អានតួអត្ថបទ
កម្ពុជា

​លោក​ហ៊ុន សែន ​បន្ត​​វាយ​ប្រហារ​​អាមេរិក ​ខណៈ​​មាន​ការ​​អំពាវ​នាវ​​ឲ្យ​​មាន​ការ​​លុប​​បំណុល​

លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន នៅ​ថ្ងៃទី០១ខែ​ថ្មី​នេះ បាន​បន្ត​វាយប្រហារ​ទៅលើ​អាមេរិក​ជុំវិញ​ការឈ្លានពាន​ទម្លាក់​គ្រាប់បែក​នៅ​កម្ពុជា​កាលពី​អំឡុង​ទសវត្សរ៍​ទី៧០ និង​បញ្ហា​បំណុល​ដែល​កម្ពុជា​ជំពាក់។ ការវាយប្រហារ​ដោយ​មិន​សំចៃមាត់​នេះ ធ្វើឡើង​ស្របពេល​ដែល​អាជ្ញាធរ​មីន​កម្ពុជា​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស​ចូលរួម​គាំទ្រ​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ទាមទារ​ឲ្យ​អាមេរិក​លុប​បំណុល​ពី​កម្ពុជា។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

គឺ​នៅក្នុង​សន្និសីទ​អន្តរជាតិ​ថ្នាក់​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ស្តីពី​ការអភិវឌ្ឍន៍​កុមារ​តូច​នៅក្នុង​ខេត្តសៀមរាប ប្រ​មុ​រដ្ឋាភិបាល​កម្ពុជា​លោក​ហ៊ុន សែន បាន​បន្ត​វាយប្រហារ​លើ​អាមេរិក​ជាថ្មីទៀត​អំពី​ការទម្លាក់​គ្រាប់បែក​រាប់សែន​តោន​នៅ​កម្ពុជា​និង​ការ​មក​ទាម​ទារលុយ​ដែល​កម្ពុជា​បាន​ជំពាក់​ក្នុង​ទសរ​ត្ស​រ៍៧។ លើក​នេះ កាន់តែខ្លាំង​ជាង​មុខ​ទៅទៀត ដោយសារតែ​លោកនាយក​រដ្ឋមន្ត្រី​ខ្មែរ​មិនមែន​បរិហារ​អាមេរិក​ត្រឹមតែ​ករណី​កម្ពុជា​ប៉ុណ្ណោះ​ទេ គឺ​លោក​ថែមទាំង​បរិហារ​អាមេរិក​រឿង​ឈ្លានពាន​ប្រទេស​គេ​ផ្សេង​ដូចជា ស៊ី​រី អ៊ីរ៉ាក់ និង​លី​ប៊ី​ជាដើម ដែល​បង្ក​ឲ្យ​កុមារ​ជាច្រើន​នាក់​បាន​ស្លាប់។ លោក​ក៏បាន​ជំរុញ​ឲ្យ​ប្រទេស​ដទៃ​ហ៊ាន​និយាយ​ការពិត កុំ​ខ្លាច​ពួក​ចក្រពត្តិនិយម​តទៅទៀត។ និយាយ​ការពិត​ដូចជា​រូបលោក​នេះ​ផ្ទាល់​តែម្តង ដែល​លោក​បាន​គូសបញ្ជាក់ថា ធ្វើ​ឲ្យ​អាមេរិកាំង​ខ្លះ​មិន​ចូលចិត្ត​លោក​ទាល់តែសោះ។

សម្រាប់​ប្រទេស​កម្ពុជា​វិញ លោក​ហ៊ុន សែន បាន​រិះគន់​អាមេរិកខ្លាំងៗថា មក​សម្លាប់​គេ​ហើយ មក​ប្រដៅ​គេ​ថែមទៀត។ ជាមួយគ្នានេះ លោកនាយក​រដ្ឋមន្ត្រី​បាន​សង្កត់ធ្ងន់ថា អាមេរិក​បាន​យក​គ្រាប់បែក​មក​ទម្លាក់​លើ​ក្បាល​ខ្មែរ ហើយ​បែរជា​ត្រូវ​មក​ទារបំណុល​ថែមទៀត។ បើតាម​លោក​ប្រមុខ​រដ្ឋាភិបាល​ខ្មែរ អាមេរិក​ក៏បាន​ណែនាំ​ដល់​រូបិយប័ណ្ណ​អន្តរជាតិ​IMF កុំ​ឲ្យ​កម្ពុជា​ខ្ចីលុយ​ដោយសារតែ​បញ្ហា​បំណុល​ដែល​កម្ពុជា​ជំពាក់​អាមេរិក​នេះ។

ការរិះគន់​ជាថ្មី​របស់លោក​នាយករ​ដ្ឋ​មន្ត្រី​ហ៊ុន សែន​នេះ ធ្វើឡើង​ស្របពេល​ដែល​អាជ្ញាធរ​មីន​កម្ពុជា បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស​ឲ្យ​ចូលរួម​គាំទ្រ​និង​ទុកចិត្ត​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ទាមទារ​ឲ្យ​អាមេរិក​លុប​បំណុល​របស់ខ្លួន​ចេញពី​កម្ពុជា។ អាជ្ញាធរ​មីន​កម្ពុជា ក៏​ទាមទារ​ឲ្យ​អាមេរិក​ទទួលខុសត្រូវ​ចំពោះ​ទង្វើ​ទម្លាក់​គ្រាប់បែក​របស់ខ្លួន​ដែល​បានសម្លាប់​ប្រជាពលរដ្ឋ​អស់​ជាច្រើន​នាក់​ផងដែរ។ នៅថ្ងៃនេះ​ដែរ មជ្ឈមណ្ឌល​កំចាត់មីន​កម្ពុជា​ហៅ​កាត់​ថា ស៊ីម៉ាក់ ក៏បាន​រកឃើញ​គ្រាប់បែក​ប្រភេទMK82 ចំនួន៤គ្រាប់​នៅក្នុង​ខេត្តកណ្តាល ដែល​ស៊ីម៉ាក់​អះអាងថា ជា​គ្រាប់បែក​ដែល​ទម្លាក់​ដោយ​យន្តហោះ​អាមេរិក។

សូមបញ្ជាក់ថា កម្ពុជា​បាន​ខ្ចីលុយ​អាមេរិក​ចំនួន​ជិត៣០០លាន​ដុល្លារ​ចន្លោះ​ពី​ឆ្នាំ១៩៧០-១៩៧។ បើ​គិត​មកដល់​បច្ចុប្បន្ននេះ ទាំង​ការ ទាំង​ប្រាក់​ដើម បំណុល​នេះ​បានកើត​ឡើងដល់​ទៅ​ប្រមាណ​ជា៥០០លាន​ដុល្លារ​ហើយ។ កម្ពុជា​តែងតែ​ចង់​ឲ្យ​អាមេរិក​លុប​បំណុល​នេះ ឫ​បង្វែរ​ទៅជា​ជំនួយ​សប្បុរសធម៌​វិញ ព្រោះថា វា​ជា​បំណុល​ដែល​ដាប​ដោយ​ឈាម​ប្រជាពលរដ្ឋ​ខ្មែរ ដោយសារតែ​ការទម្លាក់​គ្រាប់បែក២លាន៥សែន​តោន​របស់​អាមេរិក​មក​លើ​ប្រទេស​កម្ពុជា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ