អានតួអត្ថបទ
នាទី​យល់ដឹង​អំពី​ច្បាប់ និង​ជំនួញ

នីតិវិធី​ក្នុង​ការ​សុំ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​នាទីយល់ដឹង​អំពីច្បាប់ នៅថ្ងៃ​ព្រហស្បតិ៍នេះ សេង ឌីណា នឹង​ពន្យល់​​អំពី​នីតិវិធី​នៃ​ការ​សុំ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិខ្មែរ ដោយ​មាន​អន្តរាគមន៍​ពីសំណាក់​មន្រ្តី​ការិយាល័យ​អត្តសញ្ញាណប័ណ្ណ​ ក្រុងភ្នំពេញ។

ផ្សាយពាណិជ្ជកម្ម

អត្តសញ្ញាណប័ណ្ណ គឺ​ជា​លិខិត​សម្គាល់ថា​ជាពលរដ្ឋ​ខ្មែរ ហើយ​មានប្រយោជន៍ សម្រាប់ការ​ប្រើប្រាស់ ក្នុងការ​បំពេញ​បែបបទ​ផ្សេងៗ​ទៅតាម​ការ​កំណត់​នៃ​ច្បាប់ ដូចជា៖ ចុះឈ្មោះ​បោះឆ្នោត ឈរឈ្មោះបោះឆ្នោត សុំរៀបអាពាហ៍ពិពាហ៍ សុំធ្វើ​សំបុត្រ​កំណើតកូន សុំធ្វើការងារ សុំប្រកបអាជីវកម្ម សុំធ្វើ​លិខិតឆ្លងដែន សុំធ្វើ​ម្ចាស់កម្មសិទ្ធិលើ​អចលនទ្រព្យ ។ល។ និង ។ល។

យោង​តាមប្រកាស​របស់​ក្រសួងមហាផ្ទៃ ចុះខែ​កក្កដា ២០០៧ ប្រជាពលរដ្ឋ​ដែល​អាច​ធ្វើ​អត្តសញ្ញាណប័ណ្ណបាន ត្រូវមាន​អាយុ​ ចាប់​ពី​១៥​​ឆ្នាំ​ឡើងទៅ ហើយ​​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិខ្មែរ​មាន​សុពលភាព​រយៈពេល ១០ឆ្នាំ។ នៅពេល​ផុតសុពលភាព សាម៉ីខ្លួន​ត្រូវ​ស្នើសុំ​ធ្វើ​សាជាថ្មីឡើងវិញ។

ប្រកាស​របស់​ក្រសួង​មហាផ្ទៃ បាន​សម្រេច​បង្កើត​នីតិវិធី​ពិសេស​មួយ​ ក្នុង​ការ​រៀបចំ​ចេញ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ដល់​ប្រជាពលរដ្ឋ​ទូទៅ នៅ​ទូទាំង​ប្រទេស។ ​ការ​ចេញ​អត្តសញ្ញាណប័ណ្ណ​​តាម​នីតិវិធី​ពិសេស​នេះ គឺ​ធ្វើ​ឡើង​តាម​គំនិត​ផ្តួចផ្តើម​​របស់​​​មន្រ្តី​មាន​សមត្ថកិច្ច ហើយ​ធ្វើ​ឡើង​ដល់​ប្រជាពលរដ្ឋ​​ជាក្រុមៗ តាមរយៈ​ស្ថានីយ៍​ចល័ត នៅ​តាម​ឃុំ-សង្កាត់​នីមួយៗ។

នៅ​ក្នុង​នីតិវិធី​បែបនេះ ប្រជាពលរដ្ឋ​មិនចាំបាច់​ដាក់ពាក្យសុំ​ទៅ​អាជ្ញាធរ​នោះទេ។ គឺ​ខាង​អាជ្ញាធរ​ទៅវិញ​ទេ ដែល​ជា​អ្នក​ចេញ​លិខិត​អញ្ជើញ​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​កាន់ស្ថានីយ៍​ចល័ត ដើម្បី​រៀបចំ​សំណុំបែបបទ​ធ្វើ​អត្តសញ្ញាណប័ណ្ណ។

ប្រជាពលរដ្ឋ​ដែលមានឈ្មោះ​ត្រូវ​ទៅធ្វើ​អត្តសញ្ញាណប័ណ្ណ ត្រូវ​ទៅ​កាន់​​កន្លែង​ធ្វើ ​ដោយ​ផ្ទាល់​ខ្លួន ដើម្បី​បំពេញ​សំណុំបែបបទ ថត​រូប និង​ផ្តិត​ស្នាម​ក្រយ៉ៅដៃ ហើយ​ត្រូវ​នាំ​ទៅជាមួយ​នូវ​ឯកសារ​សំខាន់ៗ​មួយចំនួន ដែល​បញ្ជាក់​អំពី​សញ្ជាតិខ្មែរ។ ឯកសារ​ទាំងនោះ​រួមមាន៖ សំបុត្រកំណើត និង​សៀវភៅ​ស្នាក់នៅ​ (ក២) ឬ​សៀវភៅ​គ្រួសារ (ក៤)។
ក្នុង​​​ករណីពិសេស​ខ្លះ សាម៉ី​អ្នក​សុំ​​អាច​ផ្តល់​នូវ​ឯកសារ​ផ្សេង​ ដើម្បី​បញ្ជាក់ពី​សញ្ជាតិ​ខ្មែរ ដូចជា៖
 

  • សេចក្តីសម្រេច​ទទួលស្គាល់​តាមផ្លូវច្បាប់​នៃ​ការ​ធ្វើ​សញ្ជាតូបនីយកម្ម ឬ​​ការទាមទារ​សញ្ជាតិ សម្រាប់​ជនបរទេស ដែល​បាន​ចូល​សញ្ជាតិខ្មែរ​។
  • សាលក្រម​តុលាការ ឬ​ឯកសារ​ផ្លូវការផ្សេងទៀត ដែល​អាច​បញ្ជាក់ថា សាម៉ីជន​ពិតជា​កើត​ពី​ឱពុក ឬ​ម្តាយ​ដែល​មាន​សញ្ជាតិខ្មែរ​មែន ជាពិសេស សម្រាប់​អ្នក​ដែល​កើ​ត​នៅបរទេស ប៉ុន្តែ មាន​ឱពុក ឬម្តាយ​ ​ជាសញ្ជាតិខ្មែរ។

យោង​តាម​ប្រកាស​របស់​ក្រសួងមហាផ្ទៃ អភិបាល​ខេត្ត-ក្រុង​មានភារកិច្ច​ទទួលខុសត្រូវ​លើ​ដំណើរការ​ផលិត​អត្តសញ្ញាណប័ណ្ណ​ឲ្យបាន​ទាន់ពេលវេលា ក្នុង​រយៈពេល ៣០ថ្ងៃ គិត​​ចាប់​ពីថ្ងៃ​បំពេញបែបបទ រហូតដល់​ថ្ងៃ​ចែកជូនប្រជាពលរដ្ឋ​ប្រើប្រាស់។

រហូតមកទល់ពេលនេះ ការធ្វើ​អត្តសញ្ញាណប័ណ្ណ​ជាក្រុម នៅតែបន្តធ្វើ​វិលជុំ ពីឃុំ-សង្កាត់មួយ ទៅ​ឃុំ-សង្កាត់មួយ ហើយ​ធ្វើ​ឡើង​ដោយ​ឥតគិតថ្លៃ។ ប្រសិនបើ​ការធ្វើ​អត្តសញ្ញាណប័ណ្ណ​ជាក្រុម ត្រូវ​បាន​គេ​ធ្វើ​ហួស​ទៅ​សង្កាត់​ផ្សេង​​​ទៅហើយ អ្នក​ដែល​ចង់​​បាន​អត្តសញ្ញាណប័ណ្ណ​អាច​ធ្វើការ​ស្នើសុំ​ដាច់ដោយឡែក​តែឯងបាន។

គួរបញ្ជាក់បន្ថែម​ថា ដើម្បី​សុំ​អត្តសញ្ញាណប័ណ្ណ​បាន គេ​ត្រូវមាន​សំបុត្រ​កំណើត​ជាមុន។ ដូច្នេះ សម្រាប់​អ្នក​ដែល​កើត​មុន​ពេល ឬ​ក្នុង​ពេល​ស្រុក​មាន​សង្រ្គាម ហើយ​មិន​បាន​ចុះសំបុត្រ​កំណើត​ ឬ​ក៏​បាន​ចុះ​ដែរ​ ក៏ប៉ុន្តែ សំបុត្រ​កំណើត​ត្រូវបាត់បង់​អស់ អ្នក​ទាំងនោះ​ត្រូវ​ទៅ​សុំ​សំបុត្រ​បញ្ជាក់​កំណើត​ជាមុនសិន មុននឹង​ទៅសុំ​ធ្វើ​អត្តសញ្ញាណប័ណ្ណ។

ការ​សុំ​សំបុត្រ​បញ្ជាក់​​កំណើត​​ត្រូវ​ធ្វើ​​នៅ​សាលាឃុំ-សង្កាត់ ដែល​​សាម៉ី​អ្នកសុំ​​មាន​ទីលំនៅ​ជាប់លាប់បច្ចុប្បន្ន។ អ្នកសុំ​​ត្រូវមាន​សាក្សី​​ចំនួន ២នាក់ ដែល​ជា​នីតិជន ហើយ​ដែល​បាន​ស្គាល់​ច្បាស់​ពី​ប្រវត្តិ​របស់​អ្នកសុំ និង​ធ្លាប់​រស់​នៅ​ក្នុង​ភូមិ ឃុំ ឬ​សង្កាត់​ជាមួយ​ ពីពេល​ដែល​សាម៉ីខ្លួន​កើត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ