អានតួអត្ថបទ
កម្ពុជា

របាយការណ៍​​ILO៖កម្ពុជា​​យឺត​យ៉ាវ​​ជាង​​ប្រទេស​​ផ្សេង​ទៀត​​ស្តី​ពី​​កិច្ច​​គាំពារ​​សង្គម​

អង្គការ​អន្តរជាតិ​ខាង​ការងារ( ILO) បង្ហាញថា វិសាលភាព​នៃ​កិច្ច​គាំពារ​សង្គម​មានកា​រ​កើនឡើង​នៅ​ទូទាំងប្រទេស​អាស៊ី ក្នុង​ទស្សវត្សរ៍​ចុងក្រោយ​នេះ ប៉ុន្តែ​កម្ពុជា​នៅ​យឺតយ៉ាវ​ជាង​ប្រទេសផ្សេងៗទៀត។ ការបញ្ជាក់​ដូច្នេះ បាន​ធ្វើឡើង​ខណៈដែល​អ​ង្គ​ការ​អន្តរជាតិ​ខាង​ការងារ​មួយ​នេះ ចេញផ្សាយ​របាយការណ៍​ស្តីពី​កិច្ច​គាំពារ​សង្គម​របស់​ខ្លួន នៅ​ថ្ងៃទី២៩ខែវិច្ឆិកា​នេះ នៅក្នុង​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក។

របាយការណ៍​​ILO៖កម្ពុជា​​យឺត​យ៉ាវ​​ជាង​​ប្រទេស​​ផ្សេង​ទៀត​​ស្តី​ពី​​កិច្ច​​គាំពារ​​សង្គម​
របាយការណ៍​​ILO៖កម្ពុជា​​យឺត​យ៉ាវ​​ជាង​​ប្រទេស​​ផ្សេង​ទៀត​​ស្តី​ពី​​កិច្ច​​គាំពារ​​សង្គម​ សហការី
ផ្សាយពាណិជ្ជកម្ម

បើទោះបីជា​មានការ​ពង្រីក​វិសាលភាព​កិច្ច​គាំពារ​សង្គម​គួរ​ឲ្យ​កត់សម្គាល់​យ៉ាងណាក៏ដោយ មាន​ប្រជាជន​ក្នុង​ពិភពលោក​ត្រឹម២៩ភាគរយ​ប៉ុណ្ណោះ ដែល​ទទួលបាន​កិច្ច​គាំពារ​សង្គម​ពេញលេញ។ ទាំងនេះ​ធ្វើ​ឲ្យ​ប្រជាជន​ក្នុង​ពិភពលោក​រួមទាំង​ពលរដ្ឋ​កម្ពុជា​ជាច្រើន​នាក់ ត្រូវ​រងគ្រោះ​ដោយសារ​ភាពក្រីក្រ វិសមភាព និង​ការ​ផាត់​ចេញពី​សង្គម ដែលជា​ឧបសគ្គ​ដ៏​ធំ​មួយ រារាំង​ដល់​ការអភិវឌ្ឍ សេដ្ឋកិច្ច និង​សង្គម។ នេះ​បើតាម​របាយការណ៍​អង្គការ ILO។

របាយការណ៍​ថ្មី​របស់​ILO កត់សម្គាល់ថា ដោយសារតែ​ការប្រើប្រាស់​គំរូ​នៃ​ការអភិវឌ្ឍ ដែល​ផ្តល់​អាទិភាព​លើ​កំណើនសេដ្ឋកិច្ច ជាជាង​គោលនយោបាយ​បែងចែក​ភាគ​ផល​ដែល​បានមកពី​កំណើនសេដ្ឋកិច្ច កន្លងមក ប្រទេស​កម្ពុជា​មានលទ្ធភាព​សារពើពន្ធ​ទាប សម្រាប់​រ៉ាប់រង​លើ​ចំណាយ​សង្គម ជាហេតុ​នាំ​ឲ្យ​វិសាលភាព​នៃ​កិច្ច​គាំពារ​សង្គម​នេះ​នៅមានកំរិត​នៅឡើយ។

បច្ចុប្បន្ន ប្រទេស​កម្ពុជា​ត្រូវគេ​ដឹងថា បាន​ចំណាយ​ថវិកា​តិចជាង១ភាគរយ នៃ​ផលិតផល​ក្នុងស្រុក​សរុប(ផសស) លើ​កិច្ច​គាំពារ​សង្គម បើ​ធៀប​នឹង​តួលេខ​មធ្យម​ជិត១០ភាគរយ ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។ ទោះយ៉ាងណា តាមរយៈ​របាយការណ៍ អង្គការ ILO ក៏បាន​លើក​មក​និយាយ​ពី ចំណុច​វិជ្ជមាន​មួយចំនួន​ដែលជា​ការប្រឹងប្រែង​រប​ស់​រដ្ឋាភិបាល​ដូចជា ការបង្កើត​ឲ្យ​មាន​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម ដែល​បង្កើតឡើង​កាលពី១ទស្សវត្សរ៍​មុន។

ការផ្តល់​ឲ្យ​ដល់ក​ម្មករ និ​យោ​ជិ​ក ជិត១លាន​នាក់​នូវ​របប​ថែទាំ​សុខភាព ហើយ​មន្ត្រីរាជការ នឹង​ទទួលបាន​អត្ថប្រយោជន៍​ស្រដៀង​គ្នា​នេះដែរ ចាប់ពី​ឆ្នាំ២០១៨ទៅ។ រដ្ឋាភិបាល​ក៏​គ្រោង​នឹង​ពង្រីក​មូលនិធិ​សមធម៌​សុខាភិបាល ដែល​ផ្តល់​សេវា​ដោយ​មិន​គិតថ្លៃ ដល់​អ្នក​ពុំមាន​លទ្ធភាព​បង់​វិភាគទាន។

ជាមួយគ្នានេះ ILO ក៏បាន​លើកឡើង​ពី​ប្រសាសន៍​របស់លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ដែល​បាន​ថ្លែង​កាលពី​ថ្ងៃទី២៤កក្កដា កន្លងទៅ ដែលថា​ការរៀបចំ​ប្រព័ន្ធ​គាំពារ​សង្គម គឺជា​ការចាំបាច់​បំផុត ដើម្បី​ធានា​នូវ​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​បរិ​យា​ប័ន្ន​និង​សមធម៌។ លោក ជាវ ប៊ុន​រិ​ទ្ធ អ្នកនាំពាក្យ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម ថ្លែងថា កម្ពុជា​ជា​ប្រទេស​កំពុង​អភិវឌ្ឍ ដូច្នេះ​ការធ្វើ​បាន​ប៉ុណ្ណេះ លោក​ចាត់ទុកថា​វិស័យ​គាំពារ​សង្គម​របស់​កម្ពុ​ជា​គឺ​មិនយឺត​យ៉ាវ​ទេ។

ទោះជា​មានការ​រីកចំរើន​ជា​វិជ្ជមាន​ជាច្រើន​ក៏ដោយ របាយការណ៍​អង្គការ ILO បញ្ជាក់ថា​នៅមាន​កម្មករ​និ​យោ​ជិ​ក​កម្ពុ​ជាជាង៥០ភាគរយ ដែល​បន្តធ្វើ​ការងារ​ក្នុង​វិស័យ​ក្រៅ​ប្រព័ន្ធ​និង​ពុំ​បានទទួល​ការធានារ៉ាប់រង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ