ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 19/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 19/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 19/10 12h00 GMT
កម្ពុជា

លោក​ហ៊ុន សែន​​ព្រមាន​​ប្រើ​​វិធានការ ​“កាំភ្លើង” ​និង​“គុក”​ចំពោះ​​អ្នក​​តវ៉ា​​លទ្ធផល​​បោះឆ្នោត​​ឆ្នាំ​ក្រោយ​

media  
លោកនាយករដ្ឋមន្រ្តីហ៊ុន សែន @Samdech Hun Sen, Cambodian Prime Minister

នៅក្នុង​ជំនួប​ជូន​ដំណើរ​កីឡាករ កីឡាការិនី​កម្ពុជា​ទៅ​ចូល​រូ​ម​ប្រកួត​កីឡា​ស៊ី​ហ្គេម​នៅ​ព្រឹក​នេះ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​ព្រមាន​ជាថ្មី​ថា នឹងមិន​ឲ្យ​មានការ​ធ្វើបាតុកម្ម​តវ៉ា​ចំពោះ​លទ្ធផល​បោះឆ្នោតជាតិ​នៅ​ឆ្នាំក្រោយ​នោះទេ។ លោក​ហ៊ុន សែន បាន​គូសបញ្ជាក់ថា នឹង​ប្រើប្រាស់​វិធាន​ការ​បង្ក្រាប​ដោយ​ប្រើប្រាស់ “កាំភ្លើង “និង “គុក” ចំពោះ​អ្នក​តវ៉ា​ដែល​ធ្វើ​ផ្តេសផ្តាស​ដូច​កាលពី​ឆ្នាំ២០១៣។ ​ការ​ព្រមាន​​ជា​ថ្មី​​ពី​ប្រមុខ​រដ្ឋាភិបាល​នេះ គឺ​បន្ទាប់ពី​មាន​ចុះ​ការផ្សាយ​ព័ត៌មាន​ជាច្រើន​ពី​វិធានការ​របស់លោក​រដ្ឋ​មន្ត្រី វង សូត ដែល​ព្រមាន​វាយ​អ្នក​តវ៉ា​នឹង​គល់​ឫ​ស្ស៊ី បើសិន​ធ្វើបាតុកម្ម​ប្រឆាំងនឹង​លទ្ធផល​បោះឆ្នោត។

វិធានការ​របស់លោក​នាយករដ្ឋមន្ត្រី បានបង្ហាញ​យ៉ាងច្បាស់​ហើយ គឺ​បង្ក្រាប​តាមរយៈ​ការប្រើប្រាស់​កងកម្លាំង​មាន​សមត្ថកិច្ច ប្រសិន​គណបក្សប្រឆាំង​ហ៊ាន​ចេញ​តវ៉ា​ប្រឆាំងនឹង​លទ្ធផល​បោះឆ្នោត​ដូចដែល​ខ្លួន​ធ្លាប់ធ្វើ​កាលពី​ឆ្នាំ២០១៣នោះ។ ក្រៅពី​វិធានការ​បង្ក្រាប លោក​ប្រមុខ​គណបក្សកាន់អំណាច​ក៏បាន​ព្រមាន​ពី​លទ្ធភាព​នៃ​ការកើតមាន​ការ​តវ៉ា​តប​​ទៅវិញ​​ផងដែរ​​ពី​សំណាក់​អ្នក​ដែល​ស្រឡាញ់​ល​គាំទ្ររូប​លោក​ព្រោះថា​ការតវ៉ា​ធ្វើបាតុកម្ម​គេ​មាន​សិទ្ធិ​ដូច​តែ​គ្នា។ វិធានការ​ទាំងនេះ លោក​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា មិនមែន​ចង់​សំដៅ​តែ​លើ​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នៅចុង​ខែក​ក្កដា ឆ្នាំ២០១៨ប៉ុណ្ណោះទេ តែ​លោក​ក៏​ចង់​សំដៅ​ដល់​ការបោះឆ្នោត​ព្រឹទ្ធសភា​ដែល​នឹង​ធ្វើឡើង​នៅ​ដើមឆ្នាំ២០១៨ខាងមុខនេះ​ផងដែរ។ បើតាម​លោក​ហ៊ុន សែន គណបក្ស​ណា​ដែល​ព្រហើន​បំពាន​ច្បាប់​នោះ​នឹងត្រូវ​រំលាយចោល​តែម្តង។

លោក​អេង ឆៃអ៊ាង អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ បាន​បញ្ជាក់ថា គណបក្សប្រឆាំង​មិន​ចាប់អារម្មណ៍​នឹង​សម្តី​ព្រមាន​របស់លោក​នាយករដ្ឋមន្ត្រី​នេះឡើយ ព្រោះថា​ការបោះឆ្នោត​មិនទាន់​មកដល់​ដែល​មិនទាន់​ដឹង​ខាង​ណា​ឈ្នះ ខាង​ចាញ់ ឫ​ខាង​ណាត​វ៉ា ខាង​ណា​មិន​តវ៉ា​ទេ។ តែ​ទោះយ៉ាងណា លោក​អេង ឆៃអ៊ាង គូសបញ្ជាក់ថា ប្រសិន​ការបោះឆ្នោត​ប្រព្រឹត្តទៅ​ល្អ​នោះ គឺ​គ្មាន​ការតវ៉ា​ណាមួយ​កើតឡើង​ឡើយ។

សូម​រំលឹកថា កាលពី​បោះឆ្នោត​ឆ្នាំ២០១៣ គណបក្ស​សង្គ្រោះ​ជាតិ​បាន​កេណ្ឌ​អ្នកគាំទ្រ​ជាច្រើន​ម៉ឺន​នាក់មក​ធ្វើបាតុកម្ម​នៅ​ភ្នំពេញ ដើម្បី​តវ៉ា​នឹង​លទ្ធផល​បោះឆ្នោត​ដែល​ជោគជ័យ​បាន​ទៅលើ​គណបក្ស​ប្រជាជន​កម្ពុជា។ កាលណោះ ក៏មាន​ស្រែក​ទាមទា​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ចុះ​ចេញពី​តំណែង​ទៀតផង។ បាតុកម្ម​ដែល​ដឹកនាំ​ដោយ​លោក​សម រង្ស៊ី និង​លោក​កឹម សុខា នាពេលនោះ បានបញ្ចប់​ទៅវិញ​ដោយ​កិច្ចព្រមព្រៀង​នយោបាយ​រវាង​គណបក្ស​ទាំងពីរ​ក្នុង​ឆ្នាំ២០១៤ និង​ការចែក​អំណាច​គ្នា​នៅក្នុង​រដ្ឋសភា។ សម្រាប់​ការបោះឆ្នោត​នៅ​ឆ្នាំ២០១៨វិញ គណបក្សធំៗទាំងពីរ​សុទ្ធ​អួត​ពី​ជ័យ​ជំ​នៈរៀងៗខ្លួន​រួចទៅហើយ។ ប៉ុន្តែ​ជា​ញឹកញាប់ គេ​កត់​សម្គាល់​គណបក្ស​កាន់​អំណាច​​តែងតែ​​ព្រមាន​​ពី​​លទ្ធភាព​​នៃ​ការកើតមាន​សង្គ្រាម​នៅក្រោយ​ការបោះឆ្នោត ប្រសិនបើ​ខ្លួន​មិនបាន​គ្រប់គ្រង​ប្រទេស​ទៀត​នោះ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ