របាយការណ៍ILO៖កម្ពុជាយឺតយ៉ាវជាងប្រទេសផ្សេងទៀតស្តីពីកិច្ចគាំពារសង្គម
អង្គការអន្តរជាតិខាងការងារ( ILO) បង្ហាញថា វិសាលភាពនៃកិច្ចគាំពារសង្គមមានការកើនឡើងនៅទូទាំងប្រទេសអាស៊ី ក្នុងទស្សវត្សរ៍ចុងក្រោយនេះ ប៉ុន្តែកម្ពុជានៅយឺតយ៉ាវជាងប្រទេសផ្សេងៗទៀត។ ការបញ្ជាក់ដូច្នេះ បានធ្វើឡើងខណៈដែលអង្គការអន្តរជាតិខាងការងារមួយនេះ ចេញផ្សាយរបាយការណ៍ស្តីពីកិច្ចគាំពារសង្គមរបស់ខ្លួន នៅថ្ងៃទី២៩ខែវិច្ឆិកានេះ នៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:២២
បើទោះបីជាមានការពង្រីកវិសាលភាពកិច្ចគាំពារសង្គមគួរឲ្យកត់សម្គាល់យ៉ាងណាក៏ដោយ មានប្រជាជនក្នុងពិភពលោកត្រឹម២៩ភាគរយប៉ុណ្ណោះ ដែលទទួលបានកិច្ចគាំពារសង្គមពេញលេញ។ ទាំងនេះធ្វើឲ្យប្រជាជនក្នុងពិភពលោករួមទាំងពលរដ្ឋកម្ពុជាជាច្រើននាក់ ត្រូវរងគ្រោះដោយសារភាពក្រីក្រ វិសមភាព និងការផាត់ចេញពីសង្គម ដែលជាឧបសគ្គដ៏ធំមួយ រារាំងដល់ការអភិវឌ្ឍ សេដ្ឋកិច្ច និងសង្គម។ នេះបើតាមរបាយការណ៍អង្គការ ILO។
របាយការណ៍ថ្មីរបស់ILO កត់សម្គាល់ថា ដោយសារតែការប្រើប្រាស់គំរូនៃការអភិវឌ្ឍ ដែលផ្តល់អាទិភាពលើកំណើនសេដ្ឋកិច្ច ជាជាងគោលនយោបាយបែងចែកភាគផលដែលបានមកពីកំណើនសេដ្ឋកិច្ច កន្លងមក ប្រទេសកម្ពុជាមានលទ្ធភាពសារពើពន្ធទាប សម្រាប់រ៉ាប់រងលើចំណាយសង្គម ជាហេតុនាំឲ្យវិសាលភាពនៃកិច្ចគាំពារសង្គមនេះនៅមានកំរិតនៅឡើយ។
បច្ចុប្បន្ន ប្រទេសកម្ពុជាត្រូវគេដឹងថា បានចំណាយថវិកាតិចជាង១ភាគរយ នៃផលិតផលក្នុងស្រុកសរុប(ផសស) លើកិច្ចគាំពារសង្គម បើធៀបនឹងតួលេខមធ្យមជិត១០ភាគរយ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ទោះយ៉ាងណា តាមរយៈរបាយការណ៍ អង្គការ ILO ក៏បានលើកមកនិយាយពី ចំណុចវិជ្ជមានមួយចំនួនដែលជាការប្រឹងប្រែងរបស់រដ្ឋាភិបាលដូចជា ការបង្កើតឲ្យមានបេឡាជាតិរបបសន្តិសុខសង្គម ដែលបង្កើតឡើងកាលពី១ទស្សវត្សរ៍មុន។
ការផ្តល់ឲ្យដល់កម្មករ និយោជិក ជិត១លាននាក់នូវរបបថែទាំសុខភាព ហើយមន្ត្រីរាជការ នឹងទទួលបានអត្ថប្រយោជន៍ស្រដៀងគ្នានេះដែរ ចាប់ពីឆ្នាំ២០១៨ទៅ។ រដ្ឋាភិបាលក៏គ្រោងនឹងពង្រីកមូលនិធិសមធម៌សុខាភិបាល ដែលផ្តល់សេវាដោយមិនគិតថ្លៃ ដល់អ្នកពុំមានលទ្ធភាពបង់វិភាគទាន។
ជាមួយគ្នានេះ ILO ក៏បានលើកឡើងពីប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលបានថ្លែងកាលពីថ្ងៃទី២៤កក្កដា កន្លងទៅ ដែលថាការរៀបចំប្រព័ន្ធគាំពារសង្គម គឺជាការចាំបាច់បំផុត ដើម្បីធានានូវកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ននិងសមធម៌។ លោក ជាវ ប៊ុនរិទ្ធ អ្នកនាំពាក្យបេឡាជាតិរបបសន្តិសុខសង្គម ថ្លែងថា កម្ពុជាជាប្រទេសកំពុងអភិវឌ្ឍ ដូច្នេះការធ្វើបានប៉ុណ្ណេះ លោកចាត់ទុកថាវិស័យគាំពារសង្គមរបស់កម្ពុជាគឺមិនយឺតយ៉ាវទេ។
ទោះជាមានការរីកចំរើនជាវិជ្ជមានជាច្រើនក៏ដោយ របាយការណ៍អង្គការ ILO បញ្ជាក់ថានៅមានកម្មករនិយោជិកកម្ពុជាជាង៥០ភាគរយ ដែលបន្តធ្វើការងារក្នុងវិស័យក្រៅប្រព័ន្ធនិងពុំបានទទួលការធានារ៉ាប់រង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ