ​បន្ថែម​​ពី​លើ​ការ​ថ្លែង​របស់​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ឡើយ តែ​លោក​បាន​ឯកភាព​ទាំង​ស្រុង​នឹង​ការ​លើក​ឡើង​របស់​លោកនាយករដ្ឋមន្រ្តី។ ការ​លើក​ឡើង​ដែលថា កម្ពុជា​គឺ​ជា​របស់​យើង​ទាំង​អស់​គ្នា។ ប៉ុន្តែ​ចំពោះ​ការ​ដឹក​នាំ​ប្រទេស បើ​តាម​លោក សុខ ឥសាន វា​គឺជា​សិទ្ធិ​ជា​ផ្ដាច់​មុខ​របស់​រដ្ឋាភិបាល​នៃ​គណបក្ស​ឈ្នះ​ឆ្នោត​។

គួរ​កត់​សម្គាល់​ថា ការ​ថ្លែង​ទម្លាក់​បញ្ហា​ឆ្នាំ​ចាស់​ពីសំ​ណាក់​លោកនា​យ​ករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ពេល​នេះ ធ្វើ​ឡើង​មួយ​ថ្ងៃ​ប៉ុន​ណោះ​បន្ទាប់​ពី​លោក កឹម សុខា អតីត​ប្រធា​ន​គណបក្ស​សង្គ្រោះជាតិ​បាន​សសេរ​លិខិត​ចេញ​ពី​ពន្ធនាគារ​មកថា លោក​ចង់​ឃើញ​ការលុប​ជម្រះ​ឲ្យ​អស់​នូវ​អពមង្គល ការគុំកួន និង​អំពើ​បាប​ក្នុង​ឆ្នាំ​ចាស់។ បន្ថែម​លើ​នេះ​លោក កឹម សុខា ក៏​បាន​ចាត់​ទុក​កម្ពុជា ថា​ជា​របស់​យើង​ទាំង​អស់​គ្នា មិន​មែន​ជា​កម្មសិទ្ធិ​ផ្ដាច់​មុខ​របស់​ក្រុម​ណា​ឡើយ។ លោក​បាន​អំពាវនាវ​ដល់​អ្នកនយោ​បាយខ្មែរ ឲ្យ​ចាប់​ផ្ដើម​សារ​ជាថ្មី​ក្នុង​ការ​កសាង​ជាតិ​រួម​គ្នា​ចាប់​ពី​ឆ្នាំ​ថ្មី​នេះ​ត​ទៅ​។

ដោយ​ឡែក អ្នកតាម​ដាន​បញ្ហា​សង្គម​និង​នយោបាយ ចាត់​ទុក​សន្ទរកថា លោក​នាយ​ក​រដ្ឋមន្រ្តី ហ៊ុន សែន នៅ​ថ្ងៃ​សុក្រ​នេះ​ថា​មាន​ភាពវិជ្ជ​មាន​ច្រើន។ លោក​មាស នី កត់​សម្គាល់​​ថា ការ​លើក​ឡើង​របស់​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺ​មាន​ភាព​ស៊ី​សង្វាក់​គ្នា​ក្រោយ​ជំនួប​ជា​មួយ​រដ្ឋ​មន្ត្រី​ការបរទេស​ជប៉ុន​នៅ​ពេល​ថ្មី​នេះ។ តាម​រយៈ​សុន្ទរកថា​នេះ លោក​សង្ឃឹម​ថា អាច​មាន​ដំណោះ​ស្រាយ​ណា​មួយ​សម្រាប់​បញ្ហា​នយោបាយ​នៅ​ក្រោយ​ចូល​ឆ្នាំ​ក៏​ថា​បាន។ យ៉ាង​ណា​ក៏​ដោយ អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច​បានច្រាន​ចោល​​ក្ដី​សង្ឃឹម​នេះ និងថា គ្មាន​តម្រុយ​ណា​មួយ​ដែល​ឈាន​ដល់​ការ​ចរចា​ឡើយ ។ គួរ​កត់​សម្គាល់ថា កន្លងមក ក្រុមអ្នកនយោ​បាយ​នៃ​អតីត​គណបក្ស​ប្រឆាំង​បាន​លើក​ឡើង​ពី​លទ្ធភាព​នៃ​ការ​ចរចា​ជាមួយ​បក្ស​កាន់​អំណាច​​ម្ដង​ជា​ពីរ​ដង​រួច​មក​ហើយ​ តែ​បំណង​នេះ ត្រូវ​បាន​បដិសេធ​ពី​ខាង​ភាគី​គណបក្ស​កាន់​អំណាច៕

 

 

 

 

 

 

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ