អានតួអត្ថបទ
កម្ពុជា-នយោបាយ

ការ​ភ្នាល់​ពី​ដំណើរ​មាតុភូមិ​និវត្តន៍​លោក សម រង្ស៊ី៖ លោក ហ៊ុន សែន ប្រកាស​ធ្វើ​សាក្សី ខណៈ​​លោក សម រង្ស៊ី មិន​ចាប់​អារម្មណ៍

ការ​ប្រកាស​មាតុភូមិនិវត្តន៍​របស់​លោក សម រង្ស៊ី នៅថ្ងៃទី ០៩ វិច្ឆិកា បាន​ក្លាយ​ជា​ល្បែង​ភ្នាល់​គ្នា​និង​មាន​ការចាប់​អារម្មណ៍​ពី​លោក ហ៊ុន សែន ផងដែរ។ សម្រាប់​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ម្សិល​មិញ បានប្រកាស​ធ្វើ​ជា​សាក្សី​ឈរ​នៅ​ខាង​សមាជិក​អង្គ​ព្រោក​ប្រាជ្ញ។ ក្នុងនោះ អង្គព្រោកប្រាជ្ញ» គ្រោង​រៃ​អង្គាស​ប្រាក់​ពីពលរដ្ឋ​ម្នាក់​១​ដុល្លារ​សម្រាប់​គម្រោង​វិល​ចូល​ស្រុក​របស់ លោក សម រង្ស៊ី។ ចំណែក លោក សម រង្ស៊ី លើក​ឡើងថា មិន​ចាប់​អារម្មណ៍​ជាមួយ​ល្បែង​ភ្នាល់​គ្នា​នេះ​ឡើយ​ដោយ​អះអាង​ជា​ថ្មី​ថា នឹង​វិល​ចូល​ស្រុក​តាម​ការ​សន្យា ថ្ងៃ៩​ខែ​វិច្ឆិកា ដដែល។

លោក សម រង្ស៊ី
លោក សម រង្ស៊ី @Sam Raingsy
ផ្សាយពាណិជ្ជកម្ម

ជួន​ចំ​ពេល​លោក សម រង្ស៊ី ប្រកាស​ចូល​ស្រុក​នៅ​ថ្ងៃ​ទី​០៩​វិច្ឆិកា​ខាង​មុខ ក្រុម​អង្គ​ព្រោកប្រាជ្ញ​បាន​រៀប​ចំ​វេទិកានៃ​ការ​ភ្នាល់​ដោយ​ដាក់​ថវិកា​១​លាន​ដុល្លារ ដើម្បី​ចង់​ដឹង​ថា លោក សម រង្ស៊ី វិល​មក​ស្រុក​វិញ​តាម​ការ​សន្យាឬអត់? ដើម្បី​ការ​ភ្នាល់​នេះ ក្រុម​អង្គ​ព្រោក​ប្រាជ្ញ មាន​បំណង​រៃ​អង្គាស​លុយ​ម្នាក់​១ដុល្លារ​ពី​ពលរដ្ឋ​ខ្មែរ ដើម្បី​ឲ្យគ្រប់​១លាន​ដុល្លារ​ផ្ដល់​ជូន​លោក សម រង្ស៊ី នៅ​ពេល​ដែល​លោក​មក​ដល់​ប្រទេស​កម្ពុជា។ តែ​យ៉ាង​ណា ការបង្កើត​មូល​និធិ​រៃ​អង្គាស នឹង​ដំណើរ​ការ​លុះត្រា​មាន​ការ​យល់​ព្រម​ភ្នាល់​ពី​លោក សម រង្ស៊ី ដែរ។

គួរ​ជម្រាប​ថា អង្គ​ព្រោក​ប្រាជ្ញ​គឺ​ជា​រណសិរ្ស​មួយ​ក្រុម​ដែល​ដឹក​នាំ​ដោយ លោក ខាន់ សុវណ្ណ។ បើ​តាម​ស្ថានិប​រូបនេះ អង្គ​ព្រោកប្រាជ្ញ​តែងតែ​ជជែក​ពី​នេះ​ពី​នោះ​គ្រប់​បញ្ហា​សង្គម និង​នយោបាយ។ ហើយ​អង្គ​ព្រោក​ប្រាជ្ញ​មិនចំណុះ​ឲ្យ​គណបក្ស​នយោបាយ​ណា​មួយ​ឡើយ។ នេះ​បើ​តាម លោក ខាន់ សុវណ្ណ។

អ្វី​គួរ​ឲ្យ​កត់​សម្គាល់ គម្រោង​នៃ​ការ​ភ្នាល់​របស់​អង្គ​ព្រោកប្រាជ្ញ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​មុន​គេ​ពី​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ។ គឺ​តាម​រយៈ Live Show របស់​អង្គ​ព្រោក​ប្រាជ្ញ លោក​នាយករដ្ឋមន្ត្រី បាន​ប្រកាស​ព្រម​ធ្វើសាក្សី​លើ​ការ​ភ្នាល់​នេះ។ ប៉ុន្តែ​ទន្ទឹម​នឹង​ធ្វើ​ជា​សាក្សី​នៃ​ការ​ភ្នាល់​នេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់​ថា វិធានការ​ផ្លូវ​ច្បាប់​នឹង​ត្រូវ​អនុវត្ត​ចំពោះ​លោក សម រង្ស៉ី។

ពី​ខាង​លោក សម រង្ស៊ី វិញ។ ប្រធាន​អតីត​គណបក្ស​សង្គ្រោះជាតិ​រូប​នេះ បាន​លើក​ឡើង​ថា លោក​មិន​ចាប់អារម្មណ៍​ជាមួយ​នឹង​ការ​ភ្នាល់​គ្នា ដោយ​ដាក់​ប្រាក់​១លាន​ដុល្លារ​នេះ​ឡើយ។​ បន្ថែម​លើ​នេះ លោក​បាន​រិះគន់ចំពោះ​គំនិត​ផ្ដួចផ្ដើម​ក្នុងការ​ភ្នាល់​ចំពោះ​ដំណើរ​វិលវិញ​របស់​លោក​ផង​ដែរ។ សម្រាប់​លោក សម រង្ស៊ី ដំណើរ​មាតុភូមិ​និវត្តន៍​របស់​លោក ដែល​គ្រោង​មក​ដល់​កម្ពុជា​វិញ​នៅ​ថ្ងៃ​ទី​០៩​វិច្ឆិកា ឆ្នាំ​២០១៩​នេះ នៅ​តែ​មាន​សុពលភាព​ដដែល ដោយ​គ្មាន​ការ​កែ​ប្រែ​ណា​មួយ​ឡើយ​៕

 

 

 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ