អានតួអត្ថបទ
កម្ពុជា

លោក​នាយក​​រដ្ឋ​មន្ត្រី​​ហ៊ុន សែន ​ប្ដូរ​​ចិត្ត​​លែង​​ឲ្យ​​បិទ​​មជ្ឈ​មណ្ឌល​​សិទ្ធិ​មនុស្ស​​កម្ពុជា​​វិញ​

មិន​ដល់​មួយ​សប្តាហ៍​ផង​បន្ទាប់ពី​ចង់​បិទ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា នៅ​រសៀល​ថ្ងៃ​សៅរ៍​នេះ​ពី​ខេត្តសៀមរាប លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បានសម្រេច​ផ្លាស់ប្តូរ​ចិត្ត​វិញ ដោយ​បញ្ជាក់ថា នឹងមិន​មានការ​បិទ​អង្គការក្រៅរដ្ឋាភិបាល​មួយ​នេះឡើយ។ បើតាម​លោកនាយក​រដ្ឋមន្ត្រី ការសម្រេច​បែបនេះ​ដោយសារតែ​ការស៊ើបអង្កេត​រក​មិន​ឃើញថា អង្គការសិទ្ធិមនុស្ស​នេះ​ធ្វើ​សកម្មភាព​ល្មើសច្បាប់។

ស្លាក​សញ្ញា​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា CCHR
ស្លាក​សញ្ញា​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា CCHR
ផ្សាយពាណិជ្ជកម្ម

តាមរយៈ​សារព័ត៌មាន​អន​ឡាញ Freshnews លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា បាន​គូសបញ្ជាក់ថា រដ្ឋាភិបាល​សម្រេច​អនុញ្ញាត​ឲ្យ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា បន្ត​បម្រើ​សកម្មភាព​សិទ្ធិមនុស្ស​នៅ​ស្រុក​ខ្មែរ​បន្តទៀត។ ឲ្យ​បន្តសកម្មភាព​ទៀត ព្រោះ​ការស្រាវជ្រាវ​របស់​ក្រសួងមហាផ្ទៃ​រកឃើញថា អង្គការក្រៅរដ្ឋាភិបាល​នេះ មិនមាន​សកម្មភាព​ពា​ក់​ព័ន្ធ​បញ្ហា​ល្មើសច្បាប់​នោះទេ។

ការសម្រេច​របស់លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​នាពេលនេះ បាន​ធ្វើឡើង​ក្រោយពី​លោក​ខ្លួនឯង​កាលពី​ចុង​សប្តាហ៍​មុន បាន​បញ្ជា​ឲ្យ​ក្រសួងមហាផ្ទៃ​បិទ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា។ មូលហេតុ​សំខាន់ គឺ​ដោយសារតែ លោក​ហ៊ុន សែន អះអាងថា អង្គការក្រៅរដ្ឋាភិបាល​មួយ​នេះ​បង្កើតឡើង​ដោយ​លោក​កឹម សុខា ក្រោម​ការបង្គាប់បញ្ជារ​បស់​សហរដ្ឋអាមេរិក។ ប៉ុន្តែ​ការលើកឡើង​នេះ ត្រូវបាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​បញ្ជាក់​តប​វិញ​ថា អង្គការ​នេះ មិន​ជាប់​ពាក់ព័ន្ធ​នឹង​សកម្មភាព​នយោបាយ​ណាមួយ​នោះឡើយ។ អ្វី​ជាការ​កត់សម្គាល់​ផងដែរ គឺ​ការផ្លាស់ប្តូរ​ចិត្ត​របស់​ប្រមុខ​រដ្ឋាភិបាល​នេះ ក៏​ធ្វើឡើង​បន្ទាប់ពី​បារាំង​បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​កម្ពុជា​ចូលរួម​សារជាថ្មី​នៅក្នុង​ដំណើរការ​ប្រជាធិបតេយ្យ ហើយ​អនុញ្ញាត​ឲ្យ​គណបក្សប្រឆាំង ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សង្គម​ស៊ីវិល​មានដំណើរ​ការ​ដោយ​គ្មាន​ការរារាំង។ បារាំង​ក៏បាន​បញ្ជាក់ចំៗតែម្តង​ដែរ​ថា ប្រសិនបើ​មានការ​បិទ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) មែន​នោះ វា​ជា​ការវិវឌ្ឍ​ដ៏​អវិជ្ជមាន​មួយ​របស់​កម្ពុជា។

លោកស្រី​ចក់ សុភាព នាយិកា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា បាន​អះអាងថា ការសម្រេច​របស់​ប្រមុខ​រដ្ឋាភិបាល​នេះ គឺអាច​ឲ្យ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា វិលត្រឡប់​ទៅ​ផ្តោត​ការយកចិត្តទុកដាក់​លើ​បេស​សក​កម្ម​សំខាន់​របស់ខ្លួន​ឡើងវិញ។ ជា​បេសកកម្ម​ការងារ​លើកស្ទួយ​ការគោរព​សិទ្ធិមនុស្ស​នៅក្នុង​ប្រទេស​កម្ពុជា។ ជាមួយគ្នានេះ លោក អ៊ូ វីរៈ ដែលជាអតីត​ប្រធាន​​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា បានប្រកាស​ស្វាគមន៍​ចំពោះ​សេចក្ដីសម្រេច​មិន​បិទ​មជ្ឈមណ្ឌល​មួយ​នេះ។ លោក​អះអាងថា មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ធ្វើការ​ដោយមាន​វិជ្ជាជីវៈ​ត្រឹមត្រូវ ហើយ​សេចក្ដីសម្រេច​ចុងក្រោយ​របស់លោក​នាយក​រដ្ឋមន្ដ្រី គឺមាន​សារៈសំខាន់​ណាស់​ក្នុងការ​អនុញ្ញាត​ឲ្យ​មជ្ឈមណ្ឌល​សិទ្ធិ​កម្ពុជា​អាច​បន្តសកម្មភាព​រប​ស់​ខ្លួន ដើម្បី​ជួយ​ការពារ​ផ្នែក​សិទ្ធិមនុស្ស​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​តទៅទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ