អានតួអត្ថបទ
កម្ពុជា-ចិន

ប្រមុខ​ការទូត​កម្ពុជា​និង​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​អាស៊ាន ព្រួយ​បារម្ភ​ពី​បញ្ហា​អសន្តិសុខ​ក្នុង​តំបន់

ប្រមុខ​ការទូត​កម្ពុជា លោក ប្រាក់ សុខុន និង ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​អាស៊ាន លោក Xu Bu បាន​សម្ដែង​ការ​បារម្ភ​ស្រប​គ្នា​អំពី​បញ្ហា​សន្តិសុខ​នៅ​ក្នុង​តំបន់ ពិសេស​អំពើ​ភេរកម្ម​ពី​សំណាក់​ក្រុម​ឥស្លាម​ជ្រុល​និយម​។ ភាគី​ទាំង​ពីរ​ក៏​បាន​លើក​ឡើង​ដែរ អំពី​កិច្ច​សហប្រតិបត្តិការ​រវាង​កម្ពុជា​និង​ចិន ដែល​មាន​ទំនាក់ទំនង​កាន់​តែ​ស្អិត​ល្មួត​ឡើង​។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក កាន់ ផារិទ្ធ អនុរដ្ឋលេខាធិការ​ក្រសួង​ការបរទេស​កម្ពុជា នៅ​ថ្ងៃ​សុក្រ​ ទី​២៤​មីនា​ម្សិលមិញ​​។

ជំនួប​រវាង​លោក ប្រាក់ សុខុន រដ្ឋមន្ដ្រី​ក្រសួង​ការបរទេស​កម្ពុជា និង​លោក Xu Bu ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​អាស៊ាន ថ្ងៃ​ទី​២៤​មីនា​២០១៧ នៅ​ទីស្ដីការ​ក្រសួង​ការបរទេស​កម្ពុជា។
ជំនួប​រវាង​លោក ប្រាក់ សុខុន រដ្ឋមន្ដ្រី​ក្រសួង​ការបរទេស​កម្ពុជា និង​លោក Xu Bu ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​អាស៊ាន ថ្ងៃ​ទី​២៤​មីនា​២០១៧ នៅ​ទីស្ដីការ​ក្រសួង​ការបរទេស​កម្ពុជា។
ផ្សាយពាណិជ្ជកម្ម

បើ​តាម​លោក កាន់ ផារិទ្ធ អនុ​រដ្ឋលេខាធិការ​នៃ​ក្រសួង​ការបរទេស ទទួល​បន្ទុក​កិច្ច​ការ​អាស៊ាន​ ប្រមុខ​ការទូត​កម្ពុជា​និង​ភាគី​ចិន ​បាន​ពិភាក្សា​ផ្លាស់​ប្ដូរ​យោបល់គ្នា​ ​អំពី​ទំនាក់​ទំនង​ទ្វេ​ភាគី កម្ពុជា​និង​ចិន​។ ក្នុង​នោះ ភាគី​ទាំង​ពីរ​បាន​លើក​ឡើង​អំពី​ទំនាក់​ទំនង​កាន់​តែ​ល្អ​ប្រសើរ​រវាង​ប្រទេស​ទាំង​ពីរ តាម​រយៈ​ការ​ផ្លាស់​ប្ដូរ​ទស្សនកិច្ច​ទៅ​វិញ​ទៅ​មក​របស់​មេដឹក​នាំ​នៃ​ប្រទេស​ទាំង​ពីរ​នា​ពេល​កន្លង​មក​។

ក្រៅ​ពី​នោះ ​​ប្រមុខ​ការទូត​កម្ពុជា និង លោក Xu Bu ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​អាស៊ាន​ ក៏​បាន​លើក​ឡើង​ផង​ដែរ​អំពី ការ​ប្រឈម​ក្នុង​តំបន់ បញ្ហា​ភេរវកម្ម និង​បញ្ហា​ក្រុម​អ៊ីស្លាម​ជ្រុល​និយម​។ បើ​តាម​លោក កាន់ ផារិទ្ធ ភាគី​ទាំង​ពីរ​បាន​បង្ហាញ​ពី​ក្ដី​បារម្ភ​ស្រប​គ្នា​ថា អំពើ​ភេរវកម្ម​ដោយ​ក្រុម​អ៊ីស្លាម​ជ្រុល​និយម គឺ​ជា​ការ​បង្ក​អសន្តិសុខ​នៅ​ក្នុង​តំបន់  ដែល​ទាមទារ​ឲ្យ​ប្រទេស​ជាសមាជិក​អាស៊ាន​និង​សកលលោក​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​បន្ថែមទៀត​។

ជា​ការ​កត់​សម្គាល់ បញ្ហា​ក្រុម​​អ៊ីស្លាម​ជ្រុល​និយម​មិន​មែន​ជា​ក្ដី​បារម្ភ​របស់​កម្ពុជា និង ចិន​ប៉ុណ្ណោះ​ទេ​។ កាល​ពី​ចុង​ខែ​កុម្ភៈ អង្គការ​សហប្រជាជាតិ​ក៏​បាន​បង្ហាញ​ពី​ការ​ព្រួយ​បារម្ភ​ស្រដៀង​គ្នា​នេះ​ដែរសម្រាប់​តំបន់​អាស៊ាន ខណៈ​ក្រុម​ប្រទេស​នៅ​តំបន់​នេះ មិន​ទាន់​មាន​ផែនការ​យុទ្ធសាស្ត្រ​ជាក់​លាក់​ដើម្បី​ប្រឆាំង​នឹង​ក្រុម​ឧទ្ទាម​អ៊ីស្លាម​ជ្រុល​និយម​នៅឡើយ​។ ការិយាល័យ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​គ្រឿងញៀន​និង​ឧក្រិដ្ឋកម្ម​ប្រចាំ​តំបន់​អាស៊ី ​បាន​ជំរុញ​ឲ្យ​អាស៊ាន​ដាក់​ចេញ​នូវ​ផែនការ​យុទ្ធសាស្ត្រ​ក្នុង​តំបន់ ដើម្បី​បង្ការ ក៏​ដូច​ជា​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ បង្ក​អសន្តិសុខ​ពី​សំណាក់​ក្រុម​អ៊ីស្លាម​ជ្រុល​​និយម​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ